32.5 C
Phnom Penh

អ្នកឃ្លាំមើលនិយាយថា កម្ពុជានឹងសម្របសម្រួលទទួលយកលក្ខខណ្ឌអាមេរិក ជាថ្នូរនឹងជំនួយជិត១០០លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្ឃឹមថា ដើម្បីស្តារទំនាក់ទំនងកម្ពុជា-អាមេរិក ហើយបញ្ចៀសផលវិបាកទៅថ្ងៃមុខបន្ថែមទៀត រដ្ឋាភិបាលកម្ពុជានឹងអាចសម្របសម្រួលទទួលយកលក្ខខណ្ឌរបស់អាមេរិក ជាថ្នូរនឹងការទទួលបានកញ្ចប់ថវិកា ជិត១រយលានដុល្លារ សម្រាប់ឆ្នាំ២០២១។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ជំនួយរបស់អាមេរិកជិត១០០លានដុល្លារនេះ រដ្ឋាភិបាលលោកហ៊ុន សែន នឹងធ្វើការសម្របសម្រួលទទួលយកលក្ខខណ្ឌមួយចំនួនរបស់អាមេរិក។

លោកបន្តថា ជំនួយរបស់អាមេរិកនេះ គឺមានសារសំខាន់ណាស់ ដែលរដ្ឋាភិបាលគប្បីទទួលយក ដោយឈរនៅលើគោលការណ៍ផលប្រយោជន៍ជាតិជាសំខាន់ មិនត្រូវផ្អៀងទៅរកចិនពេក ពោលគឺឈរនៅលើទំនាក់ទំនងជាកណ្តាលប្រទេសមហាអំណាច ហើយទាញយកផលប្រយោជន៍ពីប្រទេសមហាអំណាចទាំងសងខាង។

លោកបន្តថា ជាផលប្រយោន៍កម្ពុជាទៅវិញទេ នៅពេលកម្ពុជាទទួលយកលក្ខខណ្ឌរបស់អាមេរិកជាថ្នូរនឹងជំនួយ ព្រោះក៏ជាមុខមាត់កម្ពុជាក្នុងការបង្ហាញពីឆន្ទះស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ គោរសិទ្ធិមនុស្សពិតប្រាកដផងដែរ។

ការអះអាងរបស់លោក ម៉ែន ណាត  ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសំណើរបស់រដ្ឋសភា និងព្រឹទ្ធសភា អនុម័តលើកញ្ចប់ថវិកាជាតិជាង២ទ្រីលានដុល្លារសំរាប់ឆ្នាំ២០២១។ ក្នុងចំណោមកញ្ចប់ថវិកាជាតិ ទាំងនេះ អាមេរិក ក៏បានសម្រេចផ្តល់មកឱ្យកម្ពុជាជាង៨៥លានដុល្លារ ប៉ុន្តែភ្ជាប់នឹងលក្ខខណ្ឌមួយចំនួន។ 

លក្ខខណ្ឌទាំងនោះ អាចជាការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង និងការចូលរួមអនុវត្តទណ្ឌកម្មអន្តរជាតិលើប្រទេសកូរ៉េខាងជើង។  

បន្ថែមពីនេះ ប្រកាសអធិបតេយ្យភាពរបស់ខ្លួនតទល់នឹងការជ្រៀតជ្រែករបស់សាធារណៈប្រជាមានិតុចិន ដោយរួមបញ្ចូលទាំងការផ្តល់នូវការរក្សាដែលអាចផ្អៀងផ្ទាត់បាននូវអព្យាក្រឹត្យភាពនៃមូលដ្ឋានយោធាសមុទ្ររាម ក្នុងគម្រោងអភិវឌ្ឍន៍តារាសាគរ នៅខេត្តកោះកុង។

លក្ខខណ្ឌមួយទៀត រដ្ឋាភិបាលកម្ពុជាត្រូវបញ្ឈប់នូវរាល់អំពើហិង្សា និងការបៀតបៀន ឬយាយី លើសង្គមស៊ីវិល និងក្រុមប្រឆាំងផ្នែកនយោបាយនៅកម្ពុជា។ លើសពីនេះ ត្រូវទម្លាក់ចោលនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌដែលមានចរិកនយោបាយប្រឆាំងនិងក្រុមទាំងឡាយណាដែលហ៊ានរិះគន់រដ្ឋាភិបាល។ ក្នុងលក្ខខណ្ឌនេះ ទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស សេរីភាព និងករណីកិច្ច ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។ 

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី យល់ឃើញថាការផ្តល់ជំនួយដោយភ្ជាប់លក្ខខណ្ឌរបៀបនេះ រដ្ឋាភិបាលមិនគួរទទួលយកទេ ប៉ុន្តែរដ្ឋាភិបាលខ្លួនឯងត្រូវពិនិត្យមើលថាតើការភ្ជាប់លក្ខខណ្ឌរបស់អាមេរិកពិតជាត្រឹមត្រូវដែរឬទេ។

លោកបន្តថា ប្រសិនបើករណីពិតជាមានការជ្រៀតជ្រែកឬ រំលោភអធិបតេយ្យភាពកម្ពុជាពីបរទេសពិតមែន មិនបាច់ឱ្យអាមេរិកយកថវិកាជិត១០០លានមកឱ្យកម្ពុជា ដើម្បីភ្ជាប់លក្ខខណ្ឌរបស់គេនោះឡើយ ដោយសារវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជារួចទៅហើយ។

លោកបន្ថែមថា ប្រសិនបើកម្ពុជាមិនមានការប្រយ័ត្នប្រយែងផ្នែកការទូតក្នុងល្បែងនយោបាយភូមិសាស្ត្រតំបន់ទេ កម្ពុជានឹងមានបញ្ហាធំនៅពេលខាងមុខ ដោយប្រទេសមហាអំណាចនឹងយកកម្ពុជាជាទីលានប្រកួតប្រជែងនយោបាយ ឬឥទ្ធិពលមនោគមន៍វិជ្ជារបស់ពួកគេជាថ្មីទៀត ហើយកម្ពុជានឹងមានវាសនាអាក្រក់ដូចអតីតកាលមិនខានឡើយ។

ទោះជាយ៉ាងណាក៏ដោយ កន្លងមក លោក ហ៊ុន សែន តែងប្រកាសពីជំហររបស់ខ្លួនថា កម្ពុជានឹងមិនអោនក្បាលចំពោះប្រទេសណាមួយដើម្បីជាថ្នូរនឹងជំនួយ ឬ លក្ខខណ្ឌអនុគ្រោះណាមួយនោះឡើយ។

បន្ថែមពីនេះសារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាដើម្បីសុំការបំភ្លឺជុំវិញ ជំនួយរបស់អាមេរិកដែលភ្ជាប់ដោយលក្ខខណ្ឌមួយចំនួនសំរាប់កម្ពុជា នេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស