30.4 C
Phnom Penh

កម្ពុជាបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរនៅថៃ ខណៈប្រទេសនេះកំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងក្តីបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសថៃ ស្របពេលប្រទេសមួយនេះ កំពុងមានករណីផ្ទុះជំងឺកូវីដ១៩ខ្លាំង។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ខែមករានេះ ដោយអ្នកស្រី ព្រួយបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃជាងមួយលាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់។ ការព្រួយបារម្ភនោះ ដោយសារដោយសារពលករខ្មែរអាចបន្តប្រឈម នឹងការចាញ់បោកមេខ្យល់មួយចំនួនតូច បោកពួកគេតាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់មិនអាចដើរចល័តរកការងារ ធ្វើបាននៅប្រទេសថៃ។

ការព្រួយបារម្ភរបស់មន្ត្រីជាន់ខ្ពស់កម្ពុជានេះ ខណៈប្រទេសថៃកំពុងផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។

អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរចាកចេញពីថៃចូលមកកម្ពុជាវិញ មានចំនួនជាង១៣ម៉ឺននាក់ ក្រោយពេលថៃឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំមក។

យ៉ាងនេះក្តី អ្នកស្រីថា ពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុជា ធ្វើការឃាត់ខ្លួនឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ។

លោកស្រី ជូ ប៊ុនអេង អះអាងថា ពេលបច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចថៃ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ ដែលបោកប្រជាពលរដ្ឋខ្មែរឲ្យផ្សងគ្រោះថ្នាក់ ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ។

កាលពីថ្ងៃទី២១ខែធ្នូ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវកម្ពុជា បានសម្រេចផ្អាកការបញ្ជូនពលករដែលចុះអនុស្សារណៈយោគយល់ឬ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន។

ជាមួយគ្នានោះក្រសួង បានទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់បងប្អូនពលករដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ ជាបណ្តោះអាសន្នក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។

ដោយឡែក កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ក៏បានអំពាវនាវពលករខ្មែរដែលកំពុងរស់នៅប្រទេសថៃទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ-១៩នេះ ដោយអនុវត្តគោលការណ៍អនាម័យជាប់ជាប្រចាំ ជាពិសេសសហការ និងអនុវត្តតាមបម្រាមនានារបស់អាជ្ញាធរថៃឲ្យបានត្រឹមត្រូវ។

ការអំពាវនាវនេះ ក្រោយពេលរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជាថ្មីទៀត ចាប់ពីថ្ងៃទី១៦ មករា ដល់២៨ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈប្រទេសខ្លួនរកឃើញ ករណីឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំក្នុងខេត្តសាមុតសាខនកាលពីខែធ្នូកន្លងទៅ។ 

គិតត្រឹមថ្ងៃទី១២ ខែមករានេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃមកកម្ពុជាវិញ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ មានចំនួន២៧នាក់ហើយ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស