38 C
Phnom Penh

មនុស្សជំនិតលោក កឹម សុខា ប្រតិកម្មជុំវិញការប្រើពាក្យអសុរុះរបស់ ព្រះអង្គ ប៊ុត ប៊ុនតិញ ថាធ្វើឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតនាយខុទ្ទកាល័យប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា គឺ លោក មុត ចន្ថា បានហៅការសរសើរលើទំព័រហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថាមិនសមជាសង្ឃ និងធ្វើឱ្យអាប់ឱ្យនដល់តម្លៃពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ការលើកឡើងនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ ប៊ុត ប៊ុនតិញ (But Buntenh) ដែលគេឯងស្គាល់ថាជាព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី១១ ខែមករា បានសរសេរលេបខាយឌឺដងទៅ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដោយភ្ជាប់រូបភាពលោកកំពុងអង្គុយដុតពោត។

ខ្លឹមសារនោះ សរសេរថា «នមោ អមីដាបា តាខាដុតពោត តក់ក្តត់ក្តតា។ ស្រីមុំ អីក៏ចិត្តដាច់អាក្រក់យ៉ាងនេះ ឱ្យបងដុតពោតខ្លួនឯង។ រួមសុខ រួមទុក្ខ មកដុតពោតទាំងអស់គ្នាមក អ្នកណាជាប់គុក អ្នកណាបែកក្បាលអី ជារឿងរបស់គេទេ។ រឿងយើង គឺដុតពោតណាអូន។»

ខ្លឹមសារទាំងនេះ ដែលលោក មុត ចន្ថា បានលើកឡើងថា ជាព្រះសង្ឃក្លែងក្លាយបន្លំខ្លួន។

លោកបានដាក់ជាសំណួរថា តើព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃព្រះពុទ្ធសាសនា ឬជាជនពាលគ្រងស្បង់បន្លំខ្លួនក្នុងព្រះពុទ្ធសាសនា?

លោក បានចាត់ទុកសំណេរទាំងនេះ ថាបង្ហាញពីសារធាតុពិតនៃជនពាលអវិជ្ជា គ្មានសីលធម៌ និងគុណធម៌របស់ព្រះសង្ឃក្លែងខ្លួន។

លោក មុត ចន្ថា បានលើកឡើងទៀតថា ក្នុងនាមលោកជាពុទ្ធសាសនិកដែលគោរពបដិបត្តិសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋខ្ជាប់ខ្ជួនមួយរូប លោកពុំដែលឃើញព្រះសង្ឃក្នុងព្រះពុទ្ធសាសនាអង្គណា ប្រើសំណេរដោយភាសាអសីលធម៌បែបនេះឡើយ។

លោកថា តើព្រះអង្គ ប៊ុត ប៊ុនតិញ គួរបន្តគ្រងស្បង់ព្រះពុទ្ធសាសនាបន្លំខ្លួនទៀត ឬយ៉ាងណា? ឬគួរតែលាចាកសិក្ខាបទ ដើម្បីកុំឱ្យប៉ះពាល់ និងដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ?

យ៉ាងណាមកទល់ពេលនេះ ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ នៅមិនទាន់ចេញព្រះភក្ត្របកស្រាយនូវសំណេរ លើហ្វេសប៊ុកដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ព្រះអង្គនៅឡើយទេ។

ព្រះអង្គប៊ុត ប៊ុនតិញ ជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងបានធ្វើសកម្មភាពសង្គម បរិស្ថាន ព្រមទាំងមនុស្សធម៌ជាច្រើនទៀតនៅកម្ពុជា មុនពេលព្រះអង្គបានភៀសខ្លួនមកគង់នៅសហរដ្ឋអាមេរិក។

ព្រះអង្គធ្លាប់ជាមានទំនាក់ទំនងល្អជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយក៏ធ្លាប់ត្រូវបានលោកហ៊ុន សែន បង្ហើបថាព្រះអង្គចង់ឱ្យលោក ជួយរកភរិយាឱ្យថែមទៀតផង។

ក្រោយទៅគង់នៅក្រៅប្រទេស ព្រះអង្គបានចូលព្រះកាយរួមរស់ជាមួយគណបក្សសង្រ្គោះជាតិ ក្រុមលោក សម រង្ស៊ី និងជាអ្នកគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យរបស់បក្សប្រឆាំងភាគីលោក សមរង្ស៊ី តាមបណ្តាញសង្គមនាពេលបច្ចុប្បន្ន។

ក្នុងការអត្ថាធិប្បាយរបស់ព្រះអង្គរិះគន់រដ្ឋាភិបាល និងរិះគន់ក្រុមប្រឆាំងផង អមដោយពាក្យអសុរុះនោះ មានមតិលើកឡើងមួយចំនួន ទាមទារឱ្យព្រះអង្គលាចាកសិក្ខាបទ មកជាគ្រហស្ថតែម្តង ដើម្បីរក្សាតម្លៃនៃព្រះពុទ្ធសាសនា៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស