សាធារណជន អះអាថា សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កំពុងកើតមានអនាធិបតេយ្យ

សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ អះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានបុគ្គលមួយចំនួន មមាញឹក ចាក់ដីធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធរំលោភយកដីឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែង មានទីតាំងនៅស្រុកស្ទឹងហាវ ដើម្បីធ្វើកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរហាមឃាត់ទេ។

ក្រុមប្រជាពលរដ្ឋចោទជាសំណួរថា តើសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែង របស់បុគ្គលមួយចំនួន ធ្វើឡើងស្របច្បាប់ដែរឬទេ? តើហេតុអ្វីបានជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន មិនមានវិធានការទប់ស្កាត់បែបនេះ?

ឆ្នេរព្រែកត្រែង ដែលសាធារណជន មានចម្ងល់ខាងលើនេះ ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយការហ៊ុមព័ទ្ធរបងថ្មរឹងមាំធ្វើកម្មសិទ្ធិ របស់បុគ្គលមួយចំនួន ដែលពលរដ្ឋ ឬភ្ញៀវទេសចរជាតិ មានការចាប់អារម្មណ៍នេះ គឺចាប់ពីចំណុចរោងចក្រប្រេងកាត បន្តរហូតមកដល់ស្ពានព្រែកត្រែង។

ពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា  អ្នកនៅពីក្រោយខ្នង នៃសកម្មភាពចាក់ដី ធ្វើរបងថ្មព័ទ្ធយកដីឆ្នេរព្រែកត្រែងនេះ គឺសុទ្ធសឹងជាបុគ្គលមានទ្រព្យស្តុកស្តម និងជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន។

ប្រធានភូមិបាល ស្រុកស្ទឹងហាវ លោក ហាក់ វីយ៉ា ឲ្យដឹងថា ដីនៅតាមបណ្ដោយឆ្នេរព្រែកត្រែងភាគច្រើន មិនមានប័ណ្ណកម្មសិទ្ធិនោះទេ ប៉ុន្តែទីតាំងដី ដែលឃើញមានបើកធ្វើអាជីវកម្មខ្សាច់នៅតំបន់ឆ្នេរព្រែកត្រែងនេះ គឺមានប័ណ្ណកម្មសិទ្ធិប្រមាណ ២ប័ណ្ណ តែណ្ណោះ។ ហើយ ដីក្រៅពីនេះ ក្រោយមកអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ក៏ឈប់ចេញ ប័ណ្ណឲ្យបុគ្គលឯកជន ដែលមានដីនៅតំបន់ឆ្នេរព្រែកត្រែងនេះទៀតដែរ។

ចំណែកអភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានទទួលស្គាល់ថា ដីនៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងឃុំអូរត្រេះ ដែលមានសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរាល់ថ្ងៃនេះ គឺដីទីតាំងខ្លះមានប័ណ្ណកម្មសិទ្ធិ និងទីតាំងខ្លះទៀត គ្មានប័ណ្ណកម្មសិទ្ធិទេ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺទៅលើ សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែងធ្វើជាកម្មសិទ្ធិឯកជន នេះបាននៅឡើយទេ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ ថ្លែងថា ដីឆ្នេរសាធារណៈរបស់រដ្ឋ ក្នុងមូលដ្ឋាននេះ គឺស្ថិតក្នុងការគ្រប់គ្រង របស់រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិ អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាជាដើម។

ហើយ ចំពោះសកម្មភាពសង់របងថ្មរឹងមាំហ៊ុមព័ទ្ធ រំលោភយកឆ្នេរសមុទ្រព្រែកត្រែងយ៉ាងអនាធិបតេយ្យនេះ គួរតែ លោក គួច ចំរើន ក្នុងនាមអភិបាលខេត្ត ព្រះសីហនុ ត្រូវដាក់សំណើរ ឬស្នើសុំគោលការពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីមានវិធានការទប់ស្កាត់ បើហួសពីទំហំនៃការគ្រប់គ្រង របស់ខ្លួន។

ពួកគេសម្តែងក្តីអស់សង្ឃឹម និងអស់ជំនឿទៅលើប្រសិទ្ធភាព នៃការដឹកនាំ របស់លោក គួច ចំរើន ថាអាចការពារធនធានធម្មជាតិរួមមាន៖ ឆ្នេរសមុទ្រ, ដីគម្របព្រៃឈើ, បឹង, អូរ និងព្រែកជាដើម ឲ្យបានគង់វង្សនោះ។

ពួកគេសង្កេតឃើញថា ចាប់តាំងពី លោក គួច ចំរើន ចូលធ្វើជាអភិបាលខេត្តព្រះសីហនុជិត ០២ឆ្នាំមកនេះ គឺធនធានធម្មជាតិ ដែលនៅសេសសល់ក្នុងខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ត្រូវបានអភិបាលរូបនេះ ឃុបឃិតជាមួយឈ្មួញ និងអ្នកមានអំណាច រៀបចំឯកសារស្នើសុំកាត់ឆ្វៀលដី ដើម្បីដាក់ជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាធ្វើអនុប្រយោគពីដីសាធារណៈរបស់រដ្ឋ ប្រគល់ទៅឲ្យបុគ្គលឯកជនធ្វើកម្មសិទ្ធិជាបន្តបន្ទាប់ និងមានទំហំផ្ទៃដីរាប់រយហិកតា មានដូចជា៖ ដីគម្របព្រៃឈើឆ្នាំ២០០២ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.