30.4 C
Phnom Penh

ADB ព្រមានថា កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា៨១% នឹងរងផលប៉ះពាល់ដោយសារបដិវត្តន៍ឧស្សាហ៍កម្មទី៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB  ព្រមានថា កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា ៨១% នឹងរងផលប៉ះពាល់ ប្រសិនមិនមានការអភិវឌ្ឍន៍ជំនាញដល់ពួកគាត់ឲ្យទាន់ពេល ស្របតាមដំណើការបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទេនោះ។

របាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលចេញផ្សាយនៅថ្ងៃទី ២០ មករាឆ្នាំ២០២១នេះ បង្ហាញថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជាជាផ្នែកមួយដ៏សំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និងឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មលើកទី៤ផងដែរ ។

ដោយឡែកបដិវត្តឧស្សាហកម្មលើកទី៤ នឹងលុបបំបាត់ការងារក្នុងវិស័យឧស្សាកម្មកាត់ដេរ និងទេសចរណ៍។ ប៉ុន្តែវានឹងជំនួសមកវិញនូវតម្រូវការផលិតភាពខ្ពស់ជាងមុន ដែលបង្កើតកំណើនការងារ៣៩%ក្នុងឧស្សាហកម្មកាត់ដេរ និង២% ក្នុងវិស័យទេសចរណ៍ សម្រាប់កម្មករជំនាញនៅកម្ពុជា។

ADB បង្ហាញទៀតថា ចំណេះដឹងរបស់និយោជកនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងទេសចរណ៍ មានកម្រិតទាបជាងប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហ៍កម្មទី៤ ។ ជាមួយគ្នានេះ ADB ជំរុញឲ្យកម្ពុជា អភិវឌ្ឍកម្មវិធីអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្ដោតតាមបដិវត្តន៍ឧស្សាហ៍កម្មទី៤ ក្នុងវិស័យការដេរ និងទេសចរណ៍ផងដែរ។

របាយការណ៍របស់ក្រសួងការងារ និងក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២០ ឱ្យដឹងថា មានរោងចក្របិទដំណើរការ១២៩ រោងចក្រ ហើយអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណ៣ពាន់កន្លែងត្រូវបានបិទទ្វារ និងផ្អាកដំណើរការ ដែលធ្វើឱ្យកម្មករ ឬបុគ្គលនិយោជិតរាប់សែននាក់រងផលប៉ះពាល់ដោយសារបាត់បង់ការងារ និងប្រាក់ចំណូល។

ចំណែកភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២០ មានការធ្លាក់ចុះជិត៨០% បើធៀបទៅនឹងឆ្នាំ២០១៩ ពោលគឺនៅឆ្នាំ២០១៩ មានភ្ញៀវទេសចរអន្តរជាតិជាង៥លាននាក់ បានមកទស្សនា ឬលេងកម្សាន្តនៅកម្ពុជា ចំណែកនៅឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែជាង១លាននាក់ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស