38 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា រយៈពេល១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅតែមិនអាចទទួលបានយុត្តិធម៌ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថា ការស្វែងរកពន្លឺយុត្តិធម៌លើអំពើឃាតកម្មរបស់ អតីតប្រធានសហជីព សេរីកម្មករ លោក ជា វិជ្ជា ហាក់គ្មានសង្ឃឹមទាល់តែសោះ។

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ខែមករា នេះថា លោកមានការសោកស្តាយជាខ្លាំងចំពោះគណៈកម្មាធិការស៊ើបអង្កេតសំណុំរឿងឃាតកម្ម លើប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ដែលមិនអាចវែកមុខឃាតករពិតដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បាន។

លោក អំពាវនាវ ឲ្យគណៈកម្មាធិការនេះបន្តសកម្មភាព និងពង្រឹងប្រព័ន្ធអនុវត្តច្បាប់ឲ្យកាន់តែខ្លាំងបន្ថែមទៀត និងមានប្រសិទ្ធិភាពជាងនេះ ជៀសវាងការចាប់មនុស្សខុស ដូចជាករណី លោក ប៊ន សំណាង និងលោក សុខ សំអឿន ជាដើម។

ជាងនេះទៀត ក៏ដើម្បីបង្កើនជំនឿចិត្តរបស់ប្រជាជនលើស្ថានប័នអនុវត្តច្បាប់នៅកម្ពុជាឡើងវិញផងដែរ។

ការអះអាងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ខួប១៧ឆ្នាំ នៃអំពើឃាតកម្មលើ អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ។

ទាក់ទិននឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការរបស់ខ្លូននៅថ្ងៃទី២២ ខែមករា នេះ  ដោយអំពាវនាវឲ្យ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ដើម្បីជុំរុញឲ្យមានការស៊ើបអង្កេតជាថ្មីឡើងវិញចំពោះឃាតកម្មលើ អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា។

ប្រភពដដែល អះអាងថា ១៧ឆ្នាំកន្លងផុតទៅ តុលាការក្រុងភ្នំពេញនៅតែមិនមានសមត្ថភាពវែកមុខឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ជាងនេះទៀត ចំណាត់ការក្លែងក្លាយរបស់អាជ្ញាធរកម្ពុជាក្នុងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា គឺជាគំរូដ៏អាក្រក់មួយនៃវប្បធម៌និទណ្ឌភាពនៅកម្ពុជា ដែលជាវប្បធម៌ដ៏គួរឲ្យស្អប់ខ្ពើមរបស់មនុស្សជាតិ និងពិភពលោកទាំងមូល។

គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្តីថ្លែងការណ៍ដដែល បានប្តេជ្ញាចិត្តបន្តជម្រុញឲ្យមានការវែកមុខឃាតកពិត និងអ្នកនៅពីក្រោយខ្នងក្នុងអំពើឃាតកម្មនេះ ព្រមទាំងឃាតកម្មផ្សេងៗទៀត ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់ តាមរយៈយន្តការផ្សេងៗ ជាពិសេស តាមរយៈយុទ្ធនាការ បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា ជាដើម។

លោក ជា វិជ្ជា គឺជាសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជា ប្រធានសហជីពសេរីកម្មករកម្ពុជា ដ៏អង់អាចក្លាហានដំបូងបង្អស់ដែលបានរៀបចំបង្កើតឲ្យមានសហជីពសេរីកម្មករ ដើម្បីតវ៉ាទាមទារលក្ខខណ្ឌការងារ តម្លើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។ ជាងនេះទៅទៀត លោកធ្លាប់បានដឹកនាំមហាបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០០៣ ដោយមិនទទួលស្គាល់បេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរបស់កម្ពុជា នៅពេលនោះទៀត           ផង។

កាលពីឆ្នាំ២០០៣ ដដែលនោះ លោក ជា វិជ្ជា បានប្រាប់មិត្តជិតស្និទ្ធរបស់លោកទាំងការព្រួយបារម្ភ ថា លោកទទួលបានសារគម្រាមសម្លាប់ដែលបានផ្ញើចូលទូរស័ព្ទរបស់លោក ដែលគេស្គាល់ថាជាលេខរបស់មន្ត្រីជាន់ខ្ពស់នៃ ក្រសួមហាផ្ទៃ ដែលដឹកនាំដោយលោក ហុង ឡង់ឌី។ បែបនេះក្តី លោក ជា វិជ្ជា មិនដាក់ចុះនូវឧត្តមគតិរបស់លោកឡើយ។

នៅថ្ងៃទី២២ខែមករា ឆ្នាំ២០០៤  អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជាត្រូវឃាតកបាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់ នៅតូបលក់កាសែតកៀនរបងវត្តលង្ការ ក្នុងរាជធានីភ្នំពេញ។ ឃាតកម្មដែលបន្សល់នៅភាពអយុត្តិធម៌ដូចលោក ជា វិជ្ជា ដែរនោះ រួមាន មានឃាតកម្មលើតារាសំដែង អ្នកស្រី ពិសិដ្ឋ ពលីកា កាលពីខែកក្កដា ឆ្នាំ១៩៩៩។

ការបាញ់សម្លាប់ព្រះភិក្ខុ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣។ ឃាតកម្ម លើប្រធានអង្គការ ការពារធនធម្មជាតិលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២។ ជាងនេះទៀត ឃាតកម្មបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់នៅកម្ពុជា នេះ ក៏បានរាលដាលទៅលើ អ្នកវិភាគនយោបាយសង្គម បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ថែមទៀត។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានត្អូញត្អែរលើទំព័រហ្វេសប៊ុករបសលោក ថា ១៧ ឆ្នាំហើយដែលលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សំលាប់នៅពេលព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤  ប៉ុន្តែអាជ្ញាធរនៅតែរកឃាតកពិតមិនទាន់ឃើញ។ ផ្ទុយទៅវិញ ពួកគេ បែរជាប្រកាសជាសាធារណៈថារដ្ឋាភិបាលអស់សមត្ថភាពក្នុងការស្វែងរកឃាតកពិត និងបានជំរុញអោយអ្នកដែលចង់បានយុត្តិធម៌ដាក់ភស្តុតាងមកអាជ្ញាធរទៅវិញ ។

លោក រិះគន់ថា ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីការមិនទទួលខុសត្រូវពីសំណាក់អជ្ញាធររដ្ឋ ក្នុងកាតព្វកិច្ចរក្សាសុខសុវត្ថិភាពជូនពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ប្រធានអង្គការសមាគម និងសហជីព ជាច្រើន ដូចជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ និង ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ និងក្រុមអ្នកគាំទ្រ ប្រមាណជិត ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងមួយកន្លែងទៀត នៅឯសួនច្បារមុខវត្តលង្កា ដើម្បីប្រារព្ធរំលឹកខួប ១៧ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។

ពួកគេ បានចាត់ទុកលោក ជា វិជ្ជា គឺជាវីរបុរសរបស់ពួកគេដែលលោកបានបន្សល់ទុកស្នាដៃនៃឆន្ទៈតស៊ូ ទាមទារសិទ្ធិជូនកម្មករ កម្មការិនី រហូតមកដល់សព្វថ្ងៃ។

បន្ថែមពីនេះ ពួកគេ អំពាវនាវ ឲ្យអាជ្ញាធរកម្ពុជាបន្តសកម្មភាពឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ក្នុងការវែកមុខរកឃាតករពិត ដើម្បីផ្តល់យុត្តិធម៌ជូន សាច់ញាតិ និងក្រុមគ្រួសាររបស់លោក ជា វិជ្ជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស