38 C
Phnom Penh

លោក ហ៊ុន ម៉ានី ថា កម្ពុជាមានសេដ្ឋកិច្ចជាតិល្អប្រសើរអាចពង្រីកការអភិវឌ្ឍន៍លើគ្រប់វិស័យ ប៉ុន្តែសង្គមស៊ីវិលនៅមិនទាន់យល់ស្របនៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសរបស់លោក ហ៊ុន សែន បន្តអួតរដ្ឋាភិបាលដែលគ្រប់គ្រងដោយឳពុករបស់លោកថា កម្ពុជាមានសេដ្ឋកិច្ចល្អប្រសើរដែលអាចពង្រឹង និងពង្រីកការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានា និងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។

សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី អះអាងថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលបន្តកើនឡើងក្នុងរង្វង់៧% បាននាំឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ដូចជា វិស័យអប់រំ និងវិស័យសុខាភិបាល ជាដើម។

លោក បញ្ជាក់ថា កម្ពុជាក៏មានលទ្ធភាពលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិត តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ទោះកម្ពុជាស្ថិតក្នុងដំណាក់កាលវិបត្តិកូវីដ១៩ក្តី។

លោកហ៊ុន ម៉ានី ថា សកម្មភាពនេះ ពិតជាបានសបញ្ជាក់ពីភាពរឹងមាំរបស់កម្ពុជា និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប និងបំពេញតម្រូវការប្រជាពលរដ្ឋយ៉ាងពេញទំហឹង។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព ស្ថេរភាព និងការរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ច គ្រប់ដំណាក់កាលទាំងអស់។

លោក សង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្មក្នុងការដឹកនាំ បង្កើតសមិទ្ធផលថ្មីៗ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ក្នុង២០៣០ និង២០៥០ ទោះបីជា ត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ ធនាគារជាតិកម្ពុជាបានចេញផ្សាយរបាយការណ៍ ស្តីពីការធ្លាក់ចុះនៃវិស័យធំៗនៅកម្ពុជាក្នុង ឆ្នាំ២០២០ ដែលបណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ រួមមាន  វិស័យទេចរណ៍ ដែលរំពឹងលើភ្ញៀវអន្តរជាតិបានធ្លាក់ចុះដល់ទៅ -៨០,៣%។

វិស័យកាត់ដេរបានធ្លាក់ចុះ -២៧% ក្នុងនោះមានរោងចក្រចំនួន ៩៥ បានបិទទ្វារនឹងប៉ះពាល់ដល់ជីវភាពកម្មករប្រមាណ ៥ម៉ឺននាក់ ដោយឡែក វិស័យសំណង់បានធ្លាក់ចុះ -៣% ផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីADB បាន ចេញរបាយការណ៍របស់ខ្លួន ដោយបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០%។  ដូច្នេះហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ សំណង់ និងការថយចុះ នៃកសិផលក្នុងស្រុកជាដើម។ ជាងនេះទៀតការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញទំនិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ក្នុង២០២០។

ប្រភពដដែល ឲ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជា បានធ្លាក់ចុះដល់ទៅជាង ៩៨% ដែលបង្ខំឱ្យអាជីវកម្មជាង ៣ពាន់ កន្លែង ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន ៥ពាន់ នាក់ បានបាត់បង់ការងារ                   ទាំងស្រុង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកច្រានចោលការលើកឡើងរបស់លោក ហ៊ុន ម៉ានី ពេលនេះ ព្រោះរបាយការណ៍ក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានបង្ហាញពីកាធ្លាក់ចុះនៃការនាំចេញទៅកាន់បរទេស ជាពិសេស សហគមន៍អឺរ៉ុប ជាបន្តបន្ទាប់។

លោក អះអាងថា នៅពេលលើកឡើងពីសេដ្ឋកិច្ចកម្ពុជា គឺត្រូវពិនិត្យទៅលើវិស័យធំៗ ចំនួន៣ ដូចជា វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកសិកម្មជាដើម។ ក្នុងនោះវិស័យកាត់ដេរមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសហភាពអឺរ៉ុបបានព្យួរប្រព័ន្ធអនុគ្រោះព័ន្ធ (EBA) ២០% កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ។

ជាងនេះទៀត វិស័យទេសចរណ៍បានធ្លាក់ចុះស្ទើរដល់កម្រឹតសូន្យឬស្ទើរតែ១០០% ដោយសារបណ្តាលមកពីជំងឺកូវីដ១៩។ បញ្ហានេះបណ្តាលឲ្យសណ្ឋាគារជាច្រើនបានបិទទ្វារលែងដំណើរការទាំងស្រុង ចំណែកវិស័យកសិកម្មក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀតនោះដែរ។

លោក មឿន តុលា លើកឡើងថា ការយកសន្ទស្សន៍នៃការតម្លើងប្រាក់ឈ្នួលឲ្យនិយោជិតកម្មករដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ចជាតិ គឺជារឿងគួរឲ្យអស់សំណើចបំផុត ព្រោះរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលឲ្យកម្មករបានតែ ២ដុល្លារប៉ុណ្ណោះ ខណៈចំនួនទឹកប្រាក់ ២ដុល្លារនេះ យកទៅចែកនឹងរយៈពេល១២ ខែ នោះកម្មករនិយោជិតទទូលបានតែ ០,១៦ ដុល្លាប៉ុណ្ណោះក្នុង១ខែ។

បន្ថែមពីនេះ ការផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិតដែលបាត់បង់ការងារក្នុងអំឡុងវិបត្តិកូវីដ១៩ រួមទាំងថៅកែរោងចក្រផងនោះបានតែ ៧០ដុល្លារប៉ុណ្ណោះ។ ក្នុងនោះគឺរដ្ឋាភិបាលចំណាយ ៤០ដុល្លា រីឯខាងរោងចក្រចំណាយ ៣០ដុល្លារ។

យ៉ាងនេះក្តី លោក ថា ទំហំទឹកប្រាក់នេះ សូម្បីតែផ្គត់ផ្គង់លើម្ហូបអាហារប្រចាំថ្ងៃក៏មិនគ្រប់គ្រាន់ផង ព្រោះថាបើយកថវិកា ៧០ដុល្លារ នេះ យកទៅចាយវាយសម្រាប់១ខែ កម្មករនិយោជិតទាំងនោះត្រូវចាយត្រឹមតែ ២ដុល្លារ ឬ ៨ពាន់រៀលប៉ុណ្ណោះក្នុង១ថ្ងៃ។

កាលពីខែសីហាឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចក្នុងការអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ជាផ្លូវការពីកម្ពុជា។ ការសម្រេចនេះ ក្រោយពេលអឺរ៉ុបរកឃើញថា រដ្ឋាភិបាលមិនបានឆ្លើយតប ចំពោះកង្វល់របស់ពួកគេជុំវិញ ការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិ ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សដែលកើតមានឡើងជាប្រព័ន្ធនៅកម្ពុជា។

បញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMAC ធ្លាប់បានលើកឡើងពីហានិភ័យខ្ពស់ និងបញ្ហាប្រឈមដែលនឹងកើតមានបណ្តាលមកពីការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ។  GMAC ធ្លាប់បានស្នើទៅអឺរ៉ុបឱ្យពន្យារពេលអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ២០%នេះ ដោយថានឹងការសម្រេចនេះនឹងបំផ្លាញការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា និងធ្វើឱ្យកម្មកររាប់សែននាក់រងផលប៉ះពាល់ដោយផ្ទាល់ ហើយសមាជិករបស់ពួកគេរាប់លាននាក់ទៀតនឹងប៉ះពាល់ដោយប្រយោល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស