39.4 C
Phnom Penh

មេធាវីរបស់លោក កឹម សុខា ថា ស្ថាប័ននយោបាយមានឥទ្ធិពលលើអំណាចតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញផ្នែកច្បាប់ អះអាងថា នៅកម្ពុជាស្ថាប័ននយោបាយ ពិតជាមានឥទ្ធិពលលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីណាដែលមានលក្ខណៈនយោបាយតែម្តង។

សហមេធាវីការពារក្តីលោក កឹម សុខា លោក ផែង ហេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ខែកុម្ភៈថា ការសម្រេចទាំងឡាយគឺជាឆន្ទានុសសិទ្ធិរបស់តុលាការ ប៉ុន្តែនៅកម្ពុជាស្ថាប័ននយោបាយ គឺពិតជាមានឥទ្ធិពលលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីណាដែលមានលក្ខណៈនយោបាយតែម្តង។

មេធាវីរូបនេះ អះអាងថា សហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា រឿងក្តីរបស់មេបក្សប្រឆាំង លោក កឹម សុខា គឺជារឿងនយោបាយសុទ្ធសាធ ព្រោះពួកគេមើលឃើញថាសមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក៏ត្រូវបានតែងតាំងចេញពីស្ថាប័ននយោបាយផងដែរ រីឯច្បាប់ស្តីពីការរៀបចំអង្គការតុលាការក៏បានស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រសួងយុត្តិធម៌ទៅវិញ។

សហមេធាវីបានស្នើសុំជាច្រើនលើកច្រើនសាឲ្យតុលាការពន្លឿននីតិវិធីជម្រះក្តីមេបក្សប្រឆាំង លោក កឹម សុខា ដើម្បីយុត្តិធម៌ និងចៀសវាងការរំលោភលើសិទ្ធិទទួលបានការជម្រះក្តីឲ្យបានឆាប់រហ័ស និងយុត្តិធម៌ ដូចមានចែងក្នុងច្បាប់ និងកតិកាសញ្ញាអន្តរជាតិ។ លោកថា ការពន្យារពេលដំណើរការសវនាការរបស់លោក គឺជាការបដិសេធដំណើរការយុត្តិធម៌ ដែលបានអនុវត្តផ្ទុយទៅនឹងច្បាប់កម្ពុជាដែលធរមាន និងកតិកាសញ្ញាអន្តរជាតិ ផងដែរ។

លោក ផែង ហេង បញ្ជាក់ថា ទោះជាយ៉ាងក៏ដោយ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រើសិទ្ធិទាមទារដោយទទូចឱ្យសាលាដំបូងរាជធានីភ្នំពេញ ឆាប់សម្រេចលើកលែងបទចោទប្រកាន់លើរូបគាត់ ព្រោះលោកកឹម សុខា  មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

ការរិះគន់នេះធ្វើឡើង  ស្របពេលអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាន អះអាងថា ការពន្យាសវនាការលើសំណុំរឿងរបស់លោក កឹម សុខា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយជាការធ្វើឡើងត្រឹមត្រូវតាមច្បាប់ផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អះអាងថា ខ្លឹមសារជារួមនៃភស្តុតាងជា Video Clip បានបង្ហាញថា លោក កឹម សុខា ត្រូវបានរៀបចំ បណ្តុះបណ្តាល និងឧបត្ថម្ភ គាំទ្រដោយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ករណី លោក កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជាអាទិភាពនោះឡើយ។ ជាងនេះទៀត លោក កឹម សុខា ក៏កំពុងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនយ៉ាងពេញលេញតាមផ្លូវច្បាប់ ដោយមានមេធាវីការពារដល់ទៅ ៥ រូប ផងដែរ។

លោក ជិន ម៉ាលីន អះអាងថា  អាទិភាពពិតប្រាកដ គឺការបើកសវនាការចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាងកុំឱ្យមានការឃុំខ្លួនហួសកាលកំណត់របស់ច្បាប់។ ដូច្នេះ ប្រសិនបើ កឹម សុខា ស្ថិតក្នុងការឃុំខ្លួន នោះសវនាការសំណុំរឿងនេះក៏នឹងត្រូវយកមកចាត់ការជាអាទិភាព។

ដោយឡែក សហមេធាវីរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី អះអាងនៅថ្ងៃនេះថា សិទ្ធិទទួលបានមេធាវី របស់លោក កឹម សុខា គឺបានមកដោយច្បាប់តម្រូវ មិនមែនបានមកដោយសារការអនុគ្រោះដោយមូលហេតុអ្វីមួយ ឬស្ថានភាពពិសេសណាមួយឡើយ។

អ្នកស្រី បញ្ជាក់ថា លោក កឹម សុខា ក៏ដូចជាជនសង្ស័យ ជនត្រូវចោទ និង ជនជាប់ចោទតាមផ្លូវតុលាការទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការមានមេធាវីស្របតាមច្បាប់និងរដ្ឋធម្មនុញ្ញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ជាពិសេស ជនជាប់ចោទក្នុងបទឧក្រិដ្ឋ គឺច្បាប់តម្រូវដាច់ខាតឱ្យមានមេធាវី។

អ្នកស្រី ម៉េង សុភារី បន្តថា សហមេធាវីរបស់លោក កឹម សុខា ក្នុងការការពារកូនក្តី ក៏ដូចជាការចូលរួមលើកស្ទួយប្រព័ន្ធយុត្តិធម៌របស់សហមេធាវី បាននាំគ្នាដាក់សំណើរសុំបន្តសវនាការ ៣លើក រួចមកហើយ ដែលជាបេសកម្មស្វែងរកយុត្តិធម៌សំរាប់កូនក្តីរបស់ខ្លួន តែនៅមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននៅឡើយ។

កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពីបទ គប់គិតជាមួយបរទេស និងត្រូវឃុំខ្លួននៅមន្ទីឃុំឃាំត្រពាំងផ្លុង ជាង១ឆ្នាំ។

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ប៉ុន្តែ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដ៏ទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួននោះទេ ពោលគឺត្រូវដាក់ឱ្យជាប់ឃុំក្នុងផ្ទះជំនួសវិញ។

រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបលោក ត្រូវបានផ្តល់សិទ្ធិសេរីភាពមួយកម្រឹតទៀត គឺអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមមិនឲ្យធ្វើសកម្មភាព នយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បានលើកឡើងមុនការសម្រេចរបស់តុលាការថា សំណុំរឿងរបស់អតីតមេបក្សប្រឆាំង លោក កឹម សុខា អាចនឹងពន្យារពេលរហូតដល់ ឆ្នាំ ២០២៤ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស