39.4 C
Phnom Penh

អ្នកឃ្លាំមើលនិយាយថា ការទទួលយកវ៉ាក់សាំងចិន ជាហេតុផលនយោបាយ ជាជាងបញ្ហាការពារអាយុជីវិតពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការទទួលវ៉ាក់សាំងពីរដ្ឋាភិបាលចិនរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងចេតនានយោបាយ ជាជាងដើម្បីសុវត្ថិភាពអាយុជីវិតពលរដ្ឋខ្មែរ។

លោក ប្រតិកម្មថា វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិនមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ ប៉ុន្តែលោក ហ៊ុន សែន ព្រមទទួលយក និងប្រកាសឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយគ្មានការធ្វើតេស្តឲ្យបានត្រឹមត្រូវទាល់តែសោះ ដែលខុសពីអ្វីដែលលោកតែងជូនដំណឹង និងដាក់បទបញ្ជាកន្លងមកអំពីការទប់ស្កាត់ជំងឺកូវីដ១៩នេះ។

លោក ម៉ែន ណាត អះអាងថា កុំថាឡើយប្រជាពលរដ្ឋខ្មែរមិនទុកចិត្តលើវ៉ាក់សាំងនេះ សូម្បីមន្ត្រីរាជការជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលក៏មិនទុកចិត្តវ៉ាក់សាំងនេះដែរ។

ជាក់ស្តែងដូចជា រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ជាដើម ដែលបានលួចចាក់វ៉ាក់សាំងដោយស្ងាត់ៗរបស់ប្រទេសណាក៏មិនដឹង ដែលអាចជាចេតនាដើម្បីជៀសវាងពីការចាក់វ៉ាក់សាំងចិននេះ។

លោក ម៉ែន ណាត អំពាវនាវ ឲ្យពលរដ្ឋខ្មែររង់ចាំវ៉ាក់សាំងដែលប្រកាសទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ជាជាងការប្រថុយចាក់វ៉ាកសាំងរបស់ប្រទេសនានា ដូចជាវ៉ាក់សាំងចិនជាដើម ព្រោះថា បើចាក់ទៅហើយស្រាប់តែ លោក ហ៊ុន សែន ប្រកាសថា មិត្តចិនប្រាប់ថា វ៉ាក់សាំងនោះនឹងបង្ករជាជំងឺទៅថ្ងៃក្រោយ នោះអ្នកទទួលចាក់វាក់សាំងទាំងនោះនឹងមានការស្តាយក្រោយអស់មួយជីវិត។

ជាងនេះទៀត លោកហ៊ុន សែន ក៏បានប្រកាសមិនចាក់វ៉ាក់សាំងស៊ីណូវ៉ាមរបស់ចិននោះឡើយ ក្រោមហេតុផលថាលោកលើសអាយុដែលគេតម្រូវឱ្យចាក់ បើទោះបីជាលោកធ្លាប់ប្រកាសក្តែងៗ ថាលោកនឹងមន្ត្រីជាន់ខ្ពស់របស់ខ្លួននឹងចាក់វ៉ាក់សាំងរបស់ចិនមុនគេក៏ដោយ។ 

លោក ហ៊ុន សែន បានអះអាងថា លោកទើបនឹងទទួលបានលិខិតផ្លូវការរបស់ការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ថា វ៉ាក់សាំងដែលជាជំនួយរបស់ចិននេះមានប្រសិទ្ធិភាពសម្រាប់តែមនុស្សមិនទូទៅនោះទេ។

ការអះអាងនេះធ្វើឡើង ក្នុងពិធីសន្និសីទកាសែត ទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោក ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងនេះនឹងមិនមានប្រសិទ្ធិភាពសម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងនោះទេ ខណៈរូបលោកផ្ទាល់មានអាយុ ៦០ឆ្នាំទៅហើយនោះ។ ដូច្នេះគាត់បានសម្រេចលុបចោលផែនការចាក់វ៉ាក់សាំងមុនគេរបស់ខ្លួនវិញ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់ថា លោកនឹងចាក់វ៉ាក់សាំងនៅពេលណា និងវ៉ាក់សាំងរបស់ប្រទេសណានៅឡើយទេ លោកគ្រាន់តែបញ្ជាក់ថា ការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា កំពុងតាមដានវ៉ាក់សាំង ស៊ីណូហ្វាម បន្តទៀតអំពីប្រសិទ្ធលើវ៉ាក់សាំងនេះ លើមនុស្សដែលមានវ័យលើសពី ៥៩ឆ្នាំឡើងទៅប៉ុណ្ណោះ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន សែន បានចេញទៅទទួលវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ៦០ម៉ឺនដូស ដែលមិត្តចិនបញ្ជូនមក ជាងនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា វ៉ាក់សាំង ៦០ម៉ឺន ដូសក្នុងជំហានដំបូងនេះ  គឺសម្រាប់ក្រសួងសុខាភិបាល ៣០ម៉ឺនដូស និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា ប៉ុណ្ណោះ។

ជុំវិញរឿងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំនួយវ៉ាក់សាំងនេះជាសក្ខីភាពដែលបញ្ជាក់អំពីចំណងមិត្តភាពដែកថែបយូរអង្វែងរវាងកម្ពុជា-ចិន និងជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលបង្ហាញឲ្យឃើញពីវាសនារួមគ្នាផងដែរចំពោះចិន និងកម្ពុជា។

ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថា ពលរដ្ឋដែលអាយុអាចចាក់វ៉ាក់សាំងបានគឺចាប់ពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅត្រូវរង់ចាំលទ្ធផលនៃការសិក្សាពីអ្នកជំនាញប្រទេសចិនបន្តទៀត។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយផ្អែកលើការអះអាងរបស់នាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ មិនមែនជាការរកឃើញដោយក្រសួងសុខាភិបាលខ្លួនឯងនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស