33.2 C
Phnom Penh

ជម្លោះរវាងមន្រ្តីយោធា និងមន្រ្តីគយ ចាប់ផ្តើមផ្ទុះឡើង ក្រោយពេលនាយទាហានម្នាក់តូចចិត្តចង«ក»សម្លាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីយោធានៅតាមអង្គភាពការពារព្រំដែន៥០៣ និងមន្ត្រីយោធាកំពុងបំរើការងារនៅតាមអង្គភាពនានាជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា ជម្រុញឲ្យ ហ៊ុន សែន បើកស៊ើបអង្កេតលើករណី នាយទាហានការពារព្រំដែនលេខ ៥០៣ម្នាក់ឈ្មោះ វិច្ឆ័យ ដែលបានចងកសម្លាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះ។

មិត្តភ័ក្តរួមការងាររបស់លោក វិច្ឆ័យអះអាងថា ការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននេះ ដោយសារ មេគយចល័តតំបន់៥ ឈ្មោះ ឈួន សោភា បានបញ្ជាឲ្យកូនចៅ របស់ខ្លួន ចាប់រឹបអូសរថយន្ត០១គ្រឿង របស់អង្គភាពការពារព្រំដែន៥០៣ យកទៅរក្សាទុក ក្រោមហេតុផលពាក់ស្លាកលេខ ខ.ម ហើយគ្មានលិខិតស្នាមផ្លូវច្បាប់បង់ពន្ធនាំចូល ឬការបង់ពន្ធផ្លូវជាដើម ឲ្យបានត្រឹមត្រូវ។

ក្រុមយោធិននៅអង្គភាពការពារព្រំដែនលេខ៥០៣ អះអាងថា ទំនងជាជនរងគ្រោះ ឈ្មោះ វិច្ឆ័យ មានការតូចចិត្ត ឬខឹងសម្បារ នឹងប្រធានគយចល័តតំបន់៥ ឈ្មោះ ឈួន សោភា ដែលបញ្ជាកូនចៅ ឲ្យចាប់រឹបអូសយករថយន្តសម្រាប់បម្រើឲ្យអង្គភាពប្រចាំថ្ងៃ យកទៅរក្សាទុក ដែលជាហេតុនាំឲ្យឈ្មោះ វិច្ឆ័យ គិតខ្លីចងកសម្លាប់ខ្លួនតែម្តង។

យ៉ាងនេះក្តី ក្រុមយោធាបម្រើការនៅអង្គភាពការពារព្រំដែនលេខ៥០៣ ថ្លែងថា មិនគួរមន្ត្រីគយចល័តតំបន់៥ ដឹកនាំដោយលោក ឈួន សោភា ប្រើឥរិយាបទ និងពាក្យសម្តីមិនសមរម្យ ជាពិសេសគ្មានការយោគយល់អំពីទុក្ខលំបាក ឬកង្វះខាតមធ្យោបាយធ្វើដំណើរ របស់កងទ័ពការពារព្រំដែននេះបន្តិចនោះទេ ទោះបីពួកគេបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ ឲ្យមានសុវត្ថិភាព និងមានសុខសន្តិភាព ប៉ុន្តែត្រូវមន្ត្រីគយខាងលើនេះ គ្មានការយោគយល់ និងប្រមាថមើលងាយដល់កងកម្លាំងយោធារបស់ពួកគេបែបនេះទៅវិញ។

ប្រភពពីកម្លាំងយោធាការពារព្រំដែនលេខ ៥០៣ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ នេះថា ករណី មាននាយទាហានម្នាក់ឈ្មោះ វិច្ឆ័យ បានចងកសម្លាប់ខ្លួន គឺពិតជាដោយសារតែតូចចិត្តនឹងមេគយចល័ត ឈ្មោះ ឈួន សោភា ដែលបានចាប់រថយន្តអង្គភាព របស់ខ្លួន យកទៅរក្សាទុក ហើយទោះបីនាយទាហានរងគ្រោះ ឈ្មោះ វិច្ឆ័យ បានសុំអង្វរស្នើសុំរថយន្ត របស់អង្គភាព ដែលមេគយចល័តតំបន់៥ ចាប់ឃាត់ទុកនោះជាច្រើនលើកច្រើនសារបែបណាក្តី ក៏លោក ឈួន សោភា មិនអនុគ្រោះនោះដែរ។

ក្រុមកម្លាំងយោធាមកពីច្រើនអង្គភាពទៀង និងយោធាការពារព្រំដែន៥០៣ បានសំណូមពរដល់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាពិសេសលោក ហ៊ុន សែន ជួយអន្តរាគមន៍ និងបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេតលើករណីនេះជាបន្ទាន់ដើម្បីស្វែងរកយុត្តិធម៌ជូនជន់រងគ្រោះ។

ប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាមន្ត្រីក្រោមឱវាទ ឲ្យចុះស្រាវជ្រាវករណីខាងលើនេះរួចហើយ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មិនទាន់មានលទ្ធផល ប្រកាសឲ្យសាធារណជន បានដឹងជាសាធារណៈនៅឡើយទេ។

ចំណែក មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ក៏បានបញ្ជូនមន្ត្រីជំនាញ ឲ្យចុះស៊ើបអង្កេតលើករណីខាងលើនេះព្រមគ្នាដែរ។ ប្រភពពីយោធាភូមិភាគ៥ បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏បានចាត់តាំងឲ្យ ក្រុមអធិការកិច្ច របស់ក្រសួងការពារជាតិ និងអគ្គនាយកសំភារៈបច្ចេកទេស ចុះទៅស្រាវជ្រាវរកការពិតរួចហើយៗ ចំពោះលទ្ធផល នៃការចុះស៊ើបអង្កេតនេះ មិនទាន់ដឹងថាបែបណានោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស