30.4 C
Phnom Penh

អ្នកវិភាគនិយាយថា អ្នកមានបំណងបង្កើតគណបក្សនយោបាយថ្មីៗ នឹងមិនមានវាសនាល្អនោះទេ សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកសង្កេតការណ៍អំពីនយោបាយកម្ពុជា អះអាងថា កាលៈទេសៈនេះ គួរជាពេលដឹកនាំការតវ៉ាសាធារណៈ នៅលើសមរភូមិកម្ពុជា ដើម្បីទាមទារយុត្តិធម៌ និងសេរីភាព ជាជាងនាំគ្នាបង្កើតបក្សថ្មី។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសេរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ប្រសិនបើអ្វីដែលលេចចេញលើបណ្ដាញសង្គម ទាក់ទងនឹងសហការីនយោបាយជិតស្និទ្ធរបស់លោក កឹម សុខា ជាការពិតនោះ ពួកគាត់មិនគួរចេញបង្កើតគណបក្សនយោបាយថ្មីៗ ដែលមិនមានវាសនាល្អនោះទេ សម្រាប់ បរិបទកម្ពុជាបច្ចុប្បន្ន ប៉ុន្តែពួកគាត់គួរជ្រើសរើសយកវិធីរៀបចំប្រព័ន្ធដឹកនាំសកម្មជនចេញតវ៉ាស្រុះគ្នាជាសាធារណៈ ដើម្បីរកយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ និងប្រធានគណបក្ស ដែលត្រូវគេបិទសិទ្ធិសេរីភាពវិញ ទើបជាកិច្ចការដែលត្រូវធ្វើ។ លោក បន្តថា ការធ្វើបែបនេះ ត្រូវគ្នាទៅនឹងសេចក្តីរំពឹងរបស់ពលរដ្ឋ ត្រូវគ្នាទៅនឹងបរិបទវិវត្តន៍នយោបាយក្នុងតំបន់ជាមួយភូមា និងថៃឡង់ ហើយក៏ជាដង្ហើមតស៊ូ ចូលក្នុងចរន្តនៃការតាមឃ្លាំមើលរបស់សហគមន៍អន្តរជាតិផងដែរ។

លោក បញ្ជាក់ថា ការនាំគ្នាទៅបង្កើតគណបក្សថ្មីៗ ធ្វើឲ្យមហាជនមើលឃើញថា ជាការបោះបង់ជំហរសកម្មភាពរួបរួមកម្លាំងគណបក្សរបស់ខ្លួន ដែលគេកម្ទេចយ៉ាងអយុត្តិធម៌ និងជាការបោះបង់មេដឹកនាំ ដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ។ លោក គឹម សុខ អះអាងថា ការធ្វើនយោបាយខ្វះគុណធម៌បែបនេះ ជាការធ្វើនយោបាយដែល បាត់បង់គោលការណ៍តស៊ូ និងបំផ្លាញស្មារតីអ្នកគាំទ្រតែប៉ុណ្ណោះ។

បច្ចុប្បន្ន គណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃស្របតាមនីតិវិធីច្បាប់ គឺមានចំនួន៣៨ គណបក្ស ហើយ ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិកាន់តែគៀកចូលមកដល់ ក្នុងឆ្នាំ២០២២ និង ២០២៣ ខាងមុខនេះ។

សហមេធាវីរបស់ លោក កឹម សុខា អះអាងថា ពិភពលោកទទួលស្គាល់ថា លោក កឹម សុខា ជាមេដឹកនាំដែលគោរព លើកស្ទួយ និងការពារ សិទ្ធិមនុស្ស ដូច្នេះគាត់មិនមានគំនិតអគតិណាមួយទៅរារាំង ឬឃាត់ឃាំងបុគ្គលណា ឬក្រុមណាដែលប្រើសិទ្ធិស្វ័យសម្រេចរបស់ខ្លួនស្របតាមច្បាប់ ទៅបង្កើតគណបក្សនយោបាយ ឬចលនាណាមួយនោះទេ។

លោកមេធាវី ចាន់ ចេន បានសេសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា មេបក្សប្រឆាំងលោក កឹម សុខា មិនមានអំណាចអាចទៅដក ឬហាមឃាត់សិទ្ធិបុគ្គលណាឬក្រុមណាមិនឲ្យធ្វើកិច្ចការរបស់ពួកគេនោះទេ ជាពិសេសការពាក់ព័ន្ធទៅនឹងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលបានចេញទៅបើកបក្សនយោបាយ ឬចលនានយោបាយដោយខ្លួនឯងនោះ ប៉ុន្តែសូមកុំយកករណី និងឈ្មោះលោកកឹម សុខា ទៅភ្ជាប់ពាក់ពន្ធ័ឲ្យសោះ។

បញ្ហានេះ លោក ថា ការបង្កើតគណបក្ស ឬចលនានយោបាយដោយខ្លួនឯង គួររក្សាក្រមសីលធម៌នយោបាយ និងសេចក្តីថ្លៃថ្នូរ របស់ខ្លួនដើម្បីបានការគាំទ្រពីពលរដ្ឋ ជាជាងការធ្វើសកម្មភាពដោយកេងចំនេញលើអ្នកដ៏ទៃដែលមិនពាក់ព័ន្ធនឹងខ្លួន ជាងនេះទៀត លោកថា អ្នកទាំងនោះមិនត្រូវយកសេចក្តីថ្លែងការណ៍របស់សហមេធាវីរបស់ លោក កឹម សុខា កាលពីពេលថ្មីៗនេះទៅបកស្រាយបំភ្លៃខុសពីការពិតបន្តទៀតនោះទេ។

ជុំវិញបញ្ហានេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សដែលខ្លួនធ្លាប់រួមរស់ ទៅបង្កើតបក្សថ្មី លោក អ៊ូ ចន្ទរ័ត្ន បានសេរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដែលទំនងសំដៅដល់អ្នក រិះគន់ លើការបើកបក្សថ្មីរបស់លោកថា មិនធ្វើអ្វីសោះ ក៏ដំណើរផែនដីនៅតែវិលដែរ ពេលវេលាមិននៅស្ងៀមជាមួយនរណាម្នាក់ឡើយ។

ប៉ុន្តែមន្រ្តីគណបក្សសង្គ្រោះជាតិខ្លះអះអាងថា អ្នកដែលមិនធ្វើអ្វីសោះនោះ គឺលោក អ៊ូ ច័ន្ទរ័ត្ននេះហើយ ហើយពេលដែលលោកចាប់ផ្តើមធ្វើសកម្មភាព គឺជាពេលដែលលោកត្រូវបំបែកខ្លួនពីគណបក្សសង្គ្រោះជាតិ ដែលកំពុងរងគ្រោះទៅបង្កើតបក្សថ្មីហើយអូសទាញមន្រ្តីមួយចំនួនរបស់បក្សនេះទៅជាមួយថែមទៀត។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ លោកកឹម សុខា នៅតែជាមនុស្សស្អាតស្អំ ព្រោះតុលាការមិនទាន់សម្រេចថាលោកមានទោសឬ អត់នៅឡើយទេ។  ក្រៅពីរំលាយបក្សសង្រ្គោះជាតិ តុលាការនេះបាន ចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ថែមទៀត។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ នេះ មានគណបក្សថ្មីៗចំនួន៤ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំង ដូចជា គណបក្ស ខ្មែរស្រលាញ់ជាតិ របស់លោក ជីកត្តា និងលោក កង គឹម ហាក់ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ គាំ និងលោក គង់ ម៉ូនី ការ គណបក្ស ខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ និង គណបក្ស កំណែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្នរ័ត្ន ដែលបានដាក់ឯកសារផ្លូវច្បាប់ទៅក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស