32.5 C
Phnom Penh

សកម្មជនសិទ្ធិមនុស្សថា រដ្ឋាភិបាលកម្ពុជាគួរតែរៀបចំថវិការជាតិឲ្យបានច្បាស់លាស់ដើម្បីបំពេញសេចក្តីត្រូវរបស់ពលរដ្ឋឲ្យបានគ្រប់គ្រាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារសិទ្ធិមនុស្ស ជុំរុញ ឲ្យរដ្ឋាភិបាលកម្ពុជារៀបចំថវិការជាតិឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញសេចក្តីត្រូវរបស់ពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយ ជាជាងទុកឲ្យពលរដ្ឋដាច់បាយរហូតបង្ខំចិត្តចំណាកស្រុកដើម្បីក្រពះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអាជ្ញាធររារាំងក្នុងពេលចុះចែកអំណោយជូនពលរដ្ឋដែលកំពុងជួបប្រទះជីវភាពខ្វះខាតក្នុងគ្រួសារធ្ងន់ធ្ងរ ដែលកំពុងត្រូវការជំនួយសង្គ្រោះបឋមជាបន្ទាន់។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានគោលបំណងតែមួយគត់គឺជួយផ្តល់ជំនួយសង្គ្រោះបឋមដល់ពលរដ្ឋដែលកំពុងជួបការលំបាកបាត់ការងារ និងគ្មានបា្រក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យបានទាន់ពេលវេលា។

លោក អះអាងថា ជំនួយរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្យាយាមផ្តល់ជូនពលរដ្ឋដែលងាយរងគ្រោះឲ្យបានតាមសេចក្តីត្រូវការរបស់ពួកគេ ព្រោះថា បន្ទាប់ពីគ្រោះមហន្តរាយដោយសារទឹកជំនន់ និងជំងឺរាតត្បាតជាសកល ពួកគេមិនអាចរកការងារធ្វើបានទាំងក្នុងស្រុក និងការធ្វើចំណាកស្រុកដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគេ ជាជួបការលំបាកយ៉ាងខ្លាំង។

លោក វន ពៅ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់បើកទូលាយដល់សប្បុរសជនចូលរួមផ្តល់អំណោយដល់ពលរដ្ឋក្រីក្រក្នុងស្ថានវិបត្តិកូវីដ១៩ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវតៀមបម្រុងថវិការឲ្យបានពេញលេញដើម្បីបញ្ចៀសហានិភ័យរបស់ពលរដ្ឋងាយរងគ្រោះ។ លោកបន្តថា រដ្ឋត្រូវមានកាតព្វកិច្ច បង្កើតកិច្ចព្រមព្រៀងសង្គម ច្បាស់លាស់មួយដើម្បីធានាសុខមាលភាព និងជីវភាពសមរម្យរបស់ពលរដ្ឋពេលជួបគ្រោះមហន្តរាយ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន បាននាំយកជំនួយសង្គ្រោះបឋមជា អង្ករ ជាមួយក្រុមការងារ យកទៅចែកជូនពលរដ្ឋចំនួន ៤០គ្រួសារ ដែលស្ថិតក្នុងភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាអកុសល ក្រុមការងាររបស់លោក វន ពៅ ត្រូវអាជ្ញាធរក្រុងប៉ោយប៉ែតប្រមាណ ២០នាក់ ធ្វើសកម្មភាពរារាំងដោយតម្រូវឲ្យលោកដាក់លិខិតស្នើសុំពីអភិបាលក្រុងប៉ោយប៉ែតជាមុនសិនទើបអាចចែកអំណោយទាំងនោះបាន។ ក្រោយពេលលោក វន ពៅ បានទាក់ទងតាមទូរស័ព្ទជាមួយអភិបាលក្រុងប៉ោយប៉ែតរួចមក ក្រុមការងាររបស់លោក ក៏ត្រូវបានអាជ្ញាធរអនុញាតិឲ្យចែកអំណោយទាំងនោះ តែស្ថិតក្នុងការឃ្លាំមើលរបស់អាជ្ញាធរជានិច្ច។

យ៉ាងនេះក្តី សកម្មភាពនៃការចែកអំណោយនេះត្រូវអាជ្ញាហាមប្រាមមិនឲ្យក្រុមការងារនេះ ធ្វើការសំណេះសំណាលជាមួយពលរដ្ឋនោះទេ ដោយសំអាងថាដើម្បីបង្ការជំងឺកូវីដ១៩។ ជាងនេះទៀតក្រុមអាជ្ញាធរទាំងនោះបានថតសកម្មភាពចែកអំណោយរបស់ពួគេ តាំងពីដើមរហូតដល់ចប់ផងដែរ។ បញ្ហានេះ ត្រូវគេមើលឃើញថា ជាការរឹតត្បិតសេរីភាព និងជាការគម្រាមកំហែងផ្នែកស្មារតីក្នុងការចូលរួមរបស់ ពលរដ្ឋក្នុងកម្មវិធីមនុស្សធម៌របស់សង្គមជាតិ។

កាលពីអំឡុងឆ្នាំ២០២០ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមផ្តល់អំណាយដល់ពលរដ្ឋពលតាមលទ្ធភាពរបស់ខ្លួន ជាពិសេសពលរដ្ឋរងគ្រោះក្នុងទីក្រុងភ្នំពេញ។

យុទ្ធនាការចែកអំណោយដល់ពលរដ្ឋរងគ្រោះនេះគឺសំដៅជាអាទិភាពលើសមាជិករបស់សមាគមដែលជួបការលំបាកខ្លាំង និងពលរដ្ឋទូទៅដែលងាយរងគ្រោះ។

ជំនួយទាំងនេះ សមាគមន ទទួលបានមកពីសប្បុរសជនមួយចំនួន និងជំនួយរបស់អង្គការសង្គមស៊ីវិលផងដែរ ជាងនេះទៀត គឺបានមកពីការធ្វើវិភាគទាន របស់សមាជិក នៃសមាគមននេះ ដែលជាអ្នកមានជីវភាពសមរម្យ ដើម្បីជួយពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាកខ្លាំងឲ្យបានទាន់ពេលវេលា។

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រតិបត្តិការ ការងាររបស់ខ្លួនរយៈពេល ១៦ឆ្នាំមកហើយ ដោយមានការិយាល័យកណ្តាលនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញខាសាតាមខេត្តក្រុង មួយចំនួនដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពត។

ជុំវិញបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បីសុំការបំភ្លឺបន្ថែមចំពោះការលើកឡើងខាងលើនេះបាននៅទេ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ ជាសកម្មជនសិទ្ធិមនុស្សម្នាក់ដែលសកម្មចេញមុខការពារសិទ្ធិកម្មករ និងអ្នករត់ម៉ូតូឌុបឬ រឺម៉កកង់បីជាដើម។ ក្នុងការងារតវ៉ាទាមទារទាំងនោះ លោកធ្លាប់ត្រូវបានអាជ្ញាធរ វាយដំ និងឃុំខ្លួនថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស