38 C
Phnom Penh

ក្រោយប្រើអំពើហិង្សាលើអតីតភរិយា ឧកញ៉ាឌួង ឆាយ ត្រូវបានប្រមុខរដ្ឋស្តីទីបញ្ចប់មុខងារជាឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយបែកធ្លាយវីដេអូបង្ហាញពីសកម្មភាពប្រើអំពើហិង្សាលើអតីតភរិយានាពេលថ្មីៗនេះ ឧកញ៉ា ឌួង ឆាយ ដែលជាកូនប្រុសបង្កើតរបស់ឧកញ៉ា ឌួង ងៀប ត្រូវបានប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ សម្រេចបញ្ចប់មុខងារជាឧកញ៉ាតែម្តង។

ក្នុងលិខិតរបស់ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះ បានទូលថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំបញ្ចប់គោរមងារ«ឧកញ៉ា»ពីលោក ឌួង ឆាយ។

លិខិតដដែល បានទូលថ្វាយទៅព្រះមហាក្សត្រដោយស្នើសុំព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីសុំបញ្ចប់គោរមងារ«ឧកញ៉ា»ពីលោក ឌួង ឆាយ ។

សំណើរថ្វាយព្រះមហាក្សត្រព្រះរាជតម្រិះនេះ ក្រោយពីបែកធ្លាយវីដេអូឃ្លីបដែលបង្ហាញពីសកម្មភាពឧកញ៉ាឌួង ឆាយ  បានប្រើប្រាស់ហិង្សាលើអតីតភរិយារបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ទោះជាយ៉ាងណា ក្នុងលិខិតនោះមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្នើសុំនេះទេ។

មា្ចស់គណនីហ្វេសប៊ុកឈ្មោះ MLN brand by dalyss ត្រូវគេស្គាល់ថាជាអតីតភរិយា លោក ឌួង ឆាយ គឺអ្នកស្រី ដេត មាលីណា បានបង្ហោះវីដេអូដែលយកមកពីកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពអតីតស្វាម៉ី បានប្រើអំពើហិង្សាមកលើខ្លួនកាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងចេតនា ដើម្បីបកស្រាយការពិត និងទាមទារនូវយុត្តិធម៌។

យ៉ាងណាកាលថ្ងៃទី១៦ ខែមីនា លោក ដួង ឆាយ បានផ្សាយផ្ទាល់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនដើម្បីបំភ្លឺអំពីវីដេអូបែកធ្លាយនោះថា មុននឹងឈានដល់ការប្រើអំពើហិង្សាបែបនេះ គឺមានហេតុផលខ្លះដែលអតីតភរិយាគាត់មានចេតនាញុះញង់ឲ្យគាត់ខឹងក្នុងបំណងដើម្បីថតវីដេអូនេះទុក ដែលបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថលើក្រុមគ្រួសាររបស់លោកជាដើម។

ទោះបីជាយ៉ាងនេះក្តី  ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយថ្កោលទោសលោក ឌួង ឆាយ ចំពោះការប្រើអំពើហិង្សាក្នុងគ្រួសារ លើអតីតភរិយារបស់ខ្លួន។

ក្រសួងបានចាត់ទុកអំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាពណាក៏ដោយ ជាអំពើមិនអាចទទួលយកបាន ហើយក៏មិនអាចអត់ឱនឱ្យបានដែរ។

រីឯជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសង្គម ហើយអ្នកដែលប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស