29.6 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងស្ថិតក្នុងស្ថានភាពទ័លច្រក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅប្រទេស អះអាងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងត្រដាបត្រដួស ឆ្ពោះទៅរកផ្លូវទ័លច្រកហើយ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩  ខែមីនា នេះថា ស្ថានភាពនៅភូមា បានដាស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសលោកសេរី ចាប់អារម្មណ៍ខ្លាំងអំពីឥទ្ធិពលមេដឹកនាំ ផ្តាច់ការដែលយោធាដើម្បីការពារ និងដណ្តើមអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចនៅជុំវិញពិភពលោក ។

លោក អះអាងថា ចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ នឹងដាក់ចេញនូវយន្តការ ជាក់ស្តែងនានា ក្នុងការទប់ស្កាត់នៃការរីករាលដាល មេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក។ 

បញ្ហានេះ ប្រាកដណាស់នឹងធ្វើឱ្យលោក ហ៊ុន សែន រងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ដើម្បីទម្លុះភាពទាល់ច្រកនេះ លោក ហ៊ុន សែន ត្រូវការចាំបាច់សម្របសម្រួលស្ថានភាពនយោបាយជាមួយក្រុមប្រឆាំងដោយជៀសមិនរួច។

លោក ទូច វិបុល អះអាងថា ដើម្បីដោះស្រាយសម្ពាធពីមហាអំណាចលោកសេរី លោក ហ៊ុន សែន អាចនឹងលើកលែងទោសឲ្យអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី  ទម្លាក់ចោលរាល់បទចោទលើលោក កឹម សុខា ឬត្រូវដោះលែងអ្នកប្រជាធិបតេយ្យ ដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSPរបស់សហរដ្ឋអាមេរិកជាដើម។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវ ឲ្យមានការឈប់ប្រើអំពើហិង្សានៅមីយ៉ាន់ម៉ា និងស្នើឲ្យប្រធានអាស៊ាន កោះសមាជិកអាស៊ាន ប្រជុំជាបន្ទាន់ដើម្បីពិភាក្សាបញ្ហានៅមីយ៉ាន់ម៉ាតែម្តង។

យ៉ាងណាប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនតែងប្រកាសក្តែងៗកន្លងមកថា រដ្ឋាភិបាលរបស់លោកកំពុងដើរលើផ្លូវត្រូវ ហើយការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងការកាត់ទោសមន្ត្រីគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ គឺ ជាការអនុវត្តច្បាប់សុទ្ធសាធ មិនមានអ្វីផ្ទុយទៅនឹងច្បាប់នោះឡើយ។

លើសពីនេះ លោកហ៊ុន សែន ធ្លាប់បានប្រកាសបិទផ្លូវចរចាជាមួយមន្ត្រីគណបក្សសង្រ្គោះជាតិ និងបានហាមមិនឱ្យបរទេសលូកដៃទៀតផង ព្រោះរដ្ឋាភិបាលរបស់លោកគ្មានអ្វីដែលត្រូវបារម្ភ និងគ្មានអ្វីដែលត្រូវចរចានោះឡើយ។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីបញ្ជៀសការងើបឡើងតវ៉ារបស់ពលរដ្ឋខ្មែរ ដែលមានពលរដ្ឋភូមាជាគំរូ លោក ហ៊ុន សែន បានយកលេសជំងឺកូវីដ១៩ បង្កើតច្បាប់ និងអនុក្រឹត្យជាបន្តបន្ទាប់ដើម្បីចោទប្រកាន់ និងដាក់ទោសទៅលើក្រុមណាដែលនាំឲ្យមានការតវ៉ានឹងអំណាចគាបសង្កត់របស់លោក ជាជាងការបង្កើតច្បាប់ដើម្បីការពារវីរុសកូវីដ១៩។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ច្បាប់នេះថា ច្បាប់កូវីដ១៩ ដែលបានចូលជាធរមាននិងត្រូវអនុវត្តជាអចិន្ត្រៃយ៍ដោយមិនចាំបាច់មានការប្រកាសភាពអាសន្ននោះ បានផ្តល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាតិ ដោយឥតកំណត់ព្រំដែន ដោយគ្មានយន្តការត្រួតពិនិត្យមើលការអនុវត្តច្បាប់ និងដោយគ្មានការកំណត់រយ:ពេលជាក់លាក់នោះ វាជាគ្រោះថ្នាក់ខ្លាំងសម្រាប់ពលរដ្ឋខ្មែរ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស