30.4 C
Phnom Penh

សាធារណជនស្នើ លោក ហ៊ុន សែន បញ្ជូនមន្ត្រីចុះស៊ើបអង្កេត ស្រាវជ្រាវអ្នកពាក់ព័ន្ធបទល្មើសដឹកដីចាក់លុបឆ្នេរសមុទ្រ នៅស្រុកស្ទឹងហាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើឲ្យ លោក ហ៊ុន សែន បញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេតសកម្មភាពល្មើសច្បាប់ដឹកដី និងថ្ម ចាក់លុបឆ្នេរសមុទ្រ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយស្រាវជ្រាវរកអ្នកប្រព្រឹត្តិល្មើស និងខ្នងបង្អែកមកផ្ដន្ទាទោសតាមច្បាប់។

ករណីនេះ ពលរដ្ឋមានចម្ងល់ថា តើមូលហេតុអ្វីបានជា អាជ្ញាធរឃុំអូរត្រេះ និងអាជ្ញាធរស្រុកស្ទឹងហាវ មិនហានឃាត់សកម្មភាពល្មើស ឬវែករកមុខបុគ្គល ឬឈ្មួញ ដែលចាក់ដីលុបឆ្នេរសមុទ្រ។ ពលរដ្ឋចោទជាសំណួរដា តើអាជ្ញាធរទាំងនោះ មានចេតនាចង់លាក់បាំងអ្នកនៅពីក្រោយបទល្មើសនេះ។

ពួកគេចោទជាសំណួរថា តើលោក ហ៊ុន សែន ឬលោក ឱម យិនទៀង ហ៊ានបញ្ជូនមន្ត្រី ចុះស៊ើបអង្កេត ដើម្បីចាត់វិធានការបុគ្គលដែលពាក់ព័ន្ធបទល្មើសលុបឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិឯកជននេះដែរ ឬទេ ឬក៏ទុកឲ្យមន្ត្រី និងឈ្មួញខិលខូចធ្វើសកម្មភាពល្មើសស្រេចតែអំពើចិត្ត ខូចគោលនយោបាយ រដ្ឋាភិបាលលោក ហ៊ុន សែន បែបនេះ?

គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” បានដកស្រង់សម្ដី លោក អ៊ុង ឆាលី អភិបាលរងស្រុកស្ទឹងហាវ ថា រដ្ឋបាលស្រុក បានយកគ្រឿងចក្រមកជីកកាយយកអាចម៍ដី ចេញពីឆ្នេរសមុទ្រ ដែលជនល្មើសចាក់លុបខុសច្បាប់ខាងលើនេះ ដោយអនុវត្តតាមសេចក្តីជូនដំណឹង កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ។ ប៉ុន្តែនៅមិនទាន់បញ្ជាក់ច្បាស់ថា នៅពេលណាទើបកាយយកអាចម៍ដីចេញពីឆ្នេរសមុទ្ររួចនោះ នៅឡើយទេ។

ឆ្នេរសមុទ្រដែលជនល្មើសដឹកដីចាក់លុបនោះ គឺស្ថិតនៅបណ្តោយផ្លូវលេខ១៤៨ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ បានអះអាងថា ពួកគេនៅមិនទាន់អាចរកឃើញ អ្នកនៅពីក្រោយសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រនេះទេ។ ប៉ុន្តែការបកស្រាយនេះ ត្រូវបានពលរដ្ឋរស់នៅខេត្តព្រះសីហនុ ចាត់ទុកថា គ្រាន់តែជាការដោះសាឲ្យរួចពីមាត់ និងគ្មានការទទួលខុសចំពោះការងាររបស់ខ្លួនតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស