32.5 C
Phnom Penh

បាតុកម្មធំៗជាច្រើន បន្តទៀតនៅប្រទេសភូមាខណៈក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្នើសុំឲ្យ UN អនុម័តវិធានការជាក់ស្ដែងលើពួកយោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះជាចំនួនអ្នកស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា កើតមានជារៀងរាល់ថ្ងៃ ក៏កម្លាំងប្រជាធិបតេយ្យភូមា បានបន្តដើរតាមដងផ្លូវជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនានេះ ។

ពលរដ្ឋភូមា មិនបានបាក់ទឹកចិត្ត និងខ្លប់ខ្លាចចំពោះការបង្រ្កាបរបស់ពួកយោធានោះទេ។ ការចេញធ្វើបាតុកម្ម នៅថ្ងៃនេះ គឺបន្ទាប់ពីបានធ្វើកូដកម្មស្ងៀមស្ងាត់ មិនចេញពីផ្ទះ កាលពីថ្ងៃទី២៤មីនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដល់មនុស្ស២៨៦នាក់ដែលបានស្លាប់ ។

សេចក្ដីរាយការណ៍របស់ សារព័ត៌មាន Press Association បានចុះផ្សាយថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសភូមាបានវិលត្រឡប់មកតាមផ្លូវវិញហើយ ក្នុងចំនួនដ៏ច្រើនជាថ្មីទៀត។

វិទ្យុសំឡេងប្រជាធិបតេយ្យភូមាដែល ផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតបានអោយដឹងថាយុវជនពីរនាក់ត្រូវបានបាញ់សម្លាប់និងរងរបួសធ្ងន់ជាច្រើននាក់នៅរដ្ឋការ៉េន។

ប៉ុន្តែបាតុកម្មផ្សេងទៀត បានដំណើរការ ដោយសន្តិវិធីកាលពីព្រឹកថ្ងៃនេះ។ បាតុកម្មកើតមាននៅទីក្រុង ម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុត ទី ២ របស់ប្រទេសនេះនិងនៅតាម សង្កាត់នានានៃទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំជាងគេនៃប្រទេសភូមា។

ប៉ុន្តែវិទ្យុសំឡេងប្រជាធិបតេយ្យ ភូមាក៏បានរាយការណ៍ថាយុវជនម្នាក់ទៀត ត្រូវបានសម្លាប់ហើយយ៉ាងតិចណាស់មនុស្ស ៤នាក់ផ្សេងទៀតបានរងរបួស កាលពីយប់ថ្ងៃពុធ នៅក្នុងអ្វីដែលបានពិពណ៌នាថាជាការបង្ក្រាបរបស់ពួកយោធា នៅកណ្តាលទីក្រុងដ៏ធំរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការរឹបអូសយកអំណាចដោយរដ្ឋប្រហាររបស់ពួកយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈគឺជាការបញ្ចប់រដ្ឋាភិបាលជាប់ឆ្នោតនៃ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី ។

រដ្ឋប្រហារបស់ពួកយោធាធ្វើអោយប្រទេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះវិលទៅរក ការដឹកនាំ ដោយរបបសឹក កាលពីប្រាំទសវត្សមុន ។

រដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ ត្រូវត្រៀម ចូលកាន់តំណែងមួយអាណត្តិប្រាំឆ្នាំទៀត ប៉ុន្តែរបបប្រជាធិបតេយ្យរបស់ បក្សមួយនេះ ត្រូវវាយកំទេចអស់ហើយ។

ដោយមិនអាចបន្តរស់នៅក្រោមរបបរបស់ពួកយោធា គឺពលរដ្ឋភូមា ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ មកពីគ្រប់និន្នាការ បានចេញដើរតវ៉ាតាមដងផ្លូវ ភ្លូកទឹកភ្លូកដី ប្រឆាំងរបបរដ្ឋប្រហារ។ ប៉ុន្តែរបបនេះ មិនបានផ្ដល់ឱកាសអោយបាតុកររីកមាឌកាន់តែធំឡើយ។ ពួកយោធា បានបាញ់បង្រ្កាបដ៏បង្ហូរឈាម ដោយបណ្ដាលឲ្យឈាមបាតុករ ស្រក់តាមដងផ្លូវ ហើយស្លាប់ជារៀងរាល់ថ្ង។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយភូមា បានធ្វើសេចក្ដីរាយការណ៍ថា យ៉ាងតិចណាស់មានមនុស្ស ២៨៦ នាក់ត្រូវបានសម្លាប់ដោយសារការបង្ក្រាបរបស់ពួកយោធា។ របាយការណ៍របស់សមាគមនេះបានអោយដឹងទៀតថា មនុស្សចំនួន ២៩០៦ នាក់ត្រូវបានចាប់ខ្លួន។ កាលពីថ្ងៃពុធ ទី២៤ ខែមីនា ក្រុមអ្នកតវ៉ាជិត ៧០០ នាក់ត្រូវបានដោះលែងពីពន្ធនាគារ Insein នៅក្រុងយ៉ាំងហ្គោន។ អ្នកសង្កេតការណ៍មើលឃើញថា នេះជាកាយវិការបស់ពួកយោធា នៅក្រោមសម្ពាធរបស់សហគមអន្តរជាតិ។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ២៧ប្រទេស បានបន្ថែមទណ្ឌកម្ម ទៅលើគ្រួសាររបស់ឧត្តមសេនីយ៍រដ្ឋប្រហារ។ ទណ្ឌកម្មមានដូចជាការបិទទិដ្ឋការ និងបង្កកទ្រព្យសម្បត្តិរបស់គ្រួសារទាំងអស់របស់ ពួកឧត្តមសេនីយ ហើយក្រុមហ៊ុនណា ដែលមានទំនាក់រកស៊ី ជាមួយក្រុមរដ្ឋប្រហារ ក៏ត្រូវបានបង្កផងដែរ។

ស្របពេលនេះ មានសេចក្ដីរាយការណ៍មួយ ពីប្រទេសស្វីស បានឱ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន ៤៧ប្រទេស តំណាងឲ្យ   ១៩៣ប្រទេស នៅទូទាំងពិភពលោក បានស្នើសុំឱ្យអង្គការសហប្រជាជាតិឲ្យមានដំណោះស្រាយមួយជាបន្ទាន់ ទៅលើពួកយោធាភូមា។

ការអនុម័តនេះគឺជាព្រឹត្តិការណ៍ថ្មីទៀតក្នុងកិច្ចប្រជុំរបស់ស្ថាប័នមួយនេះផ្ដោតទៅលើវិបត្តិនៃប្រទេសភូមា។ សេចក្ដីថ្លែងការណ៍មួយទៀតរបស់ក្រុមប្រឹក្សានេះ បានបង្ហាញពីការព្រួយបារម្ភជាខ្លាំងថា អាយុជីវិតរបស់មនុស្សនៅក្នុងប្រទេសភូមា កាន់តែបន្ដស្លាប់ថែមទៀត ហើយពួកយោធាទំនង នឹងមិនដកថយ ការប្រើប្រាស់អាវុធបាញ់ សម្លាប់ជនស៊ីវិលនោះទេ។ សេចក្ដីថ្លែងការណ៍របស់ស្ថាប័ននេះ បានទាមទារឱ្យពួកយោធាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ទាំងឡាយដែលមានទៅលើបាតុករ ដោយចាត់ទុកថា វាជាឧក្រិដ្ឋកម្ម យ៉ាងពិតប្រាកដប្រឆាំងនឹងមនុស្សជាតិ។

ការអនុម័តនូវការទាមទារ ឱ្យមានដំណោះស្រាយជាបន្ទាន់នេះត្រូវបានរាយការណ៍ មកថាធ្វើឡើងតាមសំណើរបស់សហភាពអឺរ៉ុបដែលមាន២៧ប្រទេស។

សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការទៅលើពួកឧត្តមសេនីយ៍យោធាចំនួន១១រូប។

សហភាពអឺរ៉ុបប្រកាសថា ទណ្ឌកម្មនេះពិតណាស់មិនធ្ងន់ធ្ងរខ្លាំងទេ ទៅលើពួកយោធាភូមា ប៉ុន្ដែគឺជាការប្រាប់ថាសហគមន៍អន្ដរជាតិចាប់ផ្ដើមមានវិធានការមួយជំហានៗហើយ ប្រឆាំងនឹងរបបរដ្ឋប្រហារ។

ក្នុងបុព្វហេតុនេះ សហភាពអឺរ៉ុបបានស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សបន្ដប្រជុំរបស់ខ្លួនទៀតអំពីប្រទេសភូមា ហើយក៏សមាជិកទាំង៤៧ប្រទេស សូម្បីតែប្រទេសចិននិងរុស្ស៊ីក៏មិនបានជំទាស់ផងដែរនៅពេលនេះ។

បែបណាក៏ដោយបាតុកម្ម ដែលបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅថ្ងៃនេះ គឺ កម្លាំងប្រជាធិបតេយ្យប្រទេសភូមាបានបង្ហាញថាពួកគេធ្វើបាតុកម្មបន្ដទៀតនេះគឺប្រាប់ទៅពិភពលោកថា មិនមែនជាក្បួនបាតុកម្មនោះទេគឺជាចលនាបដិវត្តន៍មួយដ៏ខ្លាំងប្រឆាំងនឹងរបបខុសច្បាប់របស់ពួកយោធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស