32.5 C
Phnom Penh

សហរដ្ឋអាមេរិកថា តុលាការកម្ពុជា មិនឯករាជ្យ ដូចចែងក្នុងរដ្ឋធម្មនុញ្ញទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យដែលធ្វើការទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិការងារ របស់សហរដ្ឋអាមេរិក អះអាងថា ការឃុំខ្លួនមេបក្សឆាំង លោក កឹម សុខា គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរដែលបានចែងអំពីប្រព័ន្ធតុលាការឯករាជ្យ ខណៈរដ្ឋាភិបាលកម្ពុជា បានប្រើអំណាចគ្រប់គ្រងយ៉ាងទូលំទូលាយលើអំណាចតុលាការមួយនេះយ៉ាងពេញទំហឹង។

ការិយាល័យនេះ បានបញ្ចេញរបាយការសង្ខេបរបស់ខ្លួនកម្រាស់ជាង២០ទំព័រ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះស្ដីពី ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២០ ថា ការសម្រេចសេចក្តីរបស់តុលាការស្ថិតក្រោមឥទ្ធិពលនយោបាយទាំងស្រុងដូចជា ករណី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាដើម រដ្ឋាភិបាលកម្ពុជា បានឃុំខ្លួនមេបក្សប្រឆាំងរូបនេះក្នុងផ្ទះតាមអំពើចិត្ត និងហួសពីច្បាប់កំណត់។ ប្រភពដដែល អះអាងថា ច្បាប់បានចែងពីការការចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យតាមអំពើចិត្ត ហើយក៏បានកំណត់ការឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្នផងដែរថា អាចឃុំខ្លួនក្នុងរយៈពេលអតិបរមាត្រឹម ១៨ខែ ប៉ុណ្ណោះ ខណៈ រដ្ឋាភិបាលបានឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្នអស់រយៈពេល ២៦ខែ ឯណោះ នៅក្នុងមន្ទីរឃុំឃាំង។

របាយការណ៍នេះបានរិះគន់លើការប្រើអំណាចរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្ទុយរដ្ឋធម្មនុញ្ញ រំលោភលើស្ថាប័នតុលាការ ដើម្បីបម្រើប្រយោជន៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា មានទាំងមន្ត្រីតុលាការ ប្រធានតុលាការកំពូលផងសុទ្ធសឹងតែជាមន្ត្រីដែលមានតំណែងខ្ពស់ៗក្នុងគណបក្សកាន់អំណាច ជាក់ស្តែង លោក លី ច័ន្ទតុលា ជាសមាជិកគណបក្សកាន់អំណាចដែលបានជួយរៀបចំសេចក្តីព្រាងច្បាប់រំលាយគណបក្សសង្គ្រោះជាតិត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណៈមេធាវីផងដែរ។

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅដាក់ពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ តាមសំណើលោក ហ៊ុន សែន  ដែលបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីឃុំខ្លួនរយៈពេលមួយឆ្នាំ លោក កឹម សុខា ត្រូវផ្ទេរពីពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មកឃុំខ្លួននៅគេហដ្ឋានរបស់លោកវិញ ក្រោមហេតុផលសុខភាព រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន តែត្រូវស្ថិតក្រោមការតាមដានរបស់តុលាការជាប្រចាំ។

លោក ហ៊ុន សែន បានអះអាងកាលពីដើមខែកញ្ញា ឆ្នាំ២០២០ ថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងពន្យារពេលដល់ឆ្នាំ២០២៤ ឯណោះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការចេញរបាយការណ៍ និងការវាយតម្លៃ របស់ប្រទេសលោកសេរី លើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងត្រឹមត្រូវដែលឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា ប៉ុន្តែគួរអ្វីដែលឲ្យសោកស្តាយ គឺរដ្ឋាភិបាលកម្ពុជា តែងព្យាយាមបដិសេធ និងរកលេសដោះសា ដែលធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជាកំពុងដើរប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែឆ្ងាយ។

លោកថា សង្គមស៊ីវិល មានការព្រួយបារម្ភយ៉ាងខ្លាំង ពីការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការរកដំណោះស្រាយ ដែលរបស់សហគមន៍អន្តរជាតិបានលើកឡើង។ ប្រទេសលោកសេរី នឹងមិនបណ្តែតបណ្តោយឲ្យកម្ពុជា ធ្វើអ្វីដែលខុស ទៅនឹងអនុសញ្ញា កតិកាសញ្ញានានា ជាដាច់ខាតក្នុងឋានកម្ពុជា ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ។

លោក សឹង សែនករុណា អំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់បទនានាលើបក្សប្រឆាំង ក៏ដូចជាសកម្មជនសិទ្ធិមនុស្សជាដើម ដើម្បីចូលរួមគ្នាកសាងជាតិ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា កំពុងជួបវិបត្តិទាំង សំពាធអន្តរជាតិ វិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជា អាចងើបឡើងវិញលើឆាកអន្តរជាតិក្នុងនាមជារដ្ឋអធិបតេយ្យ។

សង្គមស៊ីវិល ក៏បានបង្ហាញទិន្នន័យកាលពីចុងឆ្នាំ២០២០ ថា រដ្ឋាភិបាលកម្ពុជា បានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដោយប្រើតុលាការជាឧបករណ៍ដើម្បីរារាំង និងបំបាក់ស្មារតីអ្នកតវ៉ាទាមទារ សិទ្ធិសេរីបញ្ចេញមតិដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស