32.5 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា បក្សនឹងចុះខ្សោយបើនៅតែមានមន្ត្រីក្នុងបក្សកាងតំណែងតួនាទីដូចសព្វថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅក្រៅប្រទេស លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងបាត់បង់ធនធានមនុស្សជំនាន់ក្រោយដែលល្អៗ និងមានសមត្ថភាពជាបន្តបន្ទាប់ បើបក្សមួយនេះនៅតែមានវប្បធម៌កាងតួនាទីក្នុងបក្ស ហើយជាងនេះទៀត នឹងធ្វើឲ្យគណបក្សនេះចុះទន់ខ្សោយ ឈានទៅរកការបែបបាក់ នៅពេលអនាគតជាក់ជាមិនខាន។

អតីតអគ្គលេខាធិការនៃ គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស CNRPO លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះថា លោក ធ្លាប់បានប្រាប់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ពីការព្រួយបារម្ភរបស់លោក ថា មានមេដឹកនាំជាន់ខ្ពស់មួយចំនួន ក្នុងគណបក្សប្រឆាំង  សុទ្ធសឹងតែជាមនុស្សដែលគ្មានសមត្ថភាព ហើយចង់បានតែតួនាទី។

លោកអះអាងថា មនុស្សដែលគ្មានសមត្ថភាពទាំងនោះបានប្រើ វប្បធម៌ច្រណែនឈ្នានីស ប្រើវិធីមិនទាន់សម័យ ក្នុងការកាងតួនាទីដោយសារការភ័យខ្លាចបាត់បង់តំណែង មុខមាត់ចំពោះយុវជនជំនាន់ក្រោយ ដោយយកលេសចោទប្រកាន់យុវជនមានទស្សនៈល្អៗ ដែលផ្ទុយពីខ្លួនថា មានមោទនភាពលើខ្លួនឯងពេក ឬមិនចេះស្តាប់បង្គាប់មេ ជាដើម។

កាអះអាងនេះធ្វើឡើងបន្ទាប់ពីយុវជនអតីតគណបក្សសង្គ្រោះ ៣រូប បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២១ នេះ។ អ្នកទាំង ៣រូប រួមមានកញ្ញា យូ ចាន់ធានី អតីតអ្នកអានព័ត៌មានទំព័រ Facebook លោក សម រង្ស៊ី លោក ឃាន វិសេស អតីតសមាជិកគណៈប្រតិភូគណបក្សសង្គ្រោះជាតិ និងអតីតសមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ កញ្ញា សៅ ឧសភា ហៅ សភា មយូរ៉ា។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សន្តីអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ចុះផ្សាយថា យុវជនបក្សសង្គ្រោះជាតិ ដែលបានចុះចូលជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច គឺដោយសារ កត្តាជីវភាព និងការគំរាមកំហែង។

ប៉ុន្តែមន្ត្រីបក្សកាន់អំណាចអះអាងថា យុវជនទាំងនោះចូលរួមដោយស្ម័គ្រចិត្ត និងមើលឃើញពីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ការចុះចូលរបស់ក្រុមយុវជនគណបក្សសង្គ្រោះជាតិជាមួយគណបក្សកាន់អំណាចដោយសារកត្តារួមផ្សំជាច្រើនរួមមាន ៖ ១. ភាពអស់សង្ឃឹមលើយុទ្ធសាស្ត្រនយោបាយមិនច្បាស់លាស់របស់រដឹកនាំ។ ២. ពួកគេអាចយល់ឃើញថាមេដឹកនាំគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្តូររបបផ្តាច់ការ ។ ៣. ពួកគេអាចមើលឃើញអំពីការបែកបាក់ផ្ទៃក្នុងបក្សកាន់តែរីករាយធំឡើងៗ គ្មានដំណោះស្រាយជាក់លាក់ ។ ៤. ពួកគេអាចយល់ឃើញថា ការបណ្តែតបណ្តោយឲ្យមានការជេប្រមាថលាបពណ៌ ទម្លាក់ក្រមសីលធម៌របស់សកម្មជនក្នុងបក្សកាន់តែររីករាលដាលខ្លាំងឡើងៗក្នុងបណ្ដាញសង្គម ។ ហើយ៥.អាចបណ្តាលមកពីកត្តាជីវភាពគ្រួសារបង្ខំ ។

កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៩ កញ្ញា យូ ចាន់ធានី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈកញ្ញា សៅ ឧសភា ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយឡែកលោក ឃាន វិសេស ត្រូវក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែនផងដែរ។

ក្រោយតុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ បាន២ឆ្នាំ គឺនៅឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់មួយចំនួននៃគណបក្សប្រមាណជាង ២០នាក់ហើយ បានស្នើសុំសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រតាមរយៈក្រសួងមហាផ្ទៃ ជាបន្តបន្ទាប់។

ក្នុងចំណោមនោះ មន្ត្រីខ្លះបានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីបើកគណបក្សនយោបាយដោយខ្លួនឯងថែមទៀត ខណៈប្រធានបក្សប្រឆាំងលោក កឹម សុខា មិនទាន់មានសេរីភាព និងអតីតមេដឹកនាំបក្សនេះ លោក សម រង្ស៊ី ត្រូវតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ កាលពីដើមខែមីនា ឆ្នាំ២០២១នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស