30.4 C
Phnom Penh

ប្រមុខរដ្ឋាភិបាលកម្ពុជា ថានឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក និងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ពីបរទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ប្ដេជ្ញាថា កម្ពុជា នឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក ការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេសខាងក្រៅ និងប្រឆាំងដាច់ខាតសកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការផ្តួលរំលំ ឬការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

លោក ហ៊ុន សែន បានចេញលិខិតអបអរសាទរក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍលើគ្រប់វិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងអាគារពាណិជ្ជកម្មនានាជាដើម លើសពីនេះ កម្ពុជា ក៏បានបើកទូលលាយសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ក្នុងលិខិតអបអរសាទរដដែល អះអាងថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងសហប្រតិបត្តិការ ការទូតជាមួយបណ្តាប្រទេសនានាលើសកលលោក ដែលទទួលបាននូវលទ្ធផលគួរជាទីមោទនៈសម្រាប់ប្រទេសជាតិ និងប្រជាជន ដូចជា ការចូលរួមពិព័រណ៍ អាស៊ាន-ចិន ក្រោមមូលបទ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងរួមគ្នាពង្រឹងប្រតិបត្តិការសេដ្ឋកិច្ចក្នុងភាពជាដៃគូ។

សារលិខិតនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាការប្រារព្ធពិធី ចំពាក់កណ្តាលអាណត្តិរបស់រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំអភិវឌ្ឍប្រទេសជាតិកន្លងមក។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៤ មេសា នេះថា របាយការណ៍ឆ្នាំចាស់ ទំនងជាសរសេរតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ ដើម្បីអួតពីរឿងសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែវាមិនបញ្ជាក់ពីការពិតជាក់ស្តែង ចំពោះការដឹកនាំរបស់គាត់នោះឡើយ។

លោក គឹម សុខ អះអាងថា សព្វថ្ងៃនេះ ការវិនិយោគនៅក្រៅប្រទេសរបស់កម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ព្រោះត្រូវផ្អាកការបញ្ជាទិញពីសហគមន៍អឺរ៉ុប ស្ទើរតែទាំងស្រុង ដោយសារការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAផង និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ GSP បស់អាមេរិកផង ខណៈទំនាក់ទំនង ការទូតរវាងកម្ពុជាជាមួយប្រទេសលោកសេរី ដូចអាមេរិក និង សហភាពអឺរ៉ុប ជាដើម កាន់តែជូរចត់ថែមទៀត។

លោក បញ្ជាក់ថា មុនផ្ទុះឡើងជំងឺ Covid-19 កម្ពុជា បានអនុម័តថវិកាជាតិសម្រាប់ការចំណាយជាមធ្យមប្រចាំឆ្នាំប្រមាណ ៨ពាន់លានដុល្លារអាមេរិក ដែលនោះ គឺនៅមានផលអនុគ្រោះពន្ធ EBA និង GSP របស់អាមេរិកផង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអាចរកចំណូលបានតែចន្លោះពី ៣,៦ពាន់លានដុល្លារអាមេរិក ទៅ ៤ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។ លោកថា ចំណូលប្រចាំនេះមិនគ្រប់៥០% នៃការចំណាយប្រចាំឆ្នាំរបស់កម្ពុជានោះទេ ដូច្នេះថាតើរដ្ឋាភិបាលលោក ហ៊ុន សែន មានលុយឯណាសល់សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិCovid-19 នោះ។

អ្នកវិភាគរូបនេះ រិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កន្លងមកបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ស្ទើរមួយនគរ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះការដឹកនាំរបស់គាត់បានយកប្រទេសជាតិធ្វើជាថ្នូរ យក ពលរដ្ឋខ្មែរធ្វើជាឈ្នាន់ ដើម្បីតែអំណាចបក្ខពួក និងក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ កាលពីដើមខែមករា ឆ្នាំ២០២១ នេះ ក្នុងទិវាខួបលើកទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្ដែងមោទនៈភាពលើខ្លួនគាត់ថា ក្រោមការដឹកនាំដ៏វៃឆ្លាត របស់លោកដែលពោពេញទៅដោយបទពិសោធន៍ បានដឹកនាំកម្ពុជា ឲ្យមានការកសាង និងការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់នឹងសព្វថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស