29.6 C
Phnom Penh

រយៈពេល ២ ថ្ងៃ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង ១ពាន់ ២រយ នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល ២ ថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ១ពាន់ ២៤២ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងចាប់ពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី១៩ ខែមេសា កើនឡើងដល់ចំនួន ៦ពាន់ ៤៧០ នាក់។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា នេះ ក្រសួងសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦២៤ នាក់ ក្នុងនោះ មានរស់នៅរាជធានីភ្នំពេញចំនួន  ៤៦៥នាក់ ហើយនៅខេត្តព្រះសីហនុមានចំនួន ១៤៤នាក់ អ្នករស់នៅខេត្តតាកែវ ១០នាក់, ស្វាយរៀង ៣នាក់, កំពង់ចាមម្នាក់ និងខេត្តពោធិ៍សាត់ម្នាក់។ ក្រៅពីរកឃើញអ្នកឆ្លង ក្រសួងថា រយៈពេល ២ថ្ងៃ នេះ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១០៨នាក់ជាសះស្បើយផងដែរ។

ការរកឃើញចំនួនអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងនេះ ស្របពេលដែលក្រសួងសុខាភិបាលចាប់ផ្ដើមអនុវត្ដនូវឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយប្រើរយៈពេលត្រឹមតែ១៥នាទី នឹងដឹងលទ្ធផល។ 

បើតាមក្រសួងសុខាភិបាល ឱ្យដឹងថា ឧបករណ៍ធ្វើតេស្ដ រហ័សរកមេរោគកូវីដ-១៩ថ្មីនេះ  ដែលមានឈ្មោះថា « COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តដែលមានហានិភ័យខ្ពស់ផងដែរ។

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ  អះអាងថា ឧបករណ៍ធ្វើតេស្តរហ័សនេះ នឹងធ្វើឱ្យរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បានលឿន ដែលងាយស្រួលក្នុងការគ្រប់គ្រង និងឆាប់បញ្ចប់ការឆ្លងជំងឺនេះផងដែរ។

ករណីនេះ លោក យ៉ង សាំងកុមារ ថា ការធ្វើតេស្តរហ័សនឹងអាចបង្ហាញទិន្នន័យអ្នកឆ្លងលោតឡើងខ្ពស់ ប៉ុន្តែចំនួនអ្នកឆ្លងមានច្រើននេះ គឺក្នុងរយ:ពេលខ្លីតែប៉ុណ្ណោះ បើសិនជាមានការគ្រប់គ្រងចង្កោមនៃការឆ្លងជំងឺកូវីដ-១៩ បានត្រឹមត្រូវនោះ។

ទោះបីការឃើញអ្នកឆ្លងកូវីដច្រើន ជារឿងងាយស្រួលក្នុងការគ្រប់គ្រងនិងឆាប់បញ្ចប់ព្រិត្តិការណ៍នេះក្ដី ប៉ុន្តែលោក យ៉ង សាំងកុមារ បង្ហាញក្ដីបារម្ភចំពោះបន្ទុកនៃការទទួលព្យាបាល ខណៈអ្នកជំងឺកូវីដ-១៩ មួយចំនួនទៀត មិនទាន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ 

ក្នុងរយៈពេលជាងមួយឆ្នាំ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន  ៧ពាន់ ១៣ នាក់ ក្នុងនោះ អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន  ៦ពាន់៤៧០នាក់ ជា ខណៈអ្នកស្លាប់ឡើងដល់៤៥ នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២ពាន់ ៥២៤ នាក់ និងអ្នកជំងឺ ៤ពាន់ ៤៣៩ នាក់ទៀតកំពុងសម្រាកព្យាបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស