29.6 C
Phnom Penh

រដ្ឋាភិបាលរួបរួមជាតិភូមាស្នើសុំចូលរួមប្រជុំនៃសម័យប្រជុំកំពូលអាស៊ាន ខណៈមេរដ្ឋប្រហារទទួលបានការអញ្ជើញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៤ មេសាមេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នា នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី ។ កិច្ចប្រជុំកំពូលនេះ ផ្ដោតសំខាន់ទៅលើ វិបត្តិនយោបាយ និងអំពើហិង្សា នៅប្រទេសភូមាបន្ទាប់ពីពួកយោធា បានប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី។
ខណៈមេដឹកនាំអាស៊ាន ត្រូវជួបប្រជុំគ្នានេះ រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាល រួមរួបជាតិនៃប្រទេសភូមា ដែលបានចាប់បដិសន្ធិជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមេសា បានអំពាវនាវដល់ មេដឹកនាំសមាគមអាស៊ាន អនុញ្ញាតិ អោយតំណាងរបស់ខ្លួន បានទៅចូលរួមប្រជុំផង។

ការស្នើសុំរបស់រដ្ឋាភិបាល រួបរួមជាតិ ធ្វើឡើងបន្ទាប់ពីមេរដ្ឋប្រហារឧត្តមសេនីយ៍មីនអ៊ុងឡាំង ត្រូវបានរដ្ឋាភិបាលថៃស្នើឲ្យទៅប្រជុំហើយក៏ទទួលបានការយល់ព្រមពីមេដឹកនាំអាស៊ាន។ គេរំពឹងថាឧត្តមសេនីយ៍មីនអ៊ុងឡាំងនឹងមានវត្តមាននៅក្នុងសម័យប្រជុំនោះ។

ប្រទេសភូមាធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរជិត៣ខែមកហើយ។ ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈមក យ៉ាងហោចណាស់មានពលរដ្ឋជាង៨០០នាក់បានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា ក្នុងការវាយបង្រ្កាបបាតុកម្មរបស់ប្រជាជនដែលប្រឆាំងរដ្ឋប្រហាររបស់ពួកយោធា។

ក្នុងអំឡុងវាយបង្រ្កាបនោះ មនុស្ស ជាង៣ពាន់ ២រយនាក់ត្រូវបានចាប់ខ្លួន។ សហគមន៍អន្តរជាតិ បានកំពុងគាបសង្កត់ឲ្យពួកយោធាបញ្ឈប់ការបាញ់សម្លាប់បាតុករ ហើយប្រគល់រដ្ឋាភិបាល ស៊ីវិលទៅអោយ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យឡើងវិញ ដែលដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី។

ក្នុងស្ថានភាពដ៏អាក្រក់នៅភូមា សមាគមអាស៊ាន ដែលប្រទេសភូមាជាសមាជិកមួយដែរនោះ បានសម្រេចរៀបចំកិច្ចប្រជុំពិសសមួយដើម្បីពិភាក្សាគ្នាពីវិបត្តិនៅភូមានេះ។ ឧត្តមសេនីយ៍មីន អ៊ុងឡាំង ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលបានទទួលរងការរិះគន់ពីក្រុមសកម្មជនដែលជំរុញមេដឹកនាំអន្តរជាតិកុំឲ្យទទួលស្គាល់របបយោធា។ រដ្ឋាភិបាលរួបរួមជាតិភូមា ដែលទើបបង្កើតឡើង ដោយសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សអ្នកស្រីអ៊ុងសាន ស៊ូជី ដែលភាគច្រើនកំពុងរស់នៅភៀសខ្លួនពីរដ្ឋាភិបាលយោធានេះ បាននិយាយថា អាស៊ានមិនបានទាក់ទងសួរនាំដើម្បីអោយតំណាងរបស់ខ្លួនចូលរួមឡើយ។

លោក Moe Zaw Oo អនុរដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលស្រមោលបាននិយាយថា បើអាស៊ានចង់ជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា អាស៊ានគួរតែពិគ្រោះយោបល់និងចរចាជាមួយរដ្ឋាភិបាលស៊ីវិលដែលមានភាពស្របច្បាប់ហើយនោះដោយមិនត្រូវគាំទ្ររបបរដ្ឋប្រហារនោះទេ។

ចំពោះវិបត្តិនៅភូមានេះ អ្នកជិតខាងភូមាទាំងអស់គឺជាមិត្តក្នុងតំបន់ជាសមាជិកអាស៊ានដូចគ្នាបានកំណត់យកបញ្ហាភូមាទៅជជែកពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤មេសា។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំយោធាភូមាមីនអ៊ុងឡាំងត្រូវបានអោយដឹងថា លោកយល់ព្រមទៅចូលរួមប្រជុំ។

បើតាមរបៀបវារៈមីនអ៊ុងឡាំងត្រូវធ្វើបទបង្ហាញហើយឱ្យបណ្ដាមេដឹកនាំប្រទេសអាស៊ានសួរនាំដើម្បីស្វែងរកចំណុចវិវាទនិងដំណោះស្រាយ ក៏ដូចជាបញ្ឈប់ការសម្លាប់ប្រជាពលរដ្ឋ និង វិធីសាស្ត្រដែលអាស៊ានអាចជួយដល់ពលរដ្ឋភូមាដែលកំពុងរងគ្រោះដ៏ធ្ងន់ធ្ងរនេះ។

ប៉ុន្ដែការអញ្ជើញលោកមីនអ៊ុងឡាំងទៅទោះមិនបញ្ជាក់ថា ក្នុងនាមជាអ្វីក៏ដោយ បានធ្វើឱ្យពលរដ្ឋភូមាខឹងសម្បារជាខ្លាំង។

ពួកគេបានសរសេរលើបណ្ដាញសង្គមទ្វីតធឺ ឬហ្វេសប៊ុកថា ដើម្បីសង្គ្រោះភូមាគឺ អាស៊ានត្រូវបដិសេធរបបយោធា។ អាស៊ានមិនត្រូវទទួលស្គាល់របបយោធា ហើយថារដ្ឋាភិបាលរបស់ប្រជាជនគឺរដ្ឋាភិបាលរួបរួមជាតិមានភាពស្របច្បាប់ ហើយមានអ្នកខ្លះបានបង្ហោះរូបអាស៊ានចាប់ដៃនឹងយោធាភូមាដែលប្រឡាក់ដោយឈាមបាតុករទៀតផង។

ប្រជាជនភូមាក៏បាន អំពាវនាវ ឱ្យអាស៊ានមិនត្រូវចាញ់ល្បួងឬទទួលស្គាល់របបយោធាដោយប្រការណាមួយទេ ។ រដ្ឋាភិបាលរួបរួមជាតិដែលទើបតែបង្កើតនោះបានតវ៉ាឱ្យអាស៊ានត្រូវតែចរចាជាមួយរដ្ឋាភិបាលថ្មីដែលទើបបង្កើតនេះបើសិនជាចង់ឱ្យមានដំណោះស្រាយចំពោះចលាចលសង្គម។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាននោះគឺមានសមាជិក ១០ ប្រទេស។ សមាគមនេះបាននឹងកំពុងព្យាយាមស្វែងរកផ្លូវចេញពីវិបត្តិបង្ហូរឈាមបន្ទាប់ពីមានការខ្វែងគំនិតគ្នាពីដំបូងដោយចាត់ទុកថាជារឿងផ្ទៃក្នុងប្រទេសភូមា ខ្លះថា តាមគោលការណ៍អាស៊ានគឺមិនជ្រៀតជ្រែកគ្នាបានឡើយ ។ ឯប្រទេសខ្លះបានថ្កោលទោសតែមិនចង់ឱ្យមានការដាក់ទណ្ឌកម្មនោះទេ។

ពួកយោធាភូមារងទណ្ឌកម្មជាច្រើនពីលោកខាងលិចតែប៉ុណ្ណោះ។ ទោះបែបណាយោធាបានបង្ហាញឆន្ទៈតិចតួចក្នុងការទាក់ទងជាមួយប្រទេសជិតខាងរបស់ខ្លួនហើយគ្មានសញ្ញាចង់ចរចាជាមួយរដ្ឋាភិបាលដែលខ្លួនបានប្លន់អំណាចនោះទេ។

មន្ត្រីរដ្ឋាភិបាលថៃម្នាក់បាននិយាយ ថា ថៃមានក្ដីសង្ឃឹមដោយសារតែមីនអ៊ុងឡាំងយល់ព្រមទៅកាន់កិច្ចប្រជុំនោះតាមការអញ្ជើញ។ វត្តមានរបស់ឧត្តមសេនីយ៍មីនអ៊ុងឡាំងនៅប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាដំណើរទស្សនកិច្ចរបស់លោកទៅបរទេស ដំបូងគេ ចាប់តាំងពីឡើងកាន់អំណាចដោយរដ្ឋប្រហារថៃទី១កុម្ភៈឆ្នាំ២០២១។

តែបែបណា  សម្រាប់លោក Moe Zaw Oo អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៅក្នុងរដ្ឋាភិបាលរួបរួមជាតិបានប្រតិកម្មថា អាស៊ានមិនគួរទទួលស្គាល់របបយោធាភូមាដែលសម្លាប់ពលរដ្ឋភូមានោះទេ។

លោកនិយាយប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកផ្សាយជាភាសាភូមាថា៖ ប្រសិនបើអាស៊ានកំពុងពិចារណាលើសកម្មភាពដែលទាក់ទងនឹងកិច្ចការភូមា គឺកិច្ចប្រជុំនោះនោះនឹងមិនទទួលបានជោគជ័យទេលើកលែងតែអាស៊ានចរចាជាមួយតំណាងរបស់រដ្ឋាភិបាលស៊ីវិលដែលត្រូវបានគាំទ្រដោយប្រជាជន និងមានភាពស្របច្បាប់ពេញលេញ។

លោកថា រដ្ឋាភិបាលរបស់លោកមានការទទួលស្គាល់ជាអន្តរជាតិ គឺជារដ្ឋាភិបាលស្របច្បាប់ដែលគួរតែ មេដឹកនាំអាស៊ានអញ្ជើញអោយទៅចូលរួមផងដែរ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស