32.5 C
Phnom Penh

ក្រសួងសុខាភិបាល ណែនាំអំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺCovid-19 នៅតាមផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយដល់ពលរដ្ឋ អំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺCovid-19 នៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកកើតជំងឺCovid-19 ដែលគ្មានរោគសញ្ញាសង្ស័យដូចជា មិនមានក្អក កម្ដៅក្រោម ៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក និងសភាពទូទៅធម្មតា គឺពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។

ចំណែកឯករណីមានរោគសញ្ញាស្រាលដូចជា មានកម្ដៅលើស ៣៧.៥អង្សា មានឈឺសាច់ដុំ មានឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គីឡូក្រាមឡើង គឺត្រូវប្រើថ្នាំ (Paracetamol) ៥០០មិល្លីក្រាម ដោយក្នុងមួយថ្ងៃ ចំនួន ៣ដង ចំពោះកុមារ មានទម្ងន់ចន្លោះពី ២០-២៩ គីឡូក្រាម ត្រូវប្រើថ្នាំ Paracetamol ៣០០មិល្លីក្រាម ក្នុងមួយថ្ងៃ ៣ដង ជាកំហិត។

ក្នុងករណីអ្នកកើតជំងឺCovid-19 មានរោគសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេះ) សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ០៦ឆ្នាំឡើងទៅ គឺត្រូវប្រើ ប្រូម៉ិចស៊ីន(Bromhexine) ០៨មិល្លីក្រាម ដោយក្នុងមួយថ្ងៃ ៣ដង ឬប្រើ សេទីរីហ្ស៊ីន(Cetirizine) ១០មិល្លីក្រាម ដោយក្នុងមួយថ្ងៃ ប្រើតែម្ដងប៉ុណ្ណោះ។

ជាងនេះទៀត ត្រូវអនុវត្តវិធានសុខាភិបាល ក្នុងរយៈពេលព្យាបាល នៅតាមផ្ទះ គឺត្រូវស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញចូលល្អ។ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាត យ៉ាងតិច ២ម៉ែត្រ។ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឲ្យបានច្រើន។ តាមដានសុខភាពខ្លួន ឲ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ។ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។ ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ និងវេចខ្ចប់សំរាមចោលឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺCovid-19ថ្មី ចំនួន ៤៣១នាក់ និងមានអ្នកជាសះស្បើយចំនួន៣១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៤២៩នាក់ និង អ្នកដំណើរពីបរទេស ចំនួន០២នាក់។ ក្នុងចំណោមខេត្តក្រុងនានា គឺរាជធានីភ្នំពេញ ជាទីតាំងដែលមានអ្នកឆ្លងច្រើនជាងគេ គឺមានចំនួន២៧១នាក់ ហើយខេត្តព្រះសីហនុ ចំនួន១៣៣នាក់ ខេត្តកណ្ដាល ចំនួន១០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺCovid-19 សរុបចំនួន ៧ពាន់៤៤៤នាក់ អ្នកជាសះស្បើយចំនួន ២ពាន់ ៥៥៥នាក់ អ្នកកំពុងព្យាបាល ចំនួន ៤៨៣៥នាក់ និងអ្នកស្លាប់ចំនួន ៤៩នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស