39.4 C
Phnom Penh

រុស្ស៊ី ដាក់ពង្រាយ កងទ័ព និងរថក្រោះរាប់រយគ្រឿង ឡោមព័ន្ធប្រទេស អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំងទៅកាន់តំបន់ គ្រីមៀរ និងមូលដ្ឋានទ័ពនានាទៅជាប់ព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈមានការពង្រាយ កងទ័ពអោយឈរជើងជាប់ប្រទេសនេះចំនួន១សែន៥ម៉ឺននាក់ អមទៅដោយរថក្រោះ យន្តរហោះចម្បាំង និងកាំជ្រួចរាប់រយដើម ដែលជាទំហំដ៏ធំមិនធ្លាប់មានចាប់តាំងមហាអំណាចមួយនេះ ដណ្ដើមកាន់កាន់តំបន់គ្រីមៀ ពីអ៊ុយក្រែន តាមរយៈការបញ្ជារឲ្យពលរដ្ឋរុស្ស៊ីរាប់សែននាក់រស់នៅតំបន់នោះបោះឆ្នោតផ្ដាច់ខ្លួននៅឆ្នាំ២០១៤។

បើតាមកាសែតនេះ គឺយន្ដហោះចម្បាំងភាគច្រើន គឺប្រភេទ Su-34 នៅមូលដ្ឋានដែនអាកាសគ្រីមៀ ដែលទើបតែពង្រាយដាក់ដំបូងកាលពីថ្ងៃទី១មេសា។

មានអង្គភាពយោធាជាច្រើនទៀតបានបញ្ជូនមកកាន់ឧបទ្ធីប គ្រីមៀបន្ថែមដែលភាគច្រើនជាទ័ពដែនអាកាស កងទ័ពជើងគោករថពាសដែក ឧទ្ធម្ភាគចក្រ ដ្រូនស៊ើបការណ៍ ក៏ដូចជាការស្ថាបនាជំរុំពេទ្យយោធា និងភស្ដុភារសឹកជាច្រើនទៀត។ ចំពោះយន្ដហោះចម្បាំងគឺមានច្រើន។

បើតាមអតីតមន្រ្ដី របស់អាមេរិកម្នាក់ គឺរុស្ស៊ីធ្វើនេះដើម្បីបង្កើនសាច់ដុំនយោបាយក្នុងការគម្រាមកំហែងយកអ៊ុយក្រែន។ អតីតឧត្តមសេនីយ៍កងទ័ពដែនអាកាសអាមេរិក លោក Philip Breedlove ដែលធ្លាប់បម្រើការជាមេបញ្ជាការជាន់ខ្ពស់អង្គការយោធាណាតូ មានប្រសាសន៍ថា រុស្ស៊ី ពេលនេះបានពង្រាយអាវុធដែនអាកាស ក្នុងទំហំសមល្មមក្នុងការបង្កើនអនុត្តរភាពនៅសមរភូមិ ហើយក៏គាំទ្រទ័ពជើងគោកផងដែរ។

ឧត្តមសេនីយ៍ Breedlove បានបន្ដថារូបភាពទាំងនោះមិនមែនមានន័យថារុស្ស៊ីបើកការវាយប្រហារភ្លាមៗនោះទេ ប៉ុន្ដែចង់បញ្ជាក់ទៅកាន់ពិភពលោកថា រុស្ស៊ីចង់រើសជម្រើសយោធាអ្វីមកលេងក៏បានដែរ។

ចំពោះលោក William Burns ដែលជានាយកភ្នាក់ងារចារកម្ម កណ្ដាលអាមេរិក បានផ្ដល់នូវការវាយតម្លៃទីកាន់ព្រឹទ្ធសភាថា ការពង្រាយកងទ័ពរបស់រុស្ស៊ី មានចេតនាក្នុងការគំរាមកំហែងរដ្ឋាភិបាលអ៊ុយក្រែន ហើយផ្ញើសារទៅកាន់រដ្ឋការរបស់លោក ចូ បាយដិន ទៀតផង។

លោកបានប្រាប់គណៈកម្មាករចារកម្មព្រឹទ្ធសភាថា វាមិនត្រឹមតែសម្រាប់អាមេរិកទេ តែសម្រាប់សម្ព័ន្ធមិត្តអាមេរិក ទាំងអស់ត្រូវធ្វើការម៉ត់ចត់លើរឿងនេះ។

មន្រ្ដីរដ្ឋបាលរបស់លោក បាយដិន បញ្ជាក់ថាខ្លួនមានផែនការជាជំនួយ យោធា ទៅកាន់ប្រទេស អ៊ុយក្រែន រួចទៅហើយបើសិនជាមានការវាយប្រហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន។

សហរដ្ឋអាមេរិកថែមទាំងទាំងបញ្ជាក់ថា ជម្រើសនោះរួមមានការដាក់ប្រព័ន្ធមីប្រឆាំងរថក្រោះ ប្រឆាំងកប៉ាល់ និងប្រឆាំងយន្ដហោះចម្បាំង។

ប៉ុន្ដែមន្រ្ដីរូបនោះអះអាងថា ជម្រើសនោះមិនទាន់បង្ហាញទៅកាន់លោក បាយដិន ដើម្បីធ្វើសេចក្ដីសម្រេចនោះទេ។ រដ្ឋការរបស់លោកបៃដិន កំពុងពិចារណាក្នុងការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើរុស្ស៊ី ខណៈអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន៦ របស់ និងមន្រ្ដីជាង៣០រូបទៀតរបស់រុស្ស៊ី ករណីលួចចូលបច្ចេកវិទ្យាអាមេរិក។

តាមកាសែតThe Wall street journal បានដកស្រង់សម្តីរបស់រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោក Sergei Shoigu ចុះផ្សាយថា ប្រទេសរបស់លោកត្រៀមសមយុទ្ធ ដើម្បីឆ្លើយតបនឹងចលនារបស់អង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង ឬណាតូ ដែលគំរាមកំហែងរុស្ស៊ីនិងបានទចោទថា អាជ្ញាធរ អ៊ុយក្រែន បង្កភាពអុជអាលឱ្យមានភាពតានតឹង។

តាមរូបភាពពីផ្កាយរណបដែលចាប់បានកាលពីថ្ងៃទី២៧ ខែមីនាដល់ថ្ងៃទី១៦ ខែមេសា តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Maxar Technologies បានផ្ដល់ទៅកាន់រដ្ឋាភិបាលអាមេរិក និងលោកខាងលិចអំពីរូបភាពរបស់កងទ័ពរុស្ស៊ីនៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។

បើតាមមន្រ្ដីអាមេរិក គឺកងទ័ពរុស្ស៊ី ៨ម៉ឺននាក់ នៅតំបន់គ្រីមៀរ និងជាប់ព្រំដែនអ៊ុយក្រែន។ បើតាមប្រមុខគោលនយោបាយសហភាពអឺរ៉ុបគឺលោកJosep Borrellកងទ័ពទាំងនោះគឺមានជាង១០ម៉ឺននាក់ ដែលច្រើនជាងទ័ពដែលរុស្ស៊ីយកទៅរឹបអូសគ្រីមៀរកាលពីឆ្នាំ២០១៤។

លោកបានបញ្ជាក់ថារុស្ស៊ីផ្ដោតក្នុងការបញ្ជូនទ័ពដល់ទៅ១៥ម៉ឺននាក់ ទៅព្រំដែនអ៊ុយក្រែន។ ការណ៍នេះធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ ពេលនេះខាងសហភាពអឺរ៉ុប មិនទាន់ដាក់ទណ្ឌកម្មថ្មី ឬដេញទូតរុស្ស៊ីដូចជាជំនាន់គ្រីមៀនោះទេ។ ប៉ុន្ដែសហភាពអឺរ៉ុបព្រួយបារម្ភពីចេតនាក្នុងការពង្រីកវិសាលភាពទ័ពរុស្ស៊ី កាន់តែកើនឡើងនៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន។

សូម្បីតែក្រុងវ៉ាស៊ីនតុនក៏ទទួលស្គាល់ថាចំនួនទ័ពរុស្ស៊ីយកទៅឡោមព័ទ្ធព្រំដែនអ៊ុយក្រែន គឺច្រើនណាស់ ហើយច្បាស់ជាមិនមែនគោលបំណងហ្វឹកហាត់នោះទេ។ សេតិមានបញ្ជាក់ថាអាមេរិកតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី។

យោងតាមមន្រ្ដីម្នាក់របស់អាមេរិក កងទ័ពរុស្ស៊ីបច្ចុប្បន្នមាន៤៨កងពលតូចដែលមានកងទ័ព ជាង៣រយនាក់ ក្នុងមួយអង្គភាព។ យ៉ាងណាក៏ដោយ គេមិនអាចដឹងថា អង្គភាពណាប្រើប្រាស់សព្វាវុធអ្វីនោះទេ ។

បើតាមរូបភាពផ្កាយរណប យន្ដហោះចម្បាំងដែលដាក់នៅជួរមុខគេគឺSu-34 ។ តែសម្រាប់លោក Phillip Karberដែលជាប្រធាននៃមូលនិធិ Potomac និងជាមាជិកក្រុមអ្នកផ្តល់គំនិតរបស់អាមេរិកាំងមានប្រសាសន៍ថារុស្ស៊ី មិនមែនបង្ហាញវត្តមានយោធាបែបធម្មតានោះទេ គឺត្រៀមក្នុងការឈ្លានពានជាទ្រង់ទ្រាយធំ។ លោកថាលោកមិនទស្សន៍ទាយពីការវាយប្រហារទ ប៉ុន្ដែក្នុងរយៈពេលពីរសប្ដាហ៍ គឺរុស្ស៊ីនឹងមានជម្រើសនៃការបង្កការឈ្លានពាន។

អ្នកជំនាញដទៃទៀតថា លោកប្រធានាធិបតី Vladimir Putin ទំនងដាក់ទណ្ឌកម្មអ៊ុយក្រែន បន្ដទៀតដើម្បីគាបឲ្យអ៊ុយក្រែនផ្ដល់ការ ផ្គត់ផ្គង់ទឹកដល់ គ្រីមៀ ដោយសារតែរដ្ឋាភិបាល អ៊ុយក្រែនបានរាំងខ្ទប់ទឹកទៅតាមព្រែកជីកឱ្យទៅតំបន់គ្រីមៀរ ក្រោយពីវិមានក្រឹមឡាំងយកគ្រីមៀរ ធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។ នេះជាការយល់ឃើញរបស់ លោក Glen Howardដែលជាប្រធានមូលនិធី Jamestown។

តាមសេចក្ដីរាយការណ៍ចុងក្រោយដែលចុះផ្សាយដោយ បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskiy បាន ផ្ញើសារទៅលោកប្រធានាធីបតីរុស្ស៊ី Vladimir Putin អោយមកជួបនឹងលោកនៅក្នុងតំបន់ណាមួយក្នុងព្រំដែនរួមជាមួយនឹងអ៊ុយក្រែន។ ប៉ុន្តែមន្ត្រីម្នាក់នៃក្រសួងការបរទេស រុស្ស៊ីបានចេញមុខបដិសេធជំនួសលោកPutin ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស