28.5 C
Phnom Penh

ពលរដ្ឋឃុំតាតៃ ស្នើឲ្យអភិបាលខេត្តកោះកុង បង្ក្រាបបទល្មើស ជីកកកាយដីភ្នំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅភូមិអន្លង់វ៉ាក់ ក្នុងខេត្តកោះកុង អះអាងថា សកម្មភាពជីកកាយដីបំផ្លាញបរិស្ថានជើងភ្នំ និងការដឹកដីចាក់លុបចំណីព្រែកនៅឃុំតាតៃ ក្នុងស្រុកកោះកុង បានកើតឡើងដោយសារតែឈ្មួញដី               ឃុបឃិតជាមួយមន្ត្រីខិលខូចមួយចំនួន នៃរដ្ឋបាលខេត្តកោះកុង។

ប្រភពដដែលឲ្យដឹងថា សកម្មភាពល្មើសទាំងនេះ បានកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រី ពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធណាមួយនៃរដ្ឋបាលខេត្តកោះកុង ចុះបង្ក្រាប ឬហាមឃាត់នោះទេ។

ពលរដ្ឋបានស្នើយ៉ាងទទូចឲ្យអភិបាលខេត្តកោះកុង ចាត់មន្ត្រីចុះស៊ើបអង្កេតស្រាវជ្រាវ រកមុខជនល្មើស និងអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសទន្ទ្រានដីចំណីព្រែក និងដីភ្នំ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើកម្មសិទ្ធិខុសច្បាប់ទាំងនោះដើម្បីដាក់ទោសតាមច្បាប់។ 

ពលរដ្ឋអះអាងថា សកម្មភាពជីកកាយដីជើងភ្នំ និងដឹកដីចាក់រំលោភចូលមាត់ព្រែកជាច្រើនទីតាំង ក្នុងមូលដ្ឋានភូមិអន្លង់វ៉ាក់ ឃុំតាតៃ បានកើតឡើងរាប់ខែមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់មិនរវល់អើពើក្នុងការទប់ស្កាត់នោះទេ។

ពលរដ្ឋ និងអាជីវកររស់នៅតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃ សង្ស័យថា បទល្មើសដែលកើតមានឡើងជាបន្តបន្ទាប់មកនេះ អាចមានការបើកដៃ ពីបុគ្គល ដែលជាមន្ត្រី ឬជាអាជ្ញាធរស្ថិតក្នុងស្ថាប័នរដ្ឋមួយចំនួន ជាអ្នកកាងការពារ ទើបឈ្មួញខិលខូចទាំងនោះ ហ៊ានយកគ្រឿងចក្រ មកជីកកាយដីបំផ្លាញបរិស្ថានជើងភ្នំ និងដឹកដីចាក់លុបរំលោភយកចំណីមាត់ព្រែក នៅតំបន់ទេសចរណ៍                  ធម្មជាតិមួយនេះ បានដោយរលូន និងគ្មានការហាមឃាត់។

ក្រុមអ្នកភូមិអះអាងថា ឈ្មួញដី ឬអ្នកពាក់ព័ន្ធនាំយកគ្រឿងចក្រ មកឈូសឆាយចាក់ដីលុបចំណីព្រែក នៅឃុំតាតៃ ខាងលើនេះ គឺភាគច្រើនជាមន្ត្រី និងជាអ្នកមានទ្រព្យ មានលំនៅឋានរស់នៅក្នុងក្រុង              ខេមរភូមិន្ទ ខេត្តកោះកុង និងនៅរាជធានីភ្នំពេញ។

លោក ជា សូវី អភិបាលស្រុកកោះកុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការនាំយកគ្រឿងចក្រ ជីកដីចេញពីជើងភ្នំ និងសកម្មភាពដឹកដីចាក់រំលោភយកដីចំណីមាត់ព្រែក នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ នេះ គឺជាសកម្មភាពខុសច្បាប់។

ករណីនេះ រូបលោក ក៏ធ្លាប់ចាត់ឱ្យអភិបាលរងស្រុកកោះកុងម្នាក់ រួមជាមួយមន្ត្រីការិយាល័យជំនាញ ឲ្យចុះពិនិត្យវាស់វែងទំហំផ្ទៃដីរងប៉ះពាល់ ដើម្បីកោះហៅអ្នកពាក់ព័ន្ធ ឲ្យចូលខ្លួន មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទាំងនោះរួចហើយដែរ។

លោក ជា សូវី អភិបាលស្រុកកោះកុង នៅមិនទាន់បង្ហាញរបាយការណ៍អំពីទំហំផ្ទៃដី ដែលត្រូវឈ្មួញខិលខូច ជីកបំផ្លាញដីជើងភ្នំ និងដឹកដីចាក់រំលោភចំណីព្រែក ជាច្រើនទីតាំង នៅមូលដ្ឋានឃុំតាតៃ នេះទេ។

ប្រភពដដែល បានបង្ហាញឈ្មោះ អ្នកជាប់ពាក់ព័ន្ធបទល្មើសលួចជីកកកាយដីជើងភ្នំ និងរំលោភយកដីចំណីព្រែក នៅម្តុំតំបន់អេកូទេសចរណ៍ធម្មជាតិតាតៃ រួមមាន ឈ្មោះ គិន ប៊ូកាន ប្រធានការិយាល័យ នៅមន្ទីរទេសចរណ៍ខេត្តកោះកុង ឈ្មោះ រមនី្ន ជាមន្ត្រីការងារនៅមន្ទីរអប់រំខេត្តកោះកុង និងជាអ្នកលក់ដីឱ្យ លោកស្រី ប៊ុន មួយ ម្ចាស់លក់គ្រឿងសំណង់នៅខេត្តកោះកុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រស់នៅរាជធានីភ្នំពេញ។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily មិនមានប្រភពទាក់ទងបុគ្គលមួយចំនួន ដែលលោក ជា សូវី អភិបាលស្រុកកោះកុង បង្ហាញឈ្មោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពជីកកកាយដីប៉ះពាល់បរិស្ថានជើងភ្នំ និងដឹកដីចាក់រំលោភចំណីមាត់ព្រែក នៅឃុំតាតៃ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើ បានទេនៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ចំណែក លោក ធិន សម្បត្តិ មេឃុំតាតៃ បានឲ្យដឹងថា សកម្មភាពឈូសឆាយដី ឬដឹកដីចាក់លុបមាត់ព្រែក បានធ្វើឡើងដោយខុសច្បាប់ ព្រោះកន្លងមករូបលោក មិនដែលទទួលបានពាក្យស្នើសុំណាមួយនេះទេ។

ប៉ុន្តែចំពោះរាល់សកម្មភាព នៃការទិញលក់ដី ពីម្ចាស់ម្នាក់ ទៅម្ចាស់ម្នាក់ទៀត គឺអាជ្ញាធររដ្ឋបាលឃុំតាតៃ ពិតជាធ្លាប់បានចុះហត្ថលេខា ទទួលស្គាល់ពិតប្រាកដមែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស