32.5 C
Phnom Penh

តើរបបរដ្ឋប្រហារនៅភូមានឹងឈប់សំលាប់ពលរដ្ឋខ្លួនឯងតាមការទាមទាររបស់អាស៊ានមែនឬទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអាស៊ានបានលើកឡើងថា កិច្ចប្រជុំពិសេសអាស៊ានកាលពីថ្ងៃទី២៤មេសាសម្រេចបានលើសពីការរំពឹងទុក ប៉ុន្ដែអ្នកសង្កេតការណ៍ថាគ្មានពេលវេលាជាក់លាក់ក្នុងការស្នើឱ្យរបបយោធាបញ្ឈប់ការប្រើអំពើហិង្សានៅពេលណាមួយជាក់លាក់នោះទេ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានបាតុករជាង៧៥០នាក់ហើយ បានស្លាប់ដោយការបង្រ្កាបពីសំណាក់ពួកយោធា និងមនុស្សជាង៣ពាន់នាក់ ត្រូវបានចាប់ឃុំខ្លួនចាប់ពីថ្ងៃទី១កុម្ភៈ ដែលជា          ព្រឹត្តិការណ៍រដ្ឋប្រហារ ដែលពួកយោធាប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ថាប្រមុខយោធាភូមាបានយល់ព្រមបញ្ឈប់អំពើហឹង្សានោះហើយដោយនៅ ក្នុងនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងថាលទ្ធផលគឺ ហួសពីការរំពឹងទុក។

ប៉ុន្តែលោក Phil Robertsonនាយករងនៃឃ្លាំអង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Right Watch អះអាងថា អាស៊ានមិនអាចយល់ច្បាស់អំពីការពិត ដែលថាគ្មានការព្រមព្រៀងណាមួយបង្ខំរបបយោធាភូមា ដោះលែងអ្នកទោសនយោបាយជាង ៣ពាន់ ៣៣០នាក់ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសនេះទេ ដែលលោកចាត់ទុកថាជាដំណោះស្រាយសំខាន់ជាងគេ ចំពោះវិបត្តិភូមា។

តំណាងប្រជាជនភូមាដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅហ្សាកាតាបានរិះគន់ អាស៊ានដែលកំពុងបង្ហាញមោទនភាពមុនឈានដល់គោលដៅចុងក្រោយ។

លោក Phil Robertson បាននិយាយថាអាស៊ានត្រូវតែធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព ហើយបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងក្រុមមេដឹកនាំយោធា។

លោកមានប្រសាសន៍ថា“ភាពទន់ខ្សោយរបស់អាស៊ានក្នុងការអនុវត្តសេចក្តីសម្រេច និងផែនការដែលបានលើកឡើង គឺជាក្តីបារម្ភអំពីដំណើរទៅរកបរាជ័យ។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយលេខាធិការដ្ឋានអាស៊ាន បានកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាអន្តរជាតិលើកដំបូងដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្ដិនៅភូមាហើយថាវាជាកិច្ចពិភាក្សា ប្រកបដោយលក្ខណៈស្ថាបនាសំដៅជួយបញ្ចប់អំពើហិង្សានៅភូមា។

អាស៊ានក៏សន្យានឹងផ្តល់ជំនួយមនុស្សធម៌ ហើយប្រេសិតពិសេសនឹងត្រូវបានតែងតាំង ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

នៅគ្រាដែលមេយោធាភូមាMin Aung Hlaing ស្ថិតក្នុងកិច្ចប្រជុំនៅហ្សាកាតា បើតាមសេចក្ដីរាយការណ៍ដែលកាសែត The Guardianទទួលបាន គឺកងទ័ព និងប៉ូលីសបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅជិតរដ្ឋធានី ណៃពិដោរ ហើយមានអ្នកតវ៉ាអាយុ ៥០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលីស ហើយមនុស្សម្នាក់ទៀតជាបាតុករត្រូវបានបាញ់សម្លាប់។

លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៃប្រទេសភូមា អះអាងថាលោកមានការអន្ទះសាចង់ធ្វើការជាមួយប្រេសិត ពិសេសរបស់អាស៊ាន និងតាមដានការអនុវត្តយន្តការនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន ដែលបានអនុម័តឲ្យរបបយោធាភូមា អនុវត្ត។

លោកមានប្រសាសន៍ថា ដំណោះស្រាយចំពោះប្រទេសភូមា កើតឡើងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ុន្តែ លោកមិនបានឃើញថា មានភស្តុតាងរឹងមាំខ្លាំងទេ។ លោកចោទសួរថាតើពួកយោធាបញ្ឈប់ការសម្លាប់បានឬទេ? តើមនុស្សរាប់ពាន់នាក់ដែលត្រូវបានចាប់ពង្រត់នឹងត្រូវបានដោះលែងដែរឬទេ? តើនិទណ្ឌភាពនឹងបន្តកើតមានឬទេ?

លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីធានាការប្តេជ្ញាចិត្តត្រូវបានអនុវត្តជាបន្ទាន់។ លោកថា អាស៊ានមានឆន្ទៈក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះវិបត្តិនៅភូមា ហើយមានកាតព្វកិច្ចចាប់បង្ខំឲ្យលោក មីនអ៊ុងឡាំងទទួលយកដំណោះស្រាយដែលអាស៊ានបានអនុម័ត។ លោកបន្តថា អាស៊ានមិនត្រូវទុកអោយ មីនអ៊ុងឡាំងពន្យារពេលដើម្បីគេចពីការទទួលខុសត្រូវរបស់ខ្លួនដែលបណ្ដោយអោយពួកយោធាសម្លាប់មនុស្សនោះទេ ហើយក្រុមជំនួយការអាស៊ាន ត្រូវប្រញាប់ចេញដំណើរទៅកាន់ប្រទេសភូមា។

ការសម្រេចចិត្តរបស់អាស៊ានក្នុងការស្នើអោយមីនអ៊ុងឡាំងទៅចូលរួមកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងហ្សាការតា បានទាញនាំឲ្យមានការការរិះគន់ពីសកម្មជនភូមា និងក្រុមអ្នកជំនាញសិទ្ធិមនុស្សដែលថាអាស៊ានប្រថុយទទួលយករបបរដ្ឋប្រហារមកធ្វើជាសមភាគីនឹងអាស៊ាន។

យោងតាមរបាយការណ៍របស់សារព័ត៌មានReuters នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin និយាយថាអាស៊ានបានព្យាយាមមិនចោទប្រកាន់មីនអ៊ុងឡាំងខ្លាំងនោះទេគឺសមល្មមត្រឹមសង្កត់ធ្ងន់ថាអំពើហិង្សាត្រូវតែបញ្ឈប់។

សម្រាប់លោក Muhyiddin  បានចោទលោកមីនអ៊ុងឡាំងថា ជាមេរដ្ឋប្រហារបង្កអោយភូមាធ្លាក់ក្នុងវិបត្តិ។ តែលោកអះអាងថា លោកមីនអ៊ុងឡាំង បានយល់ព្រមថា អំពើហិង្សាត្រូវតែបញ្ឈប់។

លោកបណ្ឌិត សាសា ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា ដែលត្រូវបានបង្កើតឡើងដោយអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ និងរួមបញ្ចូលទាំងសមាជិកសភាជាប់ឆ្នោតដែលត្រូវបានឃុំខ្លួន បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ព្រោះមានសញ្ញា ល្អដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពឡើងវិញសម្រាប់ប្រជាជនភូមា និងសម្រាប់តំបន់អាស៊ាន។

ទូរទស្សន៍ Myawaddy TV ដែលគ្រប់គ្រងដោយពួកយោធាបានរាយការណ៍ថាលោក Min Aung Hlaing បានចូលរួមនៅក្នុងកិច្ចប្រជុំនោះហើយរាយការណ៍ទៀតថាភាគីភូមា សន្យាសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានលើបញ្ហាផ្សេងៗ រួមទាំងដំណើរផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសភូមា និងដំណើរការដែលនឹងត្រូវអនុវត្តនាពេលអនាគត។

តែបើតាមសារព័ត៌មាននៃប្រទេសភូមា Mizzima គឺការធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលដ៏មានប្រជាប្រិយភាពនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅតែបន្ត ដោយបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស