39.4 C
Phnom Penh

ពលរដ្ឋត្អូញត្អែរថា បច្ចុប្បន្ននេះពួកគាត់ពិបាកក្នុងការរកទីផ្សារលក់ផលិតផលរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋដែលមានមុខរបរចិញ្ចឹមត្រី ឬអ្នកប្រកបរបរផ្នែកវារីវប្បកម្ម បានត្អូញត្អែរថា បច្ចុប្បន្ននេះពួកគាត់ពិបាកក្នុងការរកទីផ្សារលក់ផលិតផលរបស់ពួកគាត់ណាស់ ដោយសារតែត្រីធំធាត់ ដល់ពេលលក់ ប៉ុន្តែមិនមានអ្នកមកប្រមូលទិញ ឯតម្លៃត្រីនៅស្រះវិញ ទាបជាងថ្លៃដើមផលិតទៅទៀត។

តាមបណ្ដាញសង្គម Facebook របស់សមាគមវារីវប្បកម្មនៅកម្ពុជា បានសរសេរថា៖ «ត្រីខ្មែរ ហែលពេញស្រះ ត្រីនាំចូលហែលពេញផ្សារ»។ ប្រភពដដែលបានបញ្ជាក់ទៀតថា កសិករដែលធ្លាប់ប្រើចំណីសម្រេចពីរោងចក្រទាំងស្រុងដើម្បីចិញ្ចឹមត្រី ក៏បែរមកជួសជុលម៉ាស៊ីនចាស់ៗផលិតចំណីខ្លួនឯងខ្លះឡើងវិញ ដើម្បីទប់ទល់ និងតស៊ូដើម្បីរស់ ក្នុងដំណាក់កាលដ៏លំបាកនេះ ព្រោះបើមិនធ្វើដូច្នេះទេ ការខាតបង់កាន់តែច្រើន ហើយនឹងឈានទៅរកការក្ស័យធនតែម្តង។

សមាគមវារីវប្បកម្មនៅកម្ពុជា បានចោទជាសំណួរថា តើយើងមានមោទនភាពនឹងការហូបត្រីនាំចូលមែនទេ? តើរបស់នាំចូលសុទ្ធតែមានគុណភាពល្អទាំងអស់មែនទេ?។

សមាគមវារីវប្បកម្មនៅកម្ពុជា បានសំណូមពរយ៉ាងទទូចថា ជំងឺCovid-19 បានធូរស្រាលបន្តិចហើយ សូមស្ថាប័ន និងក្រសួងពាក់ព័ន្ធជួយគិតគូរដោះស្រាយត្រីខ្មែរនៅសល់ពេញស្រះរបស់ពួកគាត់ផង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានកាលពីដើមខែមករា ឆ្នាំ២០២១ ឲ្យផ្អាកជាបណ្ដោះអាសន្នការនាំចូលត្រីចំនួន ៤ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ មកពីក្រៅប្រទេសមកកម្ពុជា។ ប៉ុន្តែក្រោយប្រកាសផ្អាកប្រមាណ ១ខែក្រសួងបានអនុញ្ញាតឲ្យនាំត្រីប្រភេទទាំងនោះ ពីប្រទេសវៀតណាម ចូលមកកម្ពុជា វិញ ក្រោមហេតុផលថា  ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងស្រុក។

មុនការអនុញ្ញាតឲ្យនាំត្រីទាំង ៤ប្រភេទពីប្រទេសវៀតណាម ចូលមកកម្ពុជា វិញនោះ គឺនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក                                ត្រាំងតុង អាង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្មែរ ដើម្បីស្នើឲ្យពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងការហាមឃាត់ការនាំចូលត្រី ពីក្រៅប្រទេសនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស