28.4 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម៖ កម្លាំង​ចលករ​៦ នៅ​កម្ពុជា អាច​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ការ​ប្រែប្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា កម្លាំង​ចលករ​នយោបាយ​សំខាន់ៗ​ទាំង​៦ នៅ​កម្ពុជា អាច​ធ្វើ​ឲ្យ​នយោបាយ​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រែប្រួល ទាល់តែ​កម្លាំង​លើស​ពី​ពាក់កណ្តាល​ក្នុង​ចំណោម​កម្លាំង​ទាំង​៦​នោះ​ងើប​ឡើង​ព្រមគ្នា​តែម្តង។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា កម្លាំង​ចលករ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​សភាពការណ៍​នៅ​កម្ពុជា​នោះ គឺ​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​កំពុងតែ​គ្រប់គ្រង​យ៉ាង​ណែន និង​គាបសង្កត់​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច។

លោក​អះអាង​ថា ក្រៅពី​កម្លាំង​ប្រឆាំង នៅ​មាន​កម្លាំង​មហាជន​ដែល​ជា​កម្លាំង​មួយ​ចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពិតប្រាកដ ហើយ​ក្រុម​នេះ​ក៏​រង​អយុត្តិធម៌​ពី​ការ​រំលោភបំពាន ការជិះជាន់​ក្នុង​ពេល​នេះ​ដែរ លើស​ពី​នេះ​នៅ​មាន​កម្លាំង​យុវជន​ផង​ដែរ។

បណ្ឌិត សេង សារី បញ្ជាក់​ថា កម្លាំង​ធំ​មួយ​ទៀត គឺ​កម្លាំង​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​តែម្តង។ កម្លាំង​នេះ ក៏​ជា​ចលករ​មួយ​ដ៏​ធំ​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ផង​ដែរ។ បន្ថែម​ពី​នេះ នៅ​មាន​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​រង​ភាព​អយុត្តិធម៌​ដោយ​ការ​ប្រកាន់​បក្ខពួក និង​ចុងក្រោយ គឺ​កម្លាំង​អន្តរជាតិ​ដែល​កំពុងតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ការ​លើកឡើង​របស់​បណ្ឌិត សេង សារី បែប​នេះ នៅ​បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ ដូច​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​ប្រទេស​ភូមា ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គ្មាន​លក្ខខណ្ឌ​អំណោយផល​ណាមួយ​អាច​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ដូច​នៅ​ប្រទេស​ភូមា នោះ​ទេ។

លោក​អះអាង​ថា ការប្រកាស​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់​អតីត​មេ​បក្ស​ប្រឆាំង​មាន​លក្ខណៈ​ដែល​មិន​អាច​ទៅ​រួច​ធំៗ​៣ រួម​មាន បក្ស​ប្រឆាំង​អស់​អាជ្ញាយុកាល​នៃ​អាណត្តិ​រដ្ឋសភា​របស់​ខ្លួន​តាំងពី​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ មក​ម្ល៉េះ នោះ​គឺ​មានន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ អស់​ប្រសិទ្ធភាព​ផ្លូវច្បាប់​តាំងពី​ជាង ៣​ឆ្នាំ​មុន​មក​ម្ល៉េះ។

លើស​ពី​នេះ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​មិន​បាន​ចេញ​តវ៉ា​ការពារ​យុត្តិធម៌​ទាំង​ពេល​គេ​ចាប់​មេ​បក្ស​របស់​ខ្លួន គឺ​លោក កឹម សុខា និង​ពេល​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​បាក់​ទឹកចិត្ត និង​បាក់​ស្មារតី​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​យ៉ាង​ខ្លាំង។

លោក ម៉ែន ណាត បញ្ជាក់​ថា លក្ខខណ្ឌ​ដែល​មិន​អាច​ទៅ​រួច​មួយ​ទៀត​នោះ មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា របស់​លោក សម រង្ស៊ី បាន​រំលោភ​បទដ្ឋាន​អន្តរជាតិ​រួច​ទៅ​ហើយ ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា។ ដូច្នេះ នេះ​គឺជា​លេស​មួយ​ដែល​ផ្តល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លេស​គ្រប់គ្រាន់​ដើម្បី​ចាត់ការ​លើ​ក្រុម​អ្នក​ប្រឆាំង។

លើស​ពី​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Rhona Smith ក៏​ធ្លាប់​បាន​ថ្កោលទោស​លោក សម រង្ស៊ី នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ អំពី​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា នោះ​ផង​ដែរ។

លោក​បញ្ជាក់​ថា នៅ​ប្រទេស​ភូមា ភាគី​អ្នកស្រី អ៊ុងសាន ស៊ូជី មាន​លក្ខខណ្ឌ​ស្រប​ច្បាប់​ក្នុង​ការប្រកាស​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ពីព្រោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ភាគី​ឈ្នះ​ការបោះឆ្នោត​ជាតិ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​ស្ថានភាព​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​មិន​ដូចគ្នា​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ផែនការ​មេ​បក្ស​ប្រឆាំង​ហាក់​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ហើយ​ផែនការ​កន្លងមក គឺ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​បង្ក្រាប​ជានិច្ច។ ជាង​នេះ​ទៀត សកម្មជន​ដែល​នាំគ្នា​ចូលរួម​ផែនការ​ទាំងនោះ ក៏​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជាបន្តបន្ទាប់​ផង​ដែរ ខណៈ​លោក សម រង្ស៊ី មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគេ​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស