32.5 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​ថ្មី​ឆ្លុះបញ្ចាំង​ពី​កង្វះខាត​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល យល់ស្រប​ចំពោះ​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​រាជការ​ថ្មី​ដើម្បី​ចូល​បម្រើ​ការងារ​តាម​ក្រសួង​ស្ថាប័ន​ជាតិ​នៅ​ឆ្នាំ​២០២២ តែ​ការ​ផ្អាក​នេះ​ក៏​ជា​សញ្ញា​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខ្វះខាត​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា បច្ចុប្បន្ន​នេះ​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា​សម្បូរ​មន្ត្រី​ដែល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​ការងារ​ជាតិ ខណៈ​ថវិកា​ជាតិ​ត្រូវ​ចំណាយ​លើ​មន្ត្រី​ទាំងអស់​នោះ​អស់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ រីឯ​ប្រសិទ្ធភាព​ការងារ​ទទួល​បាន​តិចតួច​ប៉ុណ្ណោះ។

លោក​អះអាង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋ​ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព រដ្ឋាភិបាល​មិន​គួរ​ឲ្យ​មាន​រចនាសម្ព័ន្ធ​គណបក្ស​ក្នុង​ជួរ​មន្ត្រី​រាជការ​របស់​រដ្ឋ​បន្ត​ទៀត​នោះ​ទេ ព្រោះ​ថា​រចនាសម្ព័ន្ធ​នេះ​នឹង​មិន​ជួយ​អ្វី​ដល់​ជាតិ​នោះ​ឡើយ គឺ​មាន​តែ​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ជួយ​ចម្រុង​ចម្រើន​គណបក្ស​ដែល​កំពុង​ប្រើ​វិធីសាស្ត្រ​នេះ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ​តែប៉ុណ្ណោះ។

បណ្ឌិត សាម អ៊ីន បញ្ជាក់​ទៀត​ថា ដើម្បី​ប្រមូល​ធនធាន​មនុស្ស​សម្រាប់​ជាតិ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​ការ​ជ្រើសរើស​មន្ត្រី​ថ្មី ឬ​ការ​ដំឡើង​មុខងារ​លើ​មន្ត្រី​ចាស់​តាមរយៈ​បណ្ដាញ​គណបក្ស​តទៅទៀត ព្រោះ​ថា​យន្តការ​ជ្រើសរើស​មន្ត្រី​មក​បម្រើ​ជាតិ​តាម​បណ្ដាញ​គណបក្ស​បែប​នេះ នឹង​មិន​អាច​រក​បាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​សម្រាប់​ជាតិ​ឡើយ គឺ​រើស​បាន​តែ​មនុស្ស​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​របស់​ពួកគេ​តែប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ស្ដីពី​ការ​ផ្អាក​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ថ្មី​សម្រាប់​ឆ្នាំ​២០២២ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ លើកលែងតែ​ក្រសួង​សុខាភិបាល​មួយ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​បញ្ជាក់​ថា ការ​ផ្អាក​នេះ​ធ្វើឡើង​តាម​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ក្រោម​ហេតុផល​ថា ដោយសារតែ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ Covid-19 ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​កំពុង​បន្ត​រីក​រាលដាល​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ក្រសួង​មុខងារ​សាធារណៈ ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​អំពី​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ជា​បណ្ដោះអាសន្ន​សម្រាប់​ឆ្នាំ​២០២០ ក្នុង​ការ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ ក្រោម​ហេតុផល​ថា ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19។

រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា កាលពី​ពេល​ថ្មីៗ​នេះ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជ្រើសរើស​មន្ត្រី​រាជការ​ជា​មធ្យម​ប្រមាណ ៦​ពាន់​នាក់ ឬ​ក្រោម ១​ម៉ឺន​នាក់​ក្នុង ១​ឆ្នាំៗ​សម្រាប់​បម្រើ​ការងារ​តាម​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ។

លោក​អះអាង​ថា សព្វថ្ងៃ​នេះ មន្ត្រី​រាជការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​ប្រមាណ ២២​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស ខណៈ​មន្ត្រី​រាជការ​ទាំង ២២​ម៉ឺន​នាក់​នេះ គឺ​ត្រូវ​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​ដែល​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ ដោយឡែក​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ក្នុង​អង្គការ​នីតិប្បញ្ញត្តិ មន្ត្រី​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រី​ក្នុង​ប្រព័ន្ធ​តុលាការ មិន​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ។

ប្រទេស​កម្ពុជា មាន​ក្រសួង​ស្ថាប័ន​ទាំងអស់​ចំនួន ២៨​ក្រសួង ហើយ​ក្រសួង​នីមួយៗ គឺ​មាន​រដ្ឋលេខាធិការដ្ឋាន​របស់​ខ្លួន​ចំនួន​មួយ​ដូចៗ​គ្នា​ទាំងអស់ ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាដើម ដើម្បី​ដំណើរ​កិច្ចការ​រដ្ឋបាល​របស់​ជាតិ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស