28.5 C
Phnom Penh

លោក កឹម សុខា សង្ឃឹម​អូស្ត្រាលី​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក កឹម សុខា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អូស្ត្រាលី គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ជឿនលឿន​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នេះ​ទេ។

លោក​អះអាង​ថា ប្រទេស​អូស្ត្រាលី គឺជា​តួអង្គ​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រហូត​មក ដូច្នេះ​បើ​គិត​មក​ទល់នឹង​ពេលនេះ ប្រទេស​អូស្ត្រាលី​ដែល​ប្រកាន់​ជំហរ​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​រួម​ចំណែក​ជួយ​កម្ពុជា​អស់​រយៈពេល ៣០​ឆ្នាំ​មក​ហើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ឯកអគ្គរាជទូត​របស់​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang អញ្ជើញ​ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ពិភាក្សា​ការងារ​នៅ​ឯ​និវាសដ្ឋាន​របស់​ស្ថានទូត​អូស្ត្រាលី ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១។

ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ឯកអគ្គរាជទូត និង​បុគ្គលិក​ស្ថានទូត បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ស្ដារ​ឡើងវិញ​ពី​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា និង​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។

ប្រភព​ដដែល​បញ្ជាក់​ថា អូស្ត្រាលី​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ រួម​ទាំង​ពេល​ថ្មីៗ​នេះ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ ដើម្បី​ធានា​ឱ្យ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ អំពី​ស្ថានភាព​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ថា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​លោក កឹម សុខា បាន​ជួប​អង្គទូត​ចំនួន​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍ ហើយ​សុទ្ធសឹងតែ​ជា​អង្គទូត​តំណាង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ថែម​ទៀត។

លោក​អះអាង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​បង្ហាញ​ថា បណ្តា​អង្គទូត​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់​បាន​យកចិត្ត​ទុកដាក់​តាមដាន​ពី​សុខមាលភាព និង​ត្រូវការ​យោបល់​នានា​ពាក់ព័ន្ធ​នឹង​អនាគត​របស់​កម្ពុជា​ពី​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​ពួកគេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​តំណាង​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ជំនួប​ជាមួយ​បណ្តា​អង្គទូត​ទាំងនោះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំហរ​នយោបាយ​អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​របស់​លោក កឹម សុខា ថា​ជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​តាម​របត់​នយោបាយ​ពិភពលោក ហើយ​ក៏​ជា​ជំហរ​នយោបាយ​ដែល​អាច​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​កម្ពុជា ដែល​អាច​ឱ្យ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ឡើងវិញ​ថែម​ទៀត​ផង។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ថា កិច្ចការ​បរទេស​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ការងារ​ពន្លត់​ភ្លើង ស្វែងរក​ដំណោះស្រាយ​តាម​បែប​អហិង្សា មិន​ចេះ​សម្ដែង មិន​ចេះ​អួតអាង និង​មិន​ចេះ​ឆ្កឹះឆ្កៀល​ឌឺដង ឬ​បង្ក​ជា​អណ្ដាតភ្លើង​បង្កើន​កម្ដៅ​នយោបាយ​សម្រាប់​កម្ពុជា​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​តុលាការ​កម្ពុជា​នៅតែ​ពន្យារ​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ ខណៈ​មេធាវី​បក្ស​ប្រឆាំង​តែង​ជំរុញ​តុលាការ​ឱ្យ​ជំនុំ​ជម្រះ​ក្តី​លើ​ករណី​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជាប់​រហូត​មក។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំ​ជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ព្រោះថា​តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​យូរ​បាន​តែ ១៨​ខែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំ​ជម្រះ​ក្តី​ជាបន្តបន្ទាប់ នៅតែ​មិន​ទាន់​បើក​សវនាការ​បាន​ទៀត ដូច្នេះ​សំណុំរឿង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស