28.5 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​បង្ហាញ​ការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ឆ្មក់​ចាប់​ខ្លួន​អ្នក​រិះគន់​លោក ជា សុផារ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​ឆ្មក់​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំងស្រុង​ក្នុង​ករណី​លោក​ចោទ​ប្រកាន់​លោក ជា សុផារ៉ា ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្កើន​នូវ​ការ​សង្ស័យ​លើ​លោក ជា សុផារ៉ា កាន់តែ​ខ្លាំង​ទៅវិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​ទាំង​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​គ្មាន​ការ​បែងចែក​ឋានៈ​បុណ្យ​ស័ក្តិ​អ្វី​នោះ​ទេ ជាពិសេស​ក្នុង​ករណី​លោក ជា សុផារ៉ា បែប​នេះ តុលាការ​ត្រូវ​ព្យួរ​តួនាទី​របស់​គាត់​សិន បន្ទាប់​មក​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទាំង​ភាគី​លោក គង់ ឃៀង ដែល​បាន​រិះគន់ និង​លោក ជា សុផារ៉ា ដែល​ជា​បុគ្គល​ដែល​កំពុង​រង​ការ​សង្ស័យ ដើម្បី​ឱ្យ​បុគ្គល​ទាំង​ពីរ​បាន​តតាំង​គ្នា​ដោយ​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់។ ក្រោយ​ការ​ស៊ើបអង្កេត​រក​ឃើញ​ខុសត្រូវ​ហើយ​នោះ ជនល្មើស​នឹង​ត្រូវ​មាន​ទោស​ស្រប​ទៅ​តាម​ច្បាប់ រីឯ​ជន​រងគ្រោះ​នឹង​ទទួល​បាន​យុត្តិធម៌។

លោក​បន្ត​ថា ប្រសិនបើ​លោក ជា សុផារ៉ា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​លើកឡើង​របស់​លោក គង់ ឃៀង ទេ​នោះ គាត់​ក៏​មិន​គួរ​ខ្លាច​ក្នុង​ការ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​របស់​តុលាការ​នោះ​ឡើយ ប៉ុន្តែ​ក៏​មិន​មែន​ជា​តុលាការ​ដែល​បាន​រៀបចំ​ទុក​មុន​នោះ​ដែរ។

លោក ហ៊ុន កុសល បញ្ជាក់​ថា គួរ​ឲ្យ​សោកស្តាយ​ដែល​លោក ជា សុផារ៉ា មាន​ចិត្ត​ចង្អៀតចង្អល់​មិន​អាច​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​បាន តែ​បែរជា​បញ្ជា​កម្លាំង​ឱ្យ​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំង​កម្រោល​ដោយ​គ្មាន​ពាក្យ​បណ្តឹង គ្មាន​ដីកា​ចាប់​ខ្លួន ខណៈ​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ និង​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ។

កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ វីដេអូ​របស់​លោក គង់ ឃៀង ដែល​បាន​និយាយ​បកអាក្រាត​ពី​ទង្វើ​ទុច្ចរិត​របស់​សមាជិក​ជាន់ខ្ពស់​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ស្រី​កំណាន់​របស់​ខ្លួន​ឈ្មោះ ហេង សុវត្តី ដោយ​ការ​ទទួល​យក​លុយ​ពី​សមាជិក​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​មុខនាទី​នៅ​ក្នុង​បក្ស​នា​ពេល​កន្លងមក។

ក្រោយ​បង្ហោះ​វីដេអូ​បាន ២​ថ្ងៃ លោក គង់ ឃៀង ត្រូវ​មន្ត្រី​បក្ស​កាន់​អំណាច​បញ្ជា​កម្លាំង​ឱ្យ​ទៅ​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក ទាំង​មិន​មាន​ដីកា​របស់​តុលាការ និង​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពី​បទ «បរិហារ​កេរ្តិ៍ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។

កាលពី​ចុង​សប្តាហ៍​មុន លោក គង់ សំអុន ជា​មេធាវី​ការពារ​ក្តី​ឱ្យ​លោក គង់ ឃៀង បាន​ឱ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ហើយ​នៅ​ពេលនេះ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​លោក គង់ ឃៀង ឱ្យ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ និង​បន្ទាប់មក​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេលនេះ លោក គង់ ឃៀង មាន​សុខភាព​ចុះ​ខ្សោយ​ខ្លាំង ព្រោះ​គាត់​មាន​ការ​តក់ស្លុត​ធ្ងន់ធ្ងរ ក្នុង​នោះ លោក​ត្អូញត្អែរ​ថា បញ្ហា​នេះ​ប្រហែល​ជា​គាត់​បាន​ដើរ​ឆ្លងកាត់​បន្ទាត់​ក្រហម​របស់​គណបក្ស​ហើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន មិន​មែន​ជា​គណបក្ស​គំរូ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​មាន​យុត្តិធម៌​សង្គម​នោះ​ទេ ដូច្នេះ​ការ​ចាប់​ខ្លួន​សមាជិក​ខ្លួនឯង​ដែល​បាន​បកអាក្រាត​ពី​ទង្វើ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ ត្បិត​គណបក្ស​ដែល​មាន​សារជាតិ​ចេញពី​ពួក​កុម្មុយនីស្ត គឺ​តែង​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត ជាជាង​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​របស់​ប្រទេស​ដែល​មាន​នីតិរដ្ឋ។

មក​ទល់នឹង​ពេលនេះ សមាជិក​ជាន់ខ្ពស់​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មិន​ទាន់​ត្រូវ​បាន​តុលាការ​កម្ពុជា​ព្យួរ​តួនាទី​ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក គង់ ឃៀង ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​សម្រេច​ឱ្យ​ឃុំ​ខ្លួន​ភ្លាមៗ​ក្រោយ​ការ​រិះគន់​របស់​ខ្លួន។

ទោះ​យ៉ាងណា មក​ទល់នឹង​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia daily នៅ​តែ​មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស