អំឡុងមួយទសវត្សចុងក្រោយនេះ គេសង្កេតឃើញមានការរត់ប្រណាំងសព្វាវុធយ៉ាងខ្លាំង ហើយជាពិសេសនៅបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសក្នុងតំបន់នេះដែលត្រូវបានកត់សម្គាល់ថា រត់ប្រណាំងសព្វាវុធយ៉ាងខ្លាំងនោះមានចិន ឥណ្ឌា តៃវ៉ាន់ កូរ៉េខាងជើង ជប៉ុន ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។ ប៉ុន្តែប្រទេសដែលកត់សម្គាល់ពិសេសជាងគេក្នុងការបង្កើនកម្លាំងវិស័យការពារជាតិរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសចិន និងដែនកោះតៃវ៉ាន់។
ដែនដីពីរនេះកំពុងតែបង្ហាញកម្លាំងសព្វាវុធដាក់គ្នាយ៉ាងសម្បើម គឺនៅសល់តែពេលវេលានៃការផ្ទុះសង្គ្រាមកើតឡើងតែប៉ុណ្ណោះ។ យ៉ាងណាមានតែចិនមួយគត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលខិតខំពង្រីកកម្លាំងយោធារបស់ខ្លួនយ៉ាងសម្បើម ដើម្បីធ្វើឱ្យមានអនុត្តរភាពគ្របដណ្ដប់លើបណ្ដាប្រទេសក្នុងតំបន់។ ទាំងចិន និងតៃវ៉ាន់ តែងតែធ្វើសមយុទ្ធសំញែងដាក់គ្នា ជាពិសេសចិន ធ្វើសមយុទ្ធញឹកញាប់ជាងតៃវ៉ាន់ គឺដើម្បីគាបសង្កត់ដែនកោះមួយនេះឱ្យមកនៅក្រោមដំបូលរបស់ទីក្រុងប៉េកាំង។
ចំណែកឯកូរ៉េខាងជើងឯណោះវិញតែងតែធ្វើការសាកល្បងកាំជ្រួចផ្លោងជាញឹកញាប់គំរាមកំហែងប្រទេសកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាងត្បូង។
ចុងក្រោយនេះ ចិនបានបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនដែលហក់ឡើងរហូតដល់ទៅ ២៥២ពាន់លានដុល្លារអាមេរិក ដែលកើនច្រើនពាន់លានដុល្លារថែមទៀត។ ទោះជាបែបនេះក៏ដោយ គេហទំព័របរទេសមួយឈ្មោះ Global Fire Power បានធ្វើការផ្ទៀងផ្ទាត់ឡើងវិញនូវអំណាចថាមពលកងទ័ពនៃបណ្ដាប្រទេសទូទាំងពិភពលោក ដោយរកឃើញ ១៤០ប្រទេសដែលត្រូវបានដាក់ក្នុងតារាងជាប្រទេសមានសក្ដានុពលផ្នែកកងទ័ព។

Global Fire Power បានកត់សម្គាល់ថា នៅមួយទសវត្សចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រទេសពីរកំពុងបង្កើនកម្លាំងយោធាខ្លាំងជាងគេ គឺប្រទេសចិន និងដែនដីកោះតៃវ៉ាន់។
ប៉ុន្តែ Global Fire Power បានធ្វើការផ្ទៀងផ្ទាត់ដំណាក់កាលចុងក្រោយថា ទោះជាមហាយក្សចិន ខិតខំបង្កើនអំណាចយោធាខ្លាំងក្លាក៏ដោយ ក៏ចិននៅតែឈរនៅលំដាប់ទី៣ដដែល ហើយមិនអាចលោតមកលេខ២បានឡើយ ហើយសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងលំដាប់ទី១ដដែល គឺពុំមានមហាអំណាចណាមួយអាចវ៉ាអាមេរិកបានឡើយ សូម្បីតែមហាអំណាចរុស្ស៊ីនៅតែស្ថិតនៅលំដាប់ទី២ដដែល។ ចំណែកមហាយក្សអាស៊ីខាងត្បូង គឺប្រទេសឥណ្ឌា នៅតែស្ថិតក្នុងលំដាប់ទី៤ បន្ទាប់ពីមហាយក្សចិន។
អ្វីជាការកត់សម្គាល់ទៀតនោះ គឺមានតែតៃវ៉ាន់មួយគត់ក្នុងតំបន់អាស៊ី ដែលហក់រំលង ៤ប្រទេសមកនៅលំដាប់ទី២២ មកឈរក្នុងបន្ទាត់របស់ប្រទេសវៀតណាម ហើយប្រទេសចូលមកជំនួសតៃវ៉ាន់ លេខរៀងទី២៦ គឺប្រទេសថៃ ដែលរាជាណាចក្រនេះកាលពីឆ្នាំ២០២០ នៅលេខរៀងទី២៤។ ចំណែកវៀតណាម មកនៅលេខរៀងទី២៤ ហើយប្រទេសកាណាដា ហក់មកនៅលេខរៀងទី២១ ដែលហក់ចេញពីលេខរៀងទី២៥។
យ៉ាងណា កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរដ៏គួរឱ្យព្រួយបារម្ភ និងជាប្រទេសដែលតែងតែគំរាមពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងសាច់ឈាមនឹងគ្នា គឺរដ្ឋកុម្មុយនីស្តផ្ដាច់ការមួយនេះធ្លាក់មកនៅលេខរៀងទី២៨ ដែលឆ្នាំ២០២០ នៅលេខរៀងទី២៦។ យ៉ាងណា កូរ៉េខាងត្បូង នៅតែស្ថិតនៅលេខរៀងទី៦ ដដែល។
តាមគេហទំព័រ Global Fire Power ការកំណត់លក្ខណៈចំពោះប្រទេសដែលមានថាមពល និងអំណាចយោធាខ្លាំងក្លារាប់ពីលំដាប់ទី១ ដល់ទី៣០ ក្នុងប្រទេស១៤០ គឺមានការពិនិត្យ និងវាយតម្លៃទៅលើសមត្ថភាពកងទ័ព សមត្ថភាពនៃការធ្វើសង្គ្រាម ទាំងសង្គ្រាមក្នុងប្រទេសខ្លួនឯង សង្គ្រាមជាមួយប្រទេសដទៃ សង្គ្រាមលើផ្ទៃសមុទ្រ សង្គ្រាមទ័ពជើងគោក សង្គ្រាមទ័ពអាកាស និងការចំណាយទៅលើវិស័យការពារជាតិ។ មានតែសហរដ្ឋអាមេរិកមួយគត់ដែលបានចំណាយច្រើនជាងគេ បើធៀបនឹងប្រទេសរុស្ស៊ី និងចិន ជាប្រទេសលំដាប់ទី២ និងទី៣។
នៅឆ្នាំ២០២១ នេះ រុស្ស៊ី ចំណាយទៅលើវិស័យការពារជាតិជាង ៤២ពាន់លានដុល្លារ។ ចិនចំណាយទៅលើវិស័យការពារជាតិ ១៧៨ពាន់លានដុល្លារ។ ប៉ុន្តែរុស្ស៊ីចំណាយទៅលើវិស័យការពារជាតិតិចជាងចិនមែន តែចំនួនសព្វាវុធរុស្ស៊ី ដែលជាប្រភេទធ្ងន់ និងអាវុធទំនើបៗមានច្រើនជាងប្រទេសចិន។
យ៉ាងណាសម្រាប់កោះតៃវ៉ាន់ ដែលហក់មកលេខ២២ ដោយចេញពីលេខ២៦ ត្រូវបានកត់សម្គាល់ថាមានការហក់ឡើងការចំណាយលើវិស័យកងទ័ពយ៉ាងខ្ពស់ នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលមានចំនួន ១៣ពាន់លានដុល្លារនៅពេលដែលដែនដីនេះកំពុងភ័យខ្លាចការលើកទ័ពលុកលុយពីសំណាក់កងទ័ពចិន។
យ៉ាងណា កោះតៃវ៉ាន់ពុំមានអាវុធនុយក្លេអ៊ែរនោះទេ។ ចំណែកចិនមានអាវុធនុយក្លេអ៊ែរ ២៨០គ្រាប់។ រុស្ស៊ី មាន ៦៤៩០គ្រាប់ ហើយអាមេរិកមាន ៦៥០០គ្រាប់។ មានតែអាមេរិកមួយគត់ដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅពាសពេញពិភពលោកចំនួន ១៦០០គ្រាប់។ ដោយឡែកប្រទេសកូរ៉េខាងជើងដែលតែងតែគំរាមបាញ់អាវុធនុយក្លេអ៊ែរទៅលើសហរដ្ឋអាមេរិក គឺប្រទេសផ្ដាច់ការមួយនេះមានអាវុធប្រភេទនេះពី ៣០ ទៅ ៤០គ្រាប់៕