30.4 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​គោរព​វិជ្ជាជីវៈ​និង​សុចរិតភាព​ពេល​បំពេញ​ភារកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក ចោទ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ថា​បាន​ប្រើ​ឧបាយកល​បំផុសបំផុល​ពលរដ្ឋ ដោយ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ Covid-19 ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ទាន់​ពេលវេលា ដែល​បាន​ធ្វើ​ឱ្យ​ផែនការ​របស់​ពួកគេ​ត្រូវ​បរាជ័យ​ទាំងស្រុង។

លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ស្ដីពី Covid-19 កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សូម​ចូលរួម​អបអរ​សាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន ដើម្បី​លើក​គុណភាព និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​សុចរិតភាព​ក្នុង​ការ​បំពេញ​ភារកិច្ច ចៀសវាង​ការ​បំពាន​ច្បាប់ និង​វិជ្ជាជីវៈ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ដែល​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ដទៃ​ទៀត។

ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ធ្នូ នេះ​ថា អ្នក​សារព័ត៌មាន​ដែល​ធ្វើ​កិច្ចការ​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ​ចំនួន​ធំ ដែល​រដ្ឋាភិបាល​រារាំង​ក្នុង​ពេល​បំពេញ​ការងារ​របស់​ពួកគេ ដូចជា​ការ​គំរាមកំហែង ការ​ដក​យក​អង្គ​ចងចាំ (Memory) របស់​អ្នក​សារព័ត៌មាន ទាំង​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​វិជ្ជាជីវៈ​របស់​ពួកគេ​ទាល់តែសោះ។

លោក​បន្ត​ថា នៅ​កម្ពុជា ស្ថាប័ន​និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដែល​ចុះផ្សាយ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល​មាន​តិចតួច​ណាស់ ហើយ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ទាំងនោះ​តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ជា​ប្រចាំ​ផង​ដែរ ប៉ុន្តែ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ទាំង​ខុស ទាំង​ត្រូវ ពិត​ជា​មាន​ច្រើន​ណាស់ ទោះ​ការងារ​របស់​រដ្ឋាភិបាល​ខ្លះ​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​ណា​ក៏ដោយ​នោះ។

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​អះអាង​កាលពី​ដើម​ខែ​វិច្ឆិកា នេះ​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ខ្លួន មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ផង​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ មក យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជន​រងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន ជាដើម។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០។

ចំណែក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​នៅ​បរទេស អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស