31 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន ចាំ​នាំគ្នា​មក​រិះគន់​លោក។

លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ធ្នូ នេះ​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន ៩ មក​ក្លាយ​ជា​អាស៊ាន ១០ វិញ នៅ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ពេល​ខាងមុខ​នេះ។ មេដឹកនាំ​កម្ពុជា​រូប​នេះ​រិះគន់​ថា អ្នក​ដែល​ចង់​ឲ្យ​ប្រទេស​ភូមា ចាកចេញ​ពី​សមាជិក​អាស៊ាន គឺជា​គំនិត​ចង់​បំផ្លាញ​អាស៊ាន និង​ចង់​ឲ្យ​ភូមា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ប៉ុណ្ណោះ។

មេដឹកនាំ​កម្ពុជា​រូប​នេះ​អះអាង​ថា នៅ​ពេល​លោក​ធ្វើជា​ប្រធាន​អាស៊ាន លោក​មិន​អាច​ទុក​ឱ្យ​អាស៊ាន​នៅ​មិន​គ្រប់​ទឹក​ដូច​សព្វថ្ងៃ​នេះ​ទេ។ ជាង​នេះ​ទៀត អាស៊ាន​ដែល​មាន​តែ ៩​ប្រទេស​បែប​នេះ ក៏​មិន​អាច​សម្រេច​ជា​ឯកច្ឆន្ទ​បាន​ដែរ ព្រោះ​ថា​ដែល​ហៅថា​អាស៊ាន​ត្រឹមត្រូវ គឺ​ត្រូវតែ​មាន​ប្រទេស​ទាំង ១០ ចូលរួម​ជាមួយ​គ្នា ហើយ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ភូមា​របស់​លោក ក៏​មិនមែន​ជា​រឿង​ខុស​នោះ​ដែរ ដរាប​ណា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក​មិនទាន់​ផ្តាច់​ទូត​ចេញពី​ប្រទេស​ភូមា នោះ។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​បែប​នេះ ធ្វើ​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​មុន​ពេល​លោក​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​បាន​ប្ដេជ្ញា​ថា​នឹង​ជួយ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​យោធា​ភូមា អាច​ចូល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​វិញ​ឱ្យ​ទាល់តែ​បាន​នៅ​ពេល​កម្ពុជា​ដឹកនាំ​អាស៊ាន​ខាងមុខ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​នានា​ដក​ស្ថានទូត​ពួកគេ​ចេញពី​ប្រទេស​ភូមា ដោយសារ​តែ​ពួកគេ​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​គាត់​ទៅ​ជួប​មេ​យោធា​ផ្ដាច់ការ​ភូមា​នោះ ចុះ​ហេតុ​អ្វី​លោក ហ៊ុន សែន មិន​ដក​ទូត​ចេញពី​សមាគម​អាស៊ាន ៩​ប្រទេស ដែល​លោក​បាន​រិះគន់​ថា​មិន​គ្រប់​ទឹក​នោះ​ទៅវិញ?

លោក គឹម សុខ អះអាង​ថា ការ​ចេញ​មុខ​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​ពិភពលោក​ជាង ១០០​ប្រទេស និង​សមាគម​អាស៊ាន​ថ្កោលទោស​មិន​ទទួលស្គាល់​នោះ ធ្វើឡើង​ក្នុង​ចេតនា​ផ្គាប់ផ្គុន​នយោបាយ​ចិន ដើម្បី​បាន​ជា​ខ្នង​បង្អែក​ផង និង​មាន​ចេតនា​លុបលាង​មុខ​របស់​ខ្លួន​ដែល​ធ្លាប់​តែ​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​ប្រជាធិបតេយ្យ​កន្លងមក​ផង​ដែរ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​ខិតខំ​របស់​លោក ហ៊ុន សែន យក​មុខមាត់​ក្នុង​ការ​ជួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ឲ្យ​ជា​តំណាង​ប្រទេស​ភូមា នៅ​ក្នុង​សមាគម​អាស៊ាន​ទាំង​ដែល​មេ​យោធា​រដ្ឋប្រហារ​រូប​នោះ​មិនព្រម​អនុវត្ត​តាម​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​សម្រេច​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ប៉ុនប៉ង​បំបែកបំបាក់​អាស៊ាន​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មហាយក្ស​ចិន​តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ប្រទេស​ប្រ៊ុយណេ ព្រះចៅ ស៊ុលតង់ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២១ នេះ និង​ប្រទេស​ស្ថាបនិក​អាស៊ាន​មួយ​ចំនួន​ទៀត មាន​ដូចជា​ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូនេស៊ី ជាដើម បាន​ជំទាស់​ក្នុង​ការ​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា ចូលរួម​ជំនួប​កំពូល​អាស៊ាន ជាពិសេស​បន្ទាប់ពី​មេដឹកនាំ​យោធា​ភូមា​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ប្រាំ​ចំណុច ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ជំនួប​កំពូល​មេដឹកនាំ​អាស៊ាន នៅ​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស