អង្គការមិនមែនរដ្ឋាភិបាល រិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ថាប្រតិបត្តិការងារហាក់មិនសូវមានប្រសិទ្ធភាព និងមានភាពយឺតយ៉ាវចំពោះចំណាត់ការរឿងក្តី ជាពិសេសទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ប្រតិកម្មរបស់សង្គមស៊ីវិលដែលឃ្លាំមើលពីចំណាត់ថ្នាក់នៃអំពើពុករលួយនៅកម្ពុជាពេលនេះ ធ្វើឡើងនៅបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាក់ទិនចំណាត់ការរបស់ខ្លួន។ តាមរយៈបទបង្ហាញនោះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា លោក ស៊ុំ សុជាតិ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីផ្កាយ១ និងជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់ និងចូលទន្ទ្រានដីព្រៃលិចទឹកជាប់បឹងទន្លេសាបជិត ១ពាន់ហិកតារ (៩៥២០២ហិកតារ)។
ក្រៅពីនេះ ACU ក៏បានរកឃើញទៀតថា ឧត្តមសេនីយ៍រូបនេះបានលក់ដីព្រៃលិចទឹកចំនួន ៨លើក ស្ថិតនៅក្នុងតំបន់៣ ដែលជាតំបន់ត្រូវការពារដោយអនុក្រឹត្យ និងជាជម្រកត្រីពងកូន ហើយទទួលបានលុយជាង ៥១ម៉ឺនដុល្លារអាមេរិកថែមទៀតផង។

មិនតែប៉ុណ្ណោះ ACU ក៏បានបង្ហាញអត្តសញ្ញាណមនុស្ស ១២នាក់ផ្សេងទៀតដែលមានឋានៈ និងតួនាទីចាប់ពីអតីតស្មៀនឃុំរហូតដល់នាយការិយាល័យ និងមេបញ្ជាការសឹករងស្រុកកំពង់លែង ជាដើម ក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងនោះផងដែរ។ ពួកគេបានកាន់កាប់ និងឈូសឆាយដីព្រៃលិចទឹកដែលស្ថិតនៅក្នុងតំបន់ការពារទាំងនោះ ដែលមានទំហំដីចាប់ពី ៣០ហិកតាររហូតទៅដល់ជាង ៤០០ហិកតារ។
បើផ្អែកតាមតួលេខនេះ មានផ្ទៃដីប្រមាណជាង ២ពាន់ហិកតារ ដោយគិតត្រឹមតែខេត្តកំពង់ឆ្នាំងមួយប៉ុណ្ណោះ ត្រូវបានកាប់បំផ្លាញ និងឈូសឆាយក្នុងចំណោមមនុស្សទាំង ១២នាក់នេះ។ ចំនួននៃការហិនហោច និងរេចរឹលដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននេះ នៅមិនទាន់គិតទៅដល់បណ្តាខេត្តផ្សេងទៀតនៅជាប់បឹងទន្លេសាប មានដូចជាខេត្តកំពង់ធំ សៀមរាប បាត់បង់ និងខេត្តបន្ទាយមានជ័យ នៅឡើយផង។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ACU បានឃាត់ខ្លួនជនជាប់ចោទចំនួន ២នាក់ ក្នុងនោះមានលោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យនគរបាលខេត្ត បញ្ជូនទៅតុលាការក្រុងភ្នំពេញ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានហៅចំណាត់ការរបស់ ACU នេះថាជាវិធីដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន ប៉ុណ្ណោះ ខណៈលុយរាប់ម៉ឺនដុល្លារដែលបានមកពីអំពើពុករលួយនេះ ត្រូវបិទបាំង និងមិនដែលបើកការស៊ើបអង្កេតម្តងណាឡើយ។
ម្យ៉ាងវិញទៀត ករណីទាំងនេះគឺបង្ហាញពីការខ្ជីខ្ជា និងទន់ខ្សោយមួយកម្រិតទៀតរបស់អាជ្ញាធរបឹងទន្លេសាប។ បទល្មើសបានកើតឡើងអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែអង្គភាពរដ្ឋមួយនេះមិនបានអើពើ និងចាត់វិធានការឆ្លើយតបណាមួយប្រឆាំងការឈូសឆាយដីព្រៃលិចទឹក ឬចាប់មន្ត្រីពាក់ព័ន្ធណាមួយមកផ្ដន្ទាទោសឡើយ។ ផ្ទុយមកវិញ អាជ្ញាធរបឹងទន្លេសាប បានបណ្តោយឱ្យមានបទល្មើសកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងពេលដែលរដ្ឋបានចំណាយលុយរាប់លានដុល្លារអាមេរិកឥតអំពើដោយសារបេសកកម្មមួយនេះ៕