28.4 C
Phnom Penh

កម្លាំង​ប្រឆាំង​របប​រដ្ឋប្រហារ​នៅ​ភូមា​ដាក់​គោលដៅ​វាយឆ្មក់​លើ​ក្រុម​គាំទ្រ​និង​ពួក​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ជាង ១០​ខែ​មក​ហើយ​ចាប់តាំង​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល មនុស្ស​ស្លាប់​ដែល​ជា​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​កើន​ឡើង​ជាង ១៣៥០​នាក់ និង​ចាប់​ខ្លួន​កើន​ឡើង​ជាង ១​ម៉ឺន ១​ពាន់​នាក់។ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ករណី​ឃាតកម្ម​មួយ​ដ៏​ឃោរឃៅ​កើតឡើង​ទៅ​លើ​ក្បួន​រថយន្ត​ស៊ីវិល​ដោយ​ដុត​មនុស្ស​ទាំង​រស់​ចំនួន ៣៥​នាក់។

ករណី​នេះ​នាំ​ឲ្យ​កងទ័ព​ប្រឆាំង​របប​សឹក បើក​យុទ្ធនាការ​សងសឹក​ដោយ​ដាក់​គោលដៅ​វាយប្រហារ​បែប​ទ័ព​ព្រៃ​ទៅលើ​គោលដៅ​របស់​ពួក​យោធា និង​ក្រុម​មន្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​នឹង​ពួក​យោធា។ ដោយ​សភាពការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ គឺ​ផ្ទុះឡើង​សឹង​ទូទាំង​ប្រទេស ខណៈ​អំពើ​ហិង្សា​ក៏​កាន់តែ​សាហាវ បាន​នាំ​ឱ្យ​អគ្គលេខាធិការ​រង​ម្នាក់​នៃ​អង្គការ​សហប្រជាជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ពួក​យោធា​ឲ្យ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​រូប​នេះ គឺ​លោក ម៉ារតាំង គ្រីហ្វ៊ី។

សេចក្ដី​ថ្លែងការណ៍​របស់​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌ បាន​សម្ដែង​ក្តី​រន្ធត់​បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រទេស​ភូមា​មក​ថា ជនស៊ីវិល​យ៉ាងតិច ៣៥​នាក់​ត្រូវ​បាន​ដុត​សម្លាប់​នៅ​ភាគ​ខាងកើត​ប្រទេស​ភូមា។ ឧបទ្ទវហេតុ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ដោយ​គេ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ទាំងនោះ​ឆេះ​ខ្លោច​នៅ​ក្នុង​រថយន្ត​ជាច្រើន​គ្រឿង ដែល​អង្គការ​ក្នុង​ស្រុក​ភូមា​បាន​រាយការណ៍​ថា គឺជា​ស្នាដៃ​របស់​កងទ័ព​នៃ​របប​សឹក​ដែល​វាយប្រហារ​មិន​រើស​គូប្រយុទ្ធ សូម្បីតែ​ជនស៊ីវិល​ក៏​ក្រុម​នេះ​វាយប្រហារ​ដែរ។

ហេតុការណ៍​ដុត​សម្លាប់​មនុស្ស បាន​កើត​នៅ​រដ្ឋ​កាយ៉ា (Kayah) ភាគ​ខាងកើត​ប្រទេស​ភូមា ជា​ទី​ដែល​កំពុង​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងទ័ព​កម្លាំង​ការពារ​ជនជាតិ​ដើម និង​កងទ័ព​តាតម៉ាដាវ នៃ​របប​សឹក។

មិន​មែន​តែ​រដ្ឋ​មួយ​នេះ​ទេ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល គឺ​បណ្ដា​រដ្ឋ​ធំៗ​ជាច្រើន ដូចជា​រដ្ឋ​ការ៉េន រដ្ឋ​ឈីន រដ្ឋ​កាឈីន រដ្ឋ​សាន រដ្ឋ​ម៉ន និង​រដ្ឋ​អាការ៉ាកាន ក៏​កំពុង​ធ្លាក់​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ដែរ ហើយ​សូម្បី​នៅ​ក្រុង​ធំៗ​ក៏​មាន​ការ​វាយឆ្មក់​ពី​កងទ័ព​ព្រៃ​ដែល​ប្រឆាំង​នឹង​របប​សឹក​ផង​ដែរ។

នៅ​ថ្ងៃ​ទី​២៨ ធ្នូ នេះ សារព័ត៌មាន​របស់​ប្រទេស​ភូមា​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កង​កម្លាំង​ទ័ព​ព្រៃ​នៃ​ក្រុម​យុទ្ធជន​ប្រឆាំង​របប​សឹក​នៅ​ក្រោម​រដ្ឋាភិបាល​ឯកភាព​ជាតិ កំពុង​ហ្វឹកហាត់​ទ័ព​ជំនាន់​ថ្មី និង​កំពុង​រៀបចំ​វាយប្រហារ​សម្ងាត់ ឬ​វាយ​ឆ្មក់​ទៅលើ​គោលដៅ​នៃ​របប​សឹក និង​ក្រុម​មនុស្ស​គាំទ្រ​របប​រដ្ឋប្រហារ​នេះ ហើយ​ផែនការ​នេះ​អាច​ជា​ការ​សងសឹក​ចំពោះ​ពួក​យោធា​ដែល​បាន​វាយកម្ទេច​រថយន្ត​របស់​ជនស៊ីវិល​ដោយ​ដុត​មនុស្ស​ទាំង​រស់ ៣៥​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នៅ​រដ្ឋ​កាយ៉ា។

អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌ លោក ម៉ារតាំង គ្រីហ្វ៊ី បាន​ថ្លែង​ថា ការ​សម្លាប់​ជនស៊ីវិល​ភូមា​ដែល​នៅ​ក្នុង​នោះ​យ៉ាង​ហោច​មាន​ម្នាក់​ជា​កុមារ ដែល​លោក​ថា​ជា​អំពើ​ព្រៃផ្សៃ​ខ្លាំង​ណាស់។

ខណៈ​សោកនាដកម្ម​កើតឡើង​ភ្លាម រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​រថយន្ត​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ឆេះ​សល់​តែ​គ្រោងឆ្អឹង។

កងកម្លាំង​ការពារ​ប្រជាជន​ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​របប​សឹក​ភូមា បាន​និយាយ​ថា នៅ​ពេល​ពួកគាត់​ទៅដល់​កន្លែង​កើតហេតុ ពួកគេ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស ២៧​នាក់​ដែល​ដុត​ឆេះ​ខ្លោច​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ ២​គ្រឿង ហើយ​ជាមួយ​គ្នា​នេះ អង្គការ​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា Myanmar Witness បាន​ឱ្យ​ដឹង​ថា មនុស្ស ៣៥​នាក់​ដែល​ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​កុមារ ត្រូវ​បាន​សម្លាប់ និង​ដុត​ឆេះ​ខ្លោច​នៅ​ក្នុង​ហេតុការណ៍​នេះ។ អង្គការ​នេះ​ចោទ​ថា ការ​ដុត​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​នេះ គឺ​ជា​ស្នាដៃ​របស់​កងទ័ព​នៃ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ដោយ​ក្ដី​ដ៏​រន្ធត់ លោក ម៉ារតាំង គ្រីហ្វ៊ី បាន​ថ្កោលទោស​ហេតុការណ៍​នេះ​ដោយ​បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា បើក​ការ​ស៊ើបអង្កេត​ជាបន្ទាន់​ដោយ​ចាប់​ខ្លួន​ឱ្យ​បាន​ជន​ដៃដល់។ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​អំពាវនាវ​ដល់​កងទ័ព​ភូមា និង​គ្រប់​ក្រុម​ប្រដាប់​អាវុធ​នៅ​ភូមា ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​អាយុជីវិត​ជនស៊ីវិល ដែល​លោក​ស្នើ​ឱ្យ​មាន​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។

ជាមួយ​គ្នា​នេះ អង្គការ​អន្តរជាតិ Save The Children បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ពីរ​រូប​របស់​អង្គការ​នេះ​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ បាន​បាត់​ខ្លួន ចំណែក​រថយន្ត​របស់​ពួកគេ​ត្រូវ​ដុត​បំផ្លាញ​នៅ​ក្នុង​ហេតុការណ៍​នោះ។

របប​សឹក​ភូមា ដែល​ត្រូវ​បាន​ចោទ​ថា​សម្លាប់​មនុស្ស​មិន​រើស​គូប្រយុទ្ធ គឺ​សូម្បី​កុមារ​តូចៗ​ក៏​ត្រូវ​បាន​សម្លាប់​ដែរ។ របប​សឹក​នេះ​កំពុងតែ​ស្ថិត​ក្នុង​បញ្ជី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដោយ​ចាត់ទុក​ថា​ជា​របប​មួយ​បាន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅលើ​សហគមន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាកខើយ និង​ចុងក្រោយ​នេះ របប​រដ្ឋប្រហារ​នេះ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ចោទប្រកាន់​មួយ​ករណី​ទៀត គឺ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាង ១៣០០​នាក់​ចាប់ពី​ថ្ងៃ​រដ្ឋប្រហារ​ទី​១ ខែ​កុម្ភៈ។ បទឧក្រិដ្ឋ​ថ្មី​នេះ​បាន​នាំ​ឲ្យ​របប​សឹក​រង​ការ​ចោទ​ថ្មី​មួយ​ករណី​ទៀត​ដោយ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​បណ្ដឹង​របស់​ប្រជាជន​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស