29.6 C
Phnom Penh

លោក ហ៊ុន សែន រិះគន់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រើប្រាស់​អគ្គិសនី​ខ្ជះខ្ជាយ​ជំពាក់​លុយ​ជាង​២​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​ឱ្យ​អគ្គិសនី​កម្ពុជា​លុប​បំណុល​ជាង ២​លាន​ដុល្លារ​អាមេរិក​របស់​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​បាន​រិះគន់​ភាព​ខ្ជះខ្ជាយ​របស់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​តាម​អង្គភាព​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ក្រសួង​ការពារ​ជាតិ​នេះ​ដែរ។

លោក ហ៊ុន សែន អះអាង​ក្នុង​ពិធី​សម្ពោធ​សាល​ប្រជុំ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ដោយ​លោក​សុំ​ឱ្យ​អគ្គិសនី​កម្ពុជា​ពិនិត្យ​លទ្ធភាព​លុប​បំណុល​របស់​ក្រសួង​ការពារ​ជាតិ​ជាង ៩​ពាន់​លាន​រៀល ដែល​ស្មើ​នឹង​ជាង ២​លាន​ដុល្លារ ថា​តើ​អាច​លុប​ចោល​ទាំងស្រុង ឬ​លុប​ពាក់កណ្តាល ឬ​លុប ៧០% ខណៈ​បំណុល​ដែល​នៅ​សល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ជួយ​បំពេញ​បន្ថែម។

កិច្ច​អន្តរាគមន៍​របស់​លោក ហ៊ុន សែន បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន លុប​បំណុល​ថ្លៃ​អគ្គិសនី​របស់​ក្រសួង​ការពារ​ជាតិ ដែល​បាន​ជំពាក់​អគ្គិសនី​កម្ពុជា​ជាង ២​លាន​ដុល្លារ​អាមេរិក ចាប់តាំង​ពី​ឆ្នាំ​២០១៦ មក ដោយសារ​ការ​ប្រើប្រាស់​កើនឡើង​ជា​រៀងរាល់​ឆ្នាំ។

ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ លោក អ៊ិត សារុំ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​បែប​ឌឺដង​ថា គ្រាន់តែ​ចំណាយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ក្រសួង​ការពារ​ជាតិ​គ្មាន​លុយ​បង់​ផង ដូច្នេះ​ការ​ដឹកនាំ​ក្រសួង​បែប​នេះ​ពិតជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​ណាស់ ព្រោះ​ក្រសួង​ការពារ​ជាតិ គ្មាន​លុយ​បង់​ថ្លៃ​អគ្គិសនី អន់​ជាង​ពួក​អ្នក​លក់​ឡេ​តាម​បណ្ដាញ​សង្គម​ទៅ​ទៀត។

លោក អ៊ិត សារុំ ចោទ​ជា​សំណួរ​ថា រដ្ឋសភា​ជាតិ​បាន​អនុម័ត​ថវិកា​សម្រាប់​ទូទាត់​ចំណាយ​របស់​ក្រសួង​ស្ថាប័ន​របស់​ជាតិ​នីមួយៗ​រួច​ហើយ តើ​លុយ​នោះ​ចំណាយ​ទៅលើ​អ្វី​ខ្លះ បាន​ជា​គ្មាន​លុយ​បង់​ឱ្យ​អគ្គិសនី​កម្ពុជា​បែប​នេះ? ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​សួរ​បន្ថែម​ថា បទល្មើស​រថយន្ត​គ្មាន​ពន្ធ​ជ្រក​ក្រោម​ប្រើ​ស្លាក​លេខ ខេមរភូមិន្ទ (ខ.ម) រាប់​រយ​គ្រឿង តើ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដឹង​រឿង​ដែរ​ឬ​ក៏​ធ្វើ​មិន​ដឹង?

លោក អ៊ិត សារុំ អះអាង​ថា បើ​រដ្ឋមន្ត្រី​ក្រសួង​នីមួយៗ​មិន​ប្រើប្រាស់​ថវិកា​ជាតិ​ឱ្យ​មាន​តម្លាភាព​ទេ វា​ជា​សកម្មភាព​ជញ្ជក់​ឈាម​រាស្ត្រ​តាមរយៈ​នៃ​ការ​បង់ពន្ធ​ប៉ុណ្ណោះ គឺ​មិនមែន​ប្រមូល​ពន្ធ​ដើម្បី​អភិវឌ្ឍ​ជាតិ​ទេ ដូច្នេះ​ក្រសួង​ស្ថាប័ន​គ្រប់​វិស័យ​ទាំងអស់​ត្រូវតែ​ពិនិត្យ​លើ​ការងារ​របស់​ខ្លួន​ឡើងវិញ ដើម្បី​ធានា​សុចរិតភាព​ក្នុង​ការ​ប្រើប្រាស់​លុយ​ជាតិ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​១៩៩៦ ក្រោម​ព្រះហស្ដ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​នោះ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​ការពារ​ជាតិ មាន​ប្រមាណ​ជា ១០០​អង្គភាព ប៉ុន្តែ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​នេះ​បាន​កើនឡើង​មាន​ចំនួន​រហូត​ដល់​ទៅ ២៤០​អង្គភាព​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស