នៅពេលមានការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងសកម្មជននយោបាយ ឬការបង្ក្រាបដោយហិង្សាលើបាតុកម្មអហិង្សាអ្វីមួយ របបលោក ហ៊ុន សែន តែងតែអះអាងថាគឺជាវិធានការផ្លូវច្បាប់។ លោក ហ៊ុន សែន ក៏តែងតែអះអាងផងដែរថា ការបង្ក្រាបទាំងនោះគឺដើម្បីផលប្រយោជន៍សង្គមជាតិ ដោយធ្លាប់ទាំងសម្ដែងការសោកស្តាយដែលគាត់មិនបានសម្លាប់បាតុករពីរ ឬបីរយនាក់ពាក់ព័ន្ធនឹងបាតុកម្មអហិង្សានាដើមឆ្នាំ២០១៤ លើផ្លូវវ៉េងស្រេង ថែមទៀត។
ជាក់ស្តែង រហូតមកទល់ពេលនេះ កម្មករ និងបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ប្រហែល ២០នាក់ហើយត្រូវបានចាប់ខ្លួន ខណៈពួកគេធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច។

ដូច្នេះ តើការបង្ក្រាបរបស់លោក ហ៊ុន សែន ទៅលើក្រុមបាតុករអហិង្សា ដើម្បីអនុវត្តច្បាប់ ដើម្បីសង្គមជាតិ ឬដើម្បីក្រុមហ៊ុន?
ក្រុមហ៊ុនល្បែងស៊ីសងដ៏ធំមួយកណ្តាលទីក្រុងភ្នំពេញ គឺក្រុមហ៊ុន ណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិករបស់ខ្លួនប្រមាណជាង ៣០០នាក់។ ការបញ្ឈប់នេះត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនរាយការណ៍ថា ដោយសារតែពួកគេជាថ្នាក់ដឹកនាំ និងជាសមាជិកសហជីពដែលការពារបុគ្គលិកក្នុងក្រុមហ៊ុននេះ។ លើសពីនេះ សហជីពនេះក៏មានការតវ៉ាជំទាស់ទៅនឹងការរំលោភច្បាប់ការងារ និងសិទ្ធិកម្មករក្នុងកន្លែងធ្វើការផងដែរ។
ដោយចាត់ទុកថាការបញ្ឈប់នោះជារឿងអយុត្តិធម៌ បុគ្គលិករាប់រយនាក់នៃក្រុមហ៊ុនល្បែងស៊ីសងមួយនេះ បានធ្វើកូដកម្មជាបន្តបន្ទាប់ដើម្បីទាមទារឱ្យទទួលយកបុគ្គលិកទាំងនោះចូលធ្វើការវិញ និងការកែសម្រួលលក្ខខណ្ឌការងារក្នុងកន្លែងធ្វើការ។ ប៉ុន្តែគ្រប់សកម្មភាពតវ៉ាដោយសន្តិវិធីរបស់ក្រុមបុគ្គលិកទាំងនោះ តែងតែទទួលបាននូវការរារាំង ការទប់ស្កាត់ និងការចាប់ខ្លួនដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ការការពារខ្លាំងក្លាពីសំណាក់កងកម្លាំងរបស់រដ្ឋាភិបាល បានធ្វើឱ្យក្រុមហ៊ុនមិនខ្វល់នឹងសំឡេងទាមទាររបស់បុគ្គលិក និងជាការលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តរំលោភច្បាប់ និងសិទ្ធិការងារស្រេចតែទំនើងចិត្ត។
រឿងណាហ្គាវើលដ៍ មិនមែនជាករណីទីមួយទេដែលរដ្ឋាភិបាលលោក ហ៊ុន សែន រារាំងការតវ៉ារបស់កម្មករ ឬការពារក្រុមហ៊ុននោះ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានធ្វើបែបនេះចំពោះកម្មករនៃក្រុមហ៊ុន និងរោងចក្រនានាជាច្រើនទៀតរាប់មិនអស់មកហើយនាពេលកន្លងមក។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាលលោក ហ៊ុន សែន បានបាញ់លើហ្វូងកម្មកររាប់ពាន់នាក់ដែលកំពុងធ្វើបាតុកម្មអហិង្សាលើផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ។ ការបង្ក្រាបដ៏ឃោរឃៅនោះ បានបណ្តាលឱ្យយុវជន ៥នាក់ស្លាប់ រាប់សិបនាក់រងរបួស និងត្រូវបានចាប់ខ្លួន។ ស្រដៀងគ្នានេះដែរ កម្លាំងនគរបាលរបស់លោក ហ៊ុន សែន ក៏ធ្លាប់បានបាញ់លើកម្មការិនីបីរូបដែលកំពុងចូលរួមបាតុកម្មអហិង្សាជាមួយកម្មករប្រមាណ ៦ពាន់នាក់ក្នុងខេត្តស្វាយរៀង។

ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍បន្តិចបន្តួចប៉ុណ្ណោះក្នុងចំណោមព្រឹត្តិការណ៍ហិង្សាជាច្រើនករណីដែលកងកម្លាំងរបស់លោក ហ៊ុន សែន បានប្រើអំពើហិង្សាឃោរឃៅលើកម្មករ ឬបុគ្គលិកដើម្បីការពារក្រុមហ៊ុននានា។
ទាក់ទិននឹងចំណាត់ការដ៏ហិង្សាទាំងនេះ គេអាចចោទជាសំណួរថា តើហេតុអ្វីលោក ហ៊ុន សែន អនុញ្ញាតឲ្យមានប្រតិបត្តិការបង្ក្រាបយ៉ាងហិង្សាបែបនេះ?
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្លះនិយាយថា ការបង្ក្រាបទៅលើកម្មករដែលធ្វើកូដកម្ម ឬបាតុកម្មទាំងនោះ ដោយសារពួកគេជាអ្នកធ្វើឲ្យរាំងស្ទះដល់ដំណើរការការងាររបស់ក្រុមហ៊ុន ឬបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ប្រសិនបើចម្លើយបែបនេះមែន ដូច្នេះហេតុអ្វីរដ្ឋាភិបាលមិនព្រមពិនិត្យមើល និងជួយដោះស្រាយ ឫសគល់នៃបញ្ហាដែលនាំឱ្យកម្មករ ឬបុគ្គលិកធ្វើការតវ៉ានោះទៅ?
ជាទូទៅ នៅពេលដែលមានវិវាទម្តងៗ មន្ត្រីរដ្ឋាភិបាលដែលមានសមត្ថកិច្ចដោះស្រាយទំនាស់ តែងការពារផលប្រយោជន៍របស់ក្រុមហ៊ុន ជាជាងផលប្រយោជន៍កម្មករ ឬបុគ្គលិក។ ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិធ្លាប់បានលើកឡើងជាញឹកញាប់អំពីការរំលោភសិទ្ធិកម្មករ ឬបុគ្គលិកធ្ងន់ធ្ងរដោយរោងចក្រ និងក្រុមហ៊ុននានាក្នុងប្រទេសកម្ពុជា។
កាលពីខែកក្កដា ឆ្នាំ២០២០ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន៣៣ បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលបរទេសចំនួន១៣ ដែលជាទីផ្សារនៃការទទួលយកផលិតផលរោងចក្រកាត់ដេររបស់កម្ពុជា។ លិខិតនោះបានលើកឡើងអំពីអំពើរំលោភសិទ្ធិកម្មករខ្មែរយ៉ាងធ្ងន់ធ្ងរ ដោយបណ្តារោងចក្រនានាដែលពួកគេកំពុងបម្រើការ។ ប៉ុន្តែរបាយការណ៍ទាំងនោះ ត្រូវបានបដិសេធភ្លាមៗដោយមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ពេលខ្លះ មន្ត្រីរដ្ឋាភិបាលទាំងនោះបានធ្វើការបដិសេធដោយទាំងមិនទាន់បានអានរបាយការណ៍ថែមទៀតផង។

តើអ្វីទៅជាមូលហេតុនៃការការពារក្រុមហ៊ុនដោយក្រុមមន្ត្រីរបស់លោក ហ៊ុន សែន?
តាមពិត មន្ត្រីទាំងនោះតែងរងការចោទប្រកាន់អំពីការប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីបណ្តាក្រុមហ៊ុននានា ដើម្បីការពារក្រុមហ៊ុនទាំងនោះ។
បើគេពិនិត្យមើលអំពីរបាយការណ៍ចំណូល ឬចំណេញវិញ កម្មករឬបុគ្គលិកទាំងនោះរកចំណូលសម្រាប់ក្រុមហ៊ុន និងសង្គមជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន ណាហ្គាវើលដ៍ ទទួលបានចំណូលសរុប ១៤០០លាន ឬប្រាក់ចំណេញសុទ្ធចំនួន ៣៩០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
បើយោងតាមរបាយការណ៍របស់អង្គការអភិវឌ្ឍន៍កម្ពុជាដោយបើកចំហ (ODC) វិស័យកាត់ដេររបស់ប្រទេសកម្ពុជារកបានប្រាក់ចំណូលសរុបជិត ៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។
បើគេពិនិត្យមើលរបាយការណ៍ចំណូលខាងលើ ក្នុងនាមជាអ្នកដឹកនាំប្រទេស និងជាអ្នកទទួលខុសត្រូវចំពោះជាតិមួយ លោក ហ៊ុន សែន គួរតែអរគុណបុគ្គលិកកម្មករទាំងអស់ដែលបានចូលរួមបង្កើតចំណូលសម្រាប់សង្គមជាតិ។ ជាទូទៅ ការការពារផលប្រយោជន៍ទាំងសងខាង គឺទាំងខាងកម្មករ ឬបុគ្គលិក និងទាំងខាងក្រុមហ៊ុនដោយឈរលើគោលការណ៍យុត្តិធម៌ គឺជារឿងត្រឹមត្រូវ ព្រោះភាគីទាំងពីរសុទ្ធតែបានបង្កើតចំណូលសម្រាប់ជាតិ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មន្ត្រីនិងកងកម្លាំងរបស់លោក ហ៊ុន សែន ការពារតែក្រុមហ៊ុន ហើយបង្ក្រាបតែខាងកម្មករ ឬបុគ្គលិក ដោយរួមទាំងការបាញ់សម្លាប់ពួកគេយ៉ាងខ្លោចផ្សាថែមទៀតផង។
បើគេពិនិត្យមើលទង្វើបង្ក្រាបដ៏ឃោរឃៅទៅលើកម្មករនិយោជិតកន្លងមក គឺផ្ទុយនឹងអ្វីដែលគណបក្សប្រជាជនកម្ពុជា (CPP) និងលោក ហ៊ុន សែន ធ្លាប់ប្រកាស និងសម្ដែងកន្លងមក។ គណបក្សកុម្មុយនីស្តមួយនេះ ធ្លាប់ប្រកាសថា ខ្លួនជាគណបក្សរបស់វណ្ណៈកសិករ កម្មករ និងដើម្បីកសិករ ឬកម្មករ។
ស្រដៀងគ្នានេះ ក្រោយបាត់បង់អាសនៈរដ្ឋសភាយ៉ាងសន្ធឹកសន្ធាប់លើគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ លោក ហ៊ុន សែន បានចាប់ផ្តើមធ្វើយុទ្ធនាការចុះជួប និងឱបថើបកម្មករនិយោជិតចាប់ពីចុងឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។ ប៉ុន្តែលោក ហ៊ុន សែន បានបញ្ឈប់យុទ្ធនាការនោះវិញដោយលែងនឹកនាចុះជួបកម្មករដូចមុនៗទៀតចាប់តាំងពីចុងឆ្នាំ២០១៧ មក បន្ទាប់ពីលោកបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិចោល។

ដោយផ្អែកលើទឡ្ហីករណ៍នេះ គេអាចធ្វើការសន្និដ្ឋានថា អ្វីដែលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ធ្លាប់ថ្លែង ឬសម្ដែងចំពោះកម្មករនិយោជិតនោះ គឺសុទ្ធតែជារឿងបោកប្រាស់។ តាមពិត គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន មិនមែនធ្វើអ្វីៗដើម្បីកសិករ ឬកម្មករនោះទេ តែដើម្បីថៅកែក្រុមហ៊ុន ឬពួកអ្នកមានលុយ និងមានអំណាច។
ដូច្នេះ គេអាចចោទជាសំណួរថា តើលោក ហ៊ុន សែន បង្ក្រាបកម្មករនិយោជិតដើម្បីផលប្រយោជន៍ជាតិ ឬដើម្បីផលប្រយោជន៍ក្រុមហ៊ុន?
តាមពិត បើគេក្រឡេកមើលមួយភ្លែត គេអាចឆ្លើយដោយងាយថា ការបង្ក្រាបកម្មករកន្លងមក គឺដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន។
មហាជនទូទៅប្រាកដជាចាំមិនភ្លេចឡើយចំពោះរបាយការណ៍របស់អង្គការ Global Witness ដែលចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០១៦ មុនប៉ុន្មានថ្ងៃនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ទាំងកណ្តាលថ្ងៃត្រង់។
មុនគេធ្វើឃាតគាត់ បណ្ឌិត កែម ឡី បានធ្វើការវិភាគអំពីរបាយការណ៍នោះ។ អង្គការ Global Witness បានធ្វើការស៊ើបអង្កេត និងលាតត្រដាងអំពីរឿងអាស្រូវរបស់សមាជិកគ្រួសារត្រកូល ហ៊ុន ដែលបានគ្រប់គ្រង និងដាក់ហ៊ុនខ្យល់ គឺភាគហ៊ុនដោយមិនដាក់លុយក្នុងក្រុមហ៊ុនជំនួញធំៗស្ទើរទាំងអស់ក្នុងប្រទេសកម្ពុជា។ តាមរយៈរបាយការណ៍នេះ ធ្វើឱ្យគេនឹកឃើញដល់ពាក្យខ្មែរមួយឃ្លាថា “អារសាច់ជូនខ្លា ទើបនៅស្រុកបាន”។ ដូច្នេះប្រហែលជាស្ទើរគ្រប់ក្រុមហ៊ុនធំៗទាំងអស់សុទ្ធតែត្រូវផ្តល់ភាគលាភ ឬផលប្រយោជន៍ដល់គ្រួសារត្រកូល ហ៊ុន ទោះតិច ឬច្រើនក្តី បើពុំដូច្នោះទេ ពួកគេមិនអាចឈរជើងក្នុងប្រទេសកម្ពុជាបានឡើយ។
ដូច្នេះ អ្វីដែលលោក ហ៊ុន សែន បង្ក្រាបកម្មករនិយោជិត ហើយការពារក្រុមហ៊ុននិយោជកនោះ គឺមិនមែនដើម្បីក្រុមហ៊ុននោះទេ ហើយក៏មិនមែនដើម្បីផលប្រយោជន៍ជាតិដែរ តែគឺដើម្បីផលប្រយោជន៍ក្រុមគ្រួសារត្រកូល ហ៊ុន របស់គាត់ដែលទទួលបានភាគលាភ ឬការផ្តល់ប្រយោជន៍អំពីក្រុមហ៊ុនទាំងនោះតែប៉ុណ្ណោះ៕