32.5 C
Phnom Penh

ប្រជាជន​ភូមា​បាន​ដើរ​ឆ្លងកាត់​របប​សឹក​មួយ​ឆ្នាំ​ហើយ តើ​របប​ប្រជាធិបតេយ្យ​នៅ​ឯណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុម​ឧត្តមសេនីយ៍​ដែល​មាន​អំណាច​យង់ឃ្នង​នៃ​ប្រទេស​ភូមា បាន​បើក​ឆាក​សម្លាប់​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​ដែល​មាន​អាយុ ៥​ឆ្នាំ​ប៉ុណ្ណោះ។

ពួក​យោធា និង​បក្សពួក​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោយ​ចាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​រាប់​រយ​នាក់​ដាក់​ពន្ធនាគារ ហើយ​បង្ក្រាប​បាតុកម្ម​របស់​ប្រជាជន​យ៉ាង​ចាស់ដៃ​រហូត​ដល់​ចំនួន​អ្នក​ស្លាប់​កើន​ជាង ១៥០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់។ រីឯ​ប្រជាជន​ភូមា​ដែល​ភៀសខ្លួន​ដោយសារ​សង្គ្រាម​កើន​ឡើង​ដល់​ជាង ៤០​ម៉ឺន​នាក់។ ការ​សម្លាប់​រង្គាល ការ​បាញ់​គ្នា​កំពុងតែ​បន្ត។ ការ​បង្កើត​ក្រុម​តស៊ូ​ដូចជា​កម្លាំង​ការពារ​ប្រជាជន និង​សម្ព័ន្ធ​ក្រុម​ជនជាតិ​ភាគតិច​ក៏​កើន​ឡើង។ ចំណែក​រដ្ឋាភិបាល​ស្រមោល​ក៏​ចាប់​មាន។

ដោយឡែក​នៅ​ក្រៅ​ប្រទេស​វិញ ការ​ប្រជែង​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ និង​ភាព​ស្រប​ច្បាប់​ក៏​កើតឡើង។ យ៉ាងណា កម្លាំង​ប្រជាធិបតេយ្យ​នៅតែ​មាន​ភាព​ស្រប​ច្បាប់​នៅ​លើ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់។ ចំណែក​ក្នុង​តំបន់ គឺ​សមាគម​អាស៊ាន​កំពុងតែ​គិតគូរ​ដោះស្រាយ​ដោយ​ភាព​មិន​ត្រូវ​គ្នា​ខ្លះៗ។

តើ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា អាច​កើតមាន​ដោយ​កត្តា​ណា​ខ្លះ? គឺ​មាន​ដូច​តទៅ​នេះ៖

កត្តា​ទី​១៖

ពួក​យោធា​ឡាំប៉ា​ព្រោះ​ចាញ់​ឆ្នោត​ខុស​ពី​ការ​រំពឹង​ទុក។ បើ​តាម​ការ​បកស្រាយ​របស់​ក្រុម​យោធា គឺ​រដ្ឋប្រហារ​នោះ​បាន​ប្រព្រឹត្ត​តាម​រដ្ឋធម្មនុញ្ញ ដែល​ក្រុម​យោធា​តាក់តែង​ឡើង​នៅ​ឆ្នាំ​២០០៨។

រដ្ឋប្រហារ​នេះ​គឺជា​ការ​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​រក​ចម្លើយ​ពី​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី និង​គណៈកម្មការ​បោះឆ្នោត​ភូមា ដែល​ទីបំផុត​ពួក​យោធា​ចោទ​ថា ការ​បោះឆ្នោត​សភា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​តម្លាភាព និង​ពោរពេញ​ទៅ​ដោយ​ការ​លួច​បន្លំ។

តាម​លទ្ធផល​បោះឆ្នោត បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ឈ្នះ​ដល់​ទៅ ៨០% ចំណែក​បក្ស​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ដែល​រដ្ឋធម្មនុញ្ញ​ផ្ដល់​សំឡេង ២៥% នៅ​ក្នុង​រដ្ឋសភា​ទៅ​ហើយ​នោះ គឺ​បក្ស​នេះ​មិន​អាច​រក​សន្លឹកឆ្នោត​បាន​សូម្បីតែ ២៥% ក៏​ពុំ​បាន​ដែរ​ដើម្បី​ឱ្យ​បក្ស​មាន​កម្លាំង​នៅ​រដ្ឋសភា។

ត្រង់នេះ​ហើយ​ទើប​មាន​ការ​យល់​ឃើញ​ថា បក្ស​ប្រឆាំង​របស់​ពួក​យោធា​នៅ​ភូមា​នោះ​ចេញ​ចរិត​ឡាំប៉ា ព្រោះ​លទ្ធផល​ខុស​ពី​ការ​រំពឹង​ទុក ឬ​ការ​ស្រមៃ​ចង់​បាន​របស់​ខ្លួន។ ម្ល៉ោះ​ហើយ​ក្រុម​នេះ​ក៏​ប្រើ​អាវុធ​មក​ដោះស្រាយ ឬ​ទាមទារ​ចែក​អំណាច ហើយ​ក៏​ផ្ដើម​ធ្វើ​រដ្ឋប្រហារ​តែម្ដង។

កត្តា​ទី​២៖

ល្បិច​លាង​ខ្លួន​របស់​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង ធ្លាប់​ត្រឹម​ជា​នាយ​ទាហាន​ម្នាក់ តែ​ចាប់ពី​ឆ្នាំ​២០០៩ មក យសស័ក្ដិ​របស់​លោក​កាន់តែ​ខ្ពស់ ហើយ​កាន់តែ​ធំ ដោយ​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បះបោរ​នៅ​តំបន់ Kokang។ ការ​បង្ក្រាប​បនល្បែង ការ​បង្ក្រាប​ការ​លាង​លុយ​ក្រខ្វក់​ដែល​បាន​មកពី​អំពើ​ទុច្ចរិត ដូចជា​ការ​ជួញដូរ​គ្រឿងញៀន។

នៅ​ឆ្នាំ​២០១១ បុរស​រូប​នេះ​ក៏​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ ថាន់ ស្វេ អគ្គមេបញ្ជាការ​កំពូល​នៃ​កងទ័ព​ភូមា ជ្រើស​តាំង​ជា​ទាយាទ​នៃ​អំណាច​យោធា។

អំឡុង​ពេល​មាន​អំណាច​យោធា​ក្នុង​ដៃ​របស់​ឧត្តមសេនីយ៍​រូប​នេះ គឺ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​សង្កត់​សង្កិន​ជា​ខ្លាំង ហើយ​សំណុំរឿង​នេះ ពួក​យោធា​មិន​បាន​ឡើង​ទៅ​តតាំង​ក្ដី​នៅ​តុលាការ​ក្រុង​ឡាអេ ទេ។

គេ​ឃើញ​តែ​វត្តមាន​ស្ត្រី​វ័យ ៧៦​ឆ្នាំ​ម្នាក់​ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅ​កាន់​ទីនោះ។ ឥឡូវ​នេះ មីន អ៊ុងឡាំង អាយុ ៦៤​ឆ្នាំ​ហើយ គឺ​សល់​តែ​មួយ​ឆ្នាំ​ទេ មីន អ៊ុងឡាំង នឹង​ចូល​និវត្តន៍។

គ្មាន​រដ្ឋធម្មនុញ្ញ​ណា​កំណត់​ការពារ​ពួក​យោធា​ដូច​មេដឹកនាំ​ស៊ីវិល​នោះ​ទេ។ បែប​នេះ​ហើយ​បើ​មិន​ចេះ​ស្រវា​ចាប់​ឱកាស វា​ពិតជា​ពិបាក​ក្នុង​ការ​ដោះស្រាយ​លំហាត់​ទណ្ឌកម្ម​ដែល​គេ​អាច​នឹង​ដាក់​លើ​រូបលោក ហើយ​មាន​តែ​អាជីព​ជា​អ្នក​នយោបាយ​ដែល​មិន​ចេះ​មាន​ការ​ចូល​និវត្តន៍ គឺជា​វិធី​ដែល មីន អ៊ុងឡាំង សង្ឃឹម​ថា​អាច​នឹង​ប្ដូរ​ខ្លួន​ពី​ឯកសណ្ឋាន​យោធា​មក​ជា​ស៊ីវិល មាន​សិទ្ធិ​ពិសេស និង​អាច​បង្កើត​ច្បាប់​សន្ដោស​ប្រណី​ទោស​ខ្លួនឯង​បាន។

ទង្វើ​ដែល​មិន​គិត​អំពី​ភាព​អសោច​របស់​ខ្លួន មីន អ៊ុងឡាំង បាន​សម្រេច​ដើរ​តាម​មេ​រដ្ឋប្រហារ​នៅ​ថៃ គឺ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤។

ប៉ុន្តែ​ករណី​ភូមា គឺ​ឧត្តមសេនីយ៍​រូប​នោះ​មាន​ហេតុផល​លើស​ពី​មហិច្ឆតា​របស់​លោក ប្រាយុទ្ធ ទៅ​ទៀត គឺ​ដើម្បី​ស្វែងរក​ផ្លូវ​រត់​គេច​ពី​ការ​ជាប់​ចោទ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជសាសន៍​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ក្នុង​សំណុំរឿង​សម្លាប់​ជាតិសាសន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

កត្តា​ទី​៣៖

ការ​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ផ្ដាច់មុខ​ភូមា​ក្នុង​ដៃ​មហាអំណាច​ចិន ដោយ​សម្លឹង​អំពី​ភូមិសាស្ត្រ​សេដ្ឋកិច្ច គឺ​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ហើយ​អាច​ស៊ី​ទាំង​តូច​ទៀត​បើ​ស៊ី​បាន។ មាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​លើក​ជា​សំណួរ​ថា តើ​រដ្ឋ​ក្រៅ​តំបន់​ណា​ដែល​ចំណេញ​ជាងគេ​ពី​រដ្ឋប្រហារ​នេះ។

សំណួរ​នេះ​គេ​នឹក​គិត​ភ្លាម​ថា អស់​ពេល​រាប់​ឆ្នាំ​កន្លងទៅ​មុន​នឹង​ប្រជាធិបតេយ្យ​សាកល្បង​នាំ​មក​កាន់​ភូមា លើកដំបូង​នៅ​ឆ្នាំ​២០១១ គឺ​ប្រទេស​នេះ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ប្រទេស​ចិន ដែល​ចិន​នៅ​មិន​ទាន់​បាន​ងើប​ជា​មហាអំណាច​សេដ្ឋកិច្ច​ស្រួលបួល​ផង។ តែ​ភ្លាមៗ​នៃ​គម្រោង​ផ្លូវ​សូត្រ​ថ្មី លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន អះអាង​ថា​វា​មាន​ភាព​ចាំបាច់​ជា​ខ្លាំង​ដែល​ត្រូវ​ទទួល​បាន​ការ​សហការ​ពី​ភូមា។

ជា​ការពិត ភូមា​ពិត​បាន​ឯកភាព​នូវ​គម្រោង​ដឹក​ប្រេងឆៅ​ពី​មជ្ឈិម​បូព៌ា និង​តំបន់​នានា​ទៅកាន់​ខេត្ត​របស់​ចិន តាមរយៈ​បំពង់​បង្ហូរ​ប្រេង​មាន​ប្រវែង ២៤០០​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ប្រទេស​ភូមា។

ដោយសារតែ​មាន​ផ្លូវ​ដឹក​ប្រេង​នេះ​ហើយ បាន​ជា​ចិន​កាត់បន្ថយ​បាន​នូវ​សម្ពាធ​ពី​អាមេរិក​នៅ​ច្រក Malacca។ តែ​គួរ​ឱ្យ​ដឹង​ថា ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ គឺជា​របត់​ធំ​បំផុត​មួយ​ដែល​ពិភពលោក​ក៏​សម្លឹង​ឃើញ​ថា ពួក​យោធា​អាច​នឹង​ត្រូវ​ឆ្លងកាត់​សករាជ​ចិន ហើយ​ចិន​ក៏​មាន​មហិច្ឆតា​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មហាអំណាច​សមុទ្រ​នៅ​ក្នុង​តំបន់ តែ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​យុទ្ធសាស្ត្រ Indo-Pacific សេរី និង​ចំហ​របស់​អាមេរិក និង​សម្ពន្ធមិត្ត។

កត្តា​ទី​៤៖

ចាប់​ភូមា គឺ​ឡោមព័ទ្ធ​ឥណ្ឌា។ តាម​ការ​គិត​របស់​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន ក្រោយ​ពី​ឃើញ​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ទៅ​ជួប​មេទ័ព​ភូមា​រួច ក៏​ផ្ទុះ​រដ្ឋប្រហារ លោក​យល់​ឃើញ​ថា ភូមា​ទំនង​ធ្លាក់​ចូល​កណ្ដាប់ដៃ​ចិន​កុម្មុយនីស្ត​ក្នុង​តំបន់។ នេះ​បើ​និយាយ​ពី​មនោគមន៍វិជ្ជា។ តែ​បើ​និយាយ​អំពី​ភូមិសាស្ត្រ​នយោបាយ​វិញ គឺ​ចិន​ចាប់​យក​ភូមា ដើម្បី​ឡោមព័ទ្ធ​ឥណ្ឌា និង​បំផ្លាញ​ចោល​ផែនការ​របស់​អាមេរិក។

ចិន​អាច​នៅ​ពី​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ គឺ​ដើម្បី​យក​បាន​មេដឹកនាំ​ម្នាក់​ដែល​អាច​ប្រគល់​អធិបតេយ្យ​របស់​ខ្លួន​ឱ្យ​ចិន​ប្រើប្រាស់ ដើម្បី​ងាយស្រួល​ផ្តាច់​អំណាច​ឥណ្ឌា​ចោល​ទាំងស្រុង​នៅ​សមុទ្រ Andaman និង​ឈូងសមុទ្រ Bengal។

បើ​ក្នុង​ល្បែង​រែក ឬ​ព័ទ្ធ​ស៊ី​វិញ គឺ​ចិន​សម្រេច​បាន​ការ​ឡោមព័ទ្ធ​ឥណ្ឌា​ដែល​ជា​ប្រទេស​មួយ ធ្វើ​ឱ្យ​អាមេរិក​ជឿជាក់​ថា​អាច​បំបាក់​អនុតរភាព​របស់​ចិន​បាន​នៅ​អាស៊ី។ ដោយសារតែ​ចិន​ចាប់​យក​បាន​ស្រីលង្កា និង​បង់ក្លាដេស រួម​នឹង​មហាមិត្ត​ប៉ាគីស្ថាន ទៀត​នោះ ហើយ​បូក​នឹង​ភូមា មួយ​ទៀត គឺ​ស្មើ​នឹង​ឡោមព័ទ្ធ​ឥណ្ឌា។

កត្តា​ទាំង​៤ នេះ​ហើយ មើល​ទៅ​ដែល​រុញ​ឱ្យ​មាន​រដ្ឋប្រហារ​នៅ​ភូមា។ សម្រាប់​ចិន ជា​កត្តា​ធំ​មួយ​នៅ​ពី​ក្រោយ​របប​សឹក​មក​ដល់​ពេលនេះ។

និយាយ​ទៅ បើ​កុំ​តែ​អ្នកស្រី ស៊ូជី និង​ក្រុម​អ្នក​ដឹកនាំ​ភូមា​មាន​ទំនោរ​ទៅ​រក​លោក​សេរី​និយម និង​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​លោកសេរី ម្ល៉េះ មីន អ៊ុងឡាំង ឬ​អ្នក​នៅ​ពី​ក្រោយ មីន អ៊ុងឡាំង ដែល​ទើសទាល់​ចំពោះ​សមាហរណកម្ម​ដឹកនាំ​របស់​អ្នកស្រី មិន​ចាំបាច់​ព្យាយាម​បញ្ចប់​ជីវិត​នយោបាយ​របស់​អ្នកស្រី​នោះ​ទេ។

តែ​យ៉ាងណា ថា​តើ​អំណាច​ដែល​កើត​ចេញពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ពិត​ជា​មាន​អានុភាព​ក្នុង​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​អ្នកស្រី​មែន​ដែរ​ឬ​ទេ? សំណុំរឿង​នេះ អាច​នឹង​ច្បាស់ បើ​មិន​នៅ​ឆ្នាំ​២០២២ គឺ​នៅ​ឆ្នាំ​២០២៣ ហើយ​ពេល​នោះ​ទើប​ដឹង​ថា តើ​របប​ប្រជាធិបតេយ្យ​នៅ​ភូមា អាច​រស់​ឡើងវិញ​ឬ​យ៉ាង​ណា​នោះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស