42.2 C
Phnom Penh

បេក្ខជន​២​រូប​មាន​ការ​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ពេល​ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ្វីលីពីន ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​និយម កំពុង​បោះពួយ​ទៅ​រក​ធ្វើ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ។ ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​លំនាំ​ប្រហាក់ប្រហែល​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ដែរ។

នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាងមុខ គឺជា​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​នេះ​មាន​ភាព​ចម្រុះ គឺ​សន្លឹកឆ្នោត​ប្រធានាធិបតី និង​សន្លឹកឆ្នោត​អនុប្រធានាធិបតី​ដាច់ដោយឡែក​ពី​គ្នា។ ចំណែក​ឯ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នោះ​ដែរ ក៏​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ។ បេក្ខជន​អនុប្រធានាធិបតី​ណា​មួយ​ដែល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​ក្នុង​ចំណោម​បេក្ខជន​អនុប្រធានាធិបតី នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សាធារណរដ្ឋ​នេះ។

គេ​មិន​អាច​ហៅ​អនុប្រធានាធិបតី​ជា​ជំនួយការ​របស់​ប្រធានាធិបតី​នោះ​ទេ ព្រោះ​អនុប្រធានាធិបតី​របស់​ប្រទេស​នេះ​មាន​ខុទ្ទកាល័យ​ដាច់ដោយឡែក​ពី​គ្នា ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​បេក្ខជន​អនុប្រធានាធិបតី​ណា​មាន​ប្រជាប្រិយភាព​ខ្លាំង ក៏​អាច​ទាញ​សន្លឹកឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី​នោះ​កើន​ឡើង​ផង​ដែរ។

សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ យុទ្ធនាការ​រក​សំឡេងឆ្នោត​កំពុងតែ​ពុះ​កញ្ជ្រោល ហើយ​បេក្ខជន​ទាំងអស់​សូម្បីតែ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​បក្ស​នយោបាយ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម។

វេទិកា​ប្រធានាធិបតី និង​វេទិកា​បេក្ខជន​អនុប្រធានាធិបតី ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​ដាច់ដោយឡែក​ពី​គ្នា។ ព្រឹត្តិការណ៍​នេះ​មើល​ទៅ​គួរ​ឲ្យ​ជក់ចិត្ត​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​ប្រព័ន្ធ​បោះឆ្នោត​លក្ខណៈ​ពិសេស​ជាងគេ។ យ៉ាងណា ដំណាក់កាល​បោះឆ្នោត​កាន់តែ​ជិត​ចូល​មកដល់​នេះ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក្រៅ​ប្រព័ន្ធ​បោះឆ្នោត​បាន​កំពុងតែ​បង្ហាញ​អំពី​ប្រជាប្រិយភាព​បេក្ខជន ៧​រូប​ក្នុង​ចំណោម ៩​រូប​មាន​ភាព​លេចធ្លោ។ តែ​នៅ​ក្នុង​ចំណោម​បេក្ខជន ៧​រូប​នេះ គឺ​មាន​បេក្ខជន​តែ ២​រូប​ប៉ុណ្ណោះ គឺ​លោក FERDINAND “BONGBONG” MARCOS ជា​កូនប្រុស​របស់​អតីត​ជន​ផ្ដាច់ការ FERDINAND MARCOS ដែល​បាន​ឆក់​យក​តំណែង​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ហើយ​ពេលនេះ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។ ចំណែក​ឯ​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ផង​ដែរ​នោះ គឺ​ស្ត្រី​ម្នាក់​ដែល​បច្ចុប្បន្ន​កាន់​តំណែង​អនុប្រធានាធិបតី គឺ​អ្នកស្រី Leni Robredo។

និន្នាការ​នយោបាយ និង​គោលជំហរ​របស់​បេក្ខជន​ពីរ​រូប​នេះ បើ​និយាយ​ពី​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​វិញ គឺ​មាន​ឧត្តមគតិ​ជាតិ​ប្រហាក់ប្រហែល​គ្នា សុទ្ធតែ​ប្រឆាំង​នឹង​ការ​បំពាន​ពី​សំណាក់​ប្រទេស​ខាងក្រៅ។

តែ​សម្រាប់​អ្នកស្រី Robredo មាន​និន្ទា​ការ​ខ្លាំង គឺ​ប្រឆាំង​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស និង​ប្រឆាំង​អនុត្តរភាព​ពី​សំណាក់​ប្រទេស​ចិន។ សម្រាប់​បេក្ខជន “BONGBONG” MARCOS គឺ​យ៉ាងហោចណាស់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​និន្នាការ​ទៅ​រក​អាមេរិក​ច្រើន​ជាង​ប្រទេស​ចិន ព្រោះ​ឪពុក​របស់​លោក​ទោះបីជា​ជន​ផ្ដាច់ការ​ក៏ដោយ ក៏​គ្រួសារ និង​ឪពុក​របស់​លោក​ត្រូវ​សហរដ្ឋ​អាមេរិក​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដែរ។

ឥឡូវ​នេះ ប្រជាជន​ហ្វីលីពីន​កំពុង​សម្លឹង​មើល​ផង​ដែរ​ទៅលើ​បេក្ខជន​ដទៃ​ទៀត ដូចជា FRANCISCO “ISKO MORENO” DOMAGOSO ដែល​ជា​អភិបាល​ក្រុង​ម៉ានីល។

ចំណែក MANNY PACQUIAO ជា​ជើងឯក​កីឡា​ប្រដាល់​ពិភពលោក និង​សមាជិក​ព្រឹទ្ធសភា។ បេក្ខជន PANFILO LACSON ដែល​មាន​វ័យ​ចាស់​ជាងគេ អាយុ ៧៣​ឆ្នាំ​ជា​សមាជិក​ព្រឹទ្ធសភា។ លោក​ធ្លាប់​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​តាំងពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៤ តែ​មិន​ដែល​ឈ្នះ​ម្ដង​ណា​ទេ។ សម្រាប់​បេក្ខជន​អនុប្រធានាធិបតី​ដែល​មាន​សំឡេង​ប្រជាប្រិយភាព​ច្រើន​ជាងគេ គឺ​មាន​តែ​អ្នកស្រី Sara Duterte-Carpio ដែល​ជា​កូនស្រី​របស់​លោក រ៉ូឌ្រីងហ្គូ ឌូទើតេ ជា​ប្រធានាធិបតី​ត្រូវ​ចាកចេញ​ពី​អាណត្តិ​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ក្រោម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ។ តែ​អ្នកស្រី Sara Duterte-Carpio ចាប់​ដៃគូ​ជាមួយ​បេក្ខជន​ប្រធានាធិបតី BONGBONG” MARCOS ជា​កូនប្រុស​អតីត​ជន​ផ្ដាច់ការ Ferdinand Marcos។

នៅ​ប្រទេស​ហ្វីលីពីន យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ ទី​៨ កុម្ភៈ សម្រាប់​រយៈពេល ៣​ខែ ហើយ​ការ​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ឧសភា ខាងមុខ។ ការ​ដែល​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល គឺ​ការ​ឡើង​ខ្លាំង​នូវ​ការ​គាំទ្រ​កូនប្រុស​ជន​ផ្ដាច់ការ គឺ​លោក BONGBONG” MARCOS។

៣៦​ឆ្នាំ​ក្រោយ​របប​ផ្ដាច់ការ MARCOS ការ​ស្ទង់មតិ​នៅមុន​ការ​បោះឆ្នោត​ប្រធានាធិបតី​បាន​បង្ហាញ​ថា BONGBONG” MARCOS កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​ហ្វីលីពីន កំពុង​ទទួល​សំឡេង​គាំទ្រ​នាំមុខ​គេ ដែល​អាច​មាន​ឱកាស​ច្រើន​ដើម្បី​ឈ្នះ​ឆ្នោត​ចូល​កាន់​តំណែង​ប្រធានាធិបតី​បន្ត​ពី​លោក ឌូទើតេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បេក្ខជន​ប្រធានាធិបតី គឺ​អ្នកស្រី​អនុប្រធានាធិបតី Leni Robredo ដែល​បាន​យក​ឈ្នះ​លោក BONG BONG” MARCOS នៅ​ក្នុង​ការ​បោះឆ្នោត​អនុប្រធានាធិបតី​កាលពី ៦​ឆ្នាំ​មុន អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​បិទ​បញ្ចប់​ការ​ដឹកនាំ​ពុករលួយ រំលោភ​សិទ្ធិមនុស្ស គាបសង្កត់​ប្រជាជន។

យ៉ាងណា គេ​ត្រូវ​រង់ចាំ​ការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ឧសភា ថា​តើ​បេក្ខជន​ប្រធានាធិបតី​ណា​មួយ​ឈ្នះ​ពិតប្រាកដ ប៉ុន្តែ​បើ​លោក BONGBONG MARCOS ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត គឺជា​ការ​វិល​មកវិញ​នូវ​ប្រវត្តិសាស្ត្រ​កាល ៣៦​ឆ្នាំ​មុន ដែល​ហ្វីលីពីន​ធ្លាក់​ក្រោម​ការ​ដឹកនាំ​ផ្ដាច់ការ ហើយ​គ្រួសារ​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​មួយ​នេះ​វិល​មក​កាន់​អំណាច​វិញ។

ជន​ផ្ដាច់ការ Ferdinand Marcos ត្រូវ​បាន​អូស​ទាញ​ពី​អំណាច​ដោយ​ចលនា​បដិវត្តន៍​អំណាច​ប្រជាជន​ដែល​បាន​ផ្តួល​រំលំ​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨៦។ ក្រោយ​ពី​ធ្លាក់​ពី​អំណាច រដ្ឋាភិបាល​ថ្មី​បាន​អនុញ្ញាត​ឱ្យ​គ្រួសារ Ferdinand Marcos ចាកចេញ​ពី​ប្រទេស​ហ្វីលីពីន ដោយ​សម្រេច​ទៅ​នៅ​កោះ​ហាវៃ​សហរដ្ឋ​អាមេរិក។

នៅ​ដើម​ទសវត្ស​១៩៩០ លោក BONGBONG MARCOS បាន​វិលត្រឡប់​មក​ប្រទេស​ហ្វីលីពីន​វិញ​ដោយ​ចាប់​យក​មុខ​ជំនួញ ហើយ​ក្រោយមក​ក៏​បាន​ប្រឡូក​ចូល​នយោបាយ ដែល​អ្នក​សង្កេតការណ៍​យល់​ថា លោក BONGBONG ចង់​កែ​មុខមាត់​ប្រវត្តិ​គ្រួសារ​របស់​លោក​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស