28.5 C
Phnom Penh

កិច្ច​ចរចា​រវាង​អ៊ុយក្រែន-រុស្ស៊ី​នៅ​បេឡារូស​ចាប់ផ្ដើម​ខណៈ​រុស្ស៊ី​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​ពីរ​ថ្ងៃ​មក​ហើយ​រហូត​ដល់​ថ្ងៃ​ចន្ទ ទី​២៨ កុម្ភៈ ហើយ​បម្រាម​នេះ​នៅតែ​បន្ត ខណៈ​កងកម្លាំង​រុស្ស៊ី​នៅតែ​មាន​ផែនការ​វាយ​កាន់កាប់​រដ្ឋធានី​នេះ​មួយ​លើក​ទៀត ប្រសិនបើ​ការ​ចរចា​ដែល​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ទឹកដី​ប្រទេស​បេឡារូស ជាប់​ព្រំដែន​អ៊ុយក្រែន មិន​អាច​រក​ដំណោះស្រាយ​បាន​នោះ។

កាលពី​យប់​ថ្ងៃ​សៅរ៍ សប្ដាហ៍​កន្លង​មកនេះ កងទ័ព​រុស្ស៊ី​វាយ​រុល​ចូល​រដ្ឋធានី​គៀវ ដោយ​មាន​ការ​បាញ់​កាំជ្រួច​ដាក់​ទីក្រុង​មួយ​នេះ​ផង តែ​មិន​អាច​វាយ​កាន់កាប់​បាន​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ធានា​ចំពោះ​ពលរដ្ឋ​របស់​លោក​ថា លោក​នៅតែ​ស្ថិតនៅ​ក្នុង​រដ្ឋធានី​គៀវ និង​បាន​ស្នើ​ប្រជាជន​ឱ្យ​នៅ​បន្ត​នៅ​ក្នុង​រដ្ឋធានី​ដើម្បី​សាមគ្គី​គ្នា​ប្រឆាំង​នឹង​កងទ័ព​ឈ្លានពាន។

សារ​របស់​លោក Zelenskiy បាន​រៀបរាប់​ដូចនេះ​ថា៖ «ខ្ញុំ​នៅ​ទីនេះ។ យើង​នឹង​មិន​ដាក់​អាវុធ​ចុះ​ទេ។ យើង​នឹង​ការពារ​ប្រទេស​ការពារ​ទីក្រុង​របស់​យើង។ ដោយសារតែ​អាវុធ​របស់​យើង គឺ​ពួក​យើង​អាច​ការពារ​ដែនដី​យើង​បាន។ សូម​ជន​រួម​ជាតិ​នៅ​ជាមួយ​គ្នា ជាពិសេស​យុវជន។ អាវុធ​របស់​យើង​នៅ​ក្នុង​ដៃ​យើង​អាច​រារាំង​បាន​នូវ​ចលនា​របស់​ពួក​ឈ្លានពាន»

លោក Zelenskiy បាន​បង្រួបបង្រួម​ប្រជាជន​អ៊ុយក្រែន​ឱ្យ​គាំទ្រ​លោក ព្រោះ​លោក​តាំងចិត្ត​ថា​មិន​រត់​ចោល​ប្រទេស​ដាច់ខាត។ លោក​ថា​គ្រួសារ​របស់​លោក ក៏​មិន​រត់​ដែរ គឺ​ពួក​យើង​កាន់​អាវុធ​ក្នុង​ដៃ​ហើយ​ដើម្បី​ការពារ​ទីក្រុង។

នៅ​ក្នុង​ស្ថានភាព​ដែល​ទ័ព​រុស្ស៊ី​រុល​ចូល​រដ្ឋធានី​មិន​បាន ហើយ​មាន​ទ័ព​ខ្លះ​ចូល​បាន ហើយ​ក៏​ត្រូវ​បាន​បាញ់​សម្លាប់​តាមផ្លូវ​ដោយ​កម្លាំង​របស់​ប្រជាជន។ ការ​វាយ​ដោយ​គ្រាប់​កាំជ្រួច និង​រថក្រោះ​ទោះ​ជា​ធ្លាក់​មក​លើ​រដ្ឋធានី​នេះ​ក្ដី តែ​កងទ័ព​រុស្ស៊ី​ពុំ​អាច​រុល​ចូល​បាន​ឡើយ។

មិន​ថា​ឡើយ​នៅ​រដ្ឋធានី​គៀវ​នោះ​ទេ​ដែល​កងទ័ព​រុស្ស៊ី​ជួប​ផលវិបាក នៅ​បណ្ដា​ក្រុង​ធំៗ​ខ្លះ​ក៏​មិន​ងាយ​យក​បាន​ដែរ ហើយ​ទីតាំង​ខ្លាំង​កងទ័ព​រុស្ស៊ី​មិន​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​ឡើយ ហើយ​ពេល​ខ្លះ​ក៏​រង​ការ​វាយបក​ពី​កងទ័ព​អ៊ុយក្រែន​ទៀត​ផង។

នៅ​ខណៈ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​ផ្ដល់​គ្រាប់​កាំភ្លើង និង​កាំភ្លើង ដែល​លោក​ថា​ប្រជាជន​អ៊ុយក្រែន ជាពិសេស​យុវជន​សម្រេច​ការពារ​ទឹកដី​របស់​ពួកគេ​ហើយ​នោះ ឃើញ​ថា​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​ណាតូ (NATO) និង​អូស្ត្រាលី បាន​សម្រេច​បញ្ជូន​អាវុធ​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន​តាម​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី Zelenskiy។

ប្រទេស​ដែល​ចេញ​មុខ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន មាន​អាល្លឺម៉ង់ អង់គ្លេស សាធារណរដ្ឋ​ឆេក ប្រទេស​អូស្ត្រាលី ហើយ​មាន​ប្រទេស​ច្រើន​ទៀត។ ចំណែក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ថា សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​យោធា​គិត​ជា​សាច់ប្រាក់ គឺ ៣៥០​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួយ​ឱ្យ​អ៊ុយក្រែន​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។ ចំណែក​សហភាព​អឺរ៉ុប ២៧​ប្រទេស​ក៏​បាន​ប្រកាស​ផ្ដល់​ទាំង​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ផង​ដែរ។

អ្វី​ដែល​មាន​ការ​រួមគ្នា​ខ្លាំង គឺ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី គឺ​មាន​ភាព​ធ្ងន់ធ្ងរ ដោយ​ការ​ផ្ដាច់​ប្រព័ន្ធ​ចរាចរណ៍​ធនាគារ​ទាំងឡាយ​ណា​ដែល​មាន​ភាគហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ធនាគារ​រុស្ស៊ី គឺ​នៅ​អឺរ៉ុប និង​អាមេរិក ត្រូវ​កាត់ផ្ដាច់​ទាំងស្រុង។

ចំណែក​ឯ​ទណ្ឌកម្ម​បង្កក​ប្រាក់​លើ​លោក​ប្រធានាធិបតី ពូទីន និង​មន្ត្រី​ជាន់ខ្ពស់ ក៏​បាន​ធ្វើឡើង​ទន្ទឹម​នឹង​ការ​បិទ​ខ្ទប់​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ចូល​ទីផ្សារ​អឺរ៉ុប ក៏​បាន​ធ្វើ​ទៅ​ហើយ​ដោយ​អាល្លឺម៉ង់។ ទាំងអស់​នេះ​សុទ្ធតែ​ជួប​ផលវិបាក​ដែល​ប្រទេស​រុស្ស៊ី ជួប​នៅ​ពេលនេះ ខណៈ​កងទ័ព​របស់​មហាអំណាច​មួយ​នេះ​មិន​អាច​រុល​កាន់កាប់​រដ្ឋធានី​គៀវ​បាន​ទៀត​នេះ បាន​នាំ​ឱ្យ​មាន​សញ្ញា​នៃ​ការ​ប្រកាស​ចរចា​រុស្ស៊ី និង​អ៊ុយក្រែន។ តាម​ដំណឹង​ពី​សារព័ត៌មាន Politco ឱ្យ​ដឹង​ថា កិច្ច​ចរចា​រវាង​ប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន បាន​ចាប់ផ្ដើម​ហើយ​នៅ​ក្នុង​ទីក្រុង Gomel នៃ​តំបន់​ព្រំដែន​រវាង​បេឡារូស និង​អ៊ុយក្រែន នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​កុម្ភៈ។ ខាង​ភាគី​ប្រតិភូ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ។

នៅ​មុន​ការ​ចរចា ភាគី​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការ​ដក​កងទ័ព​រុស្ស៊ី​ចេញ​ជាបន្ទាន់ ប៉ុន្តែ​ពុំ​មាន​ចម្លើយ​ភ្លាមៗ​ពី​រុស្ស៊ី​នោះ​ទេ។ តែ​យ៉ាងណា កងទ័ព​អ៊ុយក្រែន នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​បាន​បន្ថយ​ល្បឿន​នៃ​ការ​វាយលុក ខណៈ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី បាន​ចូល​ដល់​ថ្ងៃ​ទី​៥ ហើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នាយសេនាធិការ​កងទ័ព​អ៊ុយក្រែន បាន​បញ្ជាក់​ថា កងទ័ព​រុស្ស៊ី បាន​បន្ធូរបន្ថយ​ការ​វាយលុក​របស់​ខ្លួន ប៉ុន្តែ​នៅតែ​បន្ត​ព្យាយាម​បើក​ការ​វាយប្រហារ​រុល​ទៅមុខ​ក្នុង​តំបន់​មួយ​ចំនួន​របស់​អ៊ុយក្រែន និង​នៅ​ក្បែរ​រដ្ឋធានី​គៀវ។ តែ​នៅ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ ហើយ​ប្រុង​ជើងការ​កម្រិត​ខ្ពស់​ដែល​លោក​ថា​ត្រូវ​ប្រយ័ត្ន​គ្រប់​ស្ថានការណ៍​ទាំងអស់។

សហរដ្ឋ​អាមេរិក និង​អង្គការ NATO បាន​ថ្កោលទោស​ការ​បញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ដោយ​បាន​ហៅ​ការ​ធ្វើ​បែប​នេះ​ថា​ជា​រឿង​គ្រោះថ្នាក់ និង​មិន​អាច​ទទួលយក​បាន​ឡើយ។ តែ​លោក ពូទីន បាន​លើកឡើង​ថា គឺជា​ការ​ឆ្លើយតប​ចំពោះ​សេចក្តី​ថ្លែងការណ៍​ដ៏​គឃ្លើន​របស់​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​អង្គការ NATO និង​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​លោក​ខាងលិច​មក​លើ​រុស្ស៊ី ដែល​លោក​ថា​រុស្ស៊ី​នឹង​សងសឹក។

ក្នុង​ស្ថានភាព​នេះ អ្នកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា សកម្មភាព​របស់​លោក ពូទីន គឺជា​ការ​បង្កើន​ជម្លោះ និង​ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន។ បែប​នេះ​ហើយ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កុម្ភៈ ប្រាប់​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​តប​តាម​ការ​ទទូច​របស់​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​សមាជិក​ទាំង ១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ​ឱ្យ​បើក​សម័យ​ប្រជុំ​ពិសេស​នៃ​មហាសន្និបាត គេ​ឃើញ​ប្រទេស​ចំនួន​១១ បាន​បោះឆ្នោត​គាំទ្រ។ ចំណែក​រុស្ស៊ី បាន​បោះឆ្នោត​ប្រឆាំង ខណៈ​ប្រទេស​ចិន ឥណ្ឌា និង​អេមីរ៉ាត់អារ៉ាប់រួម បាន​បោះឆ្នោត​អនុប្បវាទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស