30.4 C
Phnom Penh

តើ​រុស្ស៊ី​មាន​ចំណុច​ខ្សោយ​និង​ខ្លាំង​យ៉ាង​ណា​ធៀប​នឹង​អ៊ុយក្រែន​ដែល​សម្រេច​ចរចា​ជាមួយ​អ៊ុយក្រែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​មុន​ការ​បើក​ទ្វារ​សង្គ្រាម រុស្ស៊ី​ពង្រាយ​ទ័ព​ជាង ១០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន។ ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី​មាន​សម្បើម​ណាស់ គឺ​មាន​ទាំង​កាំជ្រួច S-400 ដែល​ពិភពលោក​ខ្លបខ្លាច​បំផុត មាន​យន្តហោះ​ចម្បាំង មាន​រថក្រោះ​រថពាសដែក មាន​កាំភ្លើងធំ ដែល​ជា​ការ​កំញើញ​ដោយ​ព្រមាន​ថា បើ​រុស្ស៊ី​សម្រេច​បើក​ទ្វារ​សង្គ្រាម គឺ​នឹង​វាយ​កាន់កាប់​ឱ្យ​បាន​តែ ៤៨​ម៉ោង​យ៉ាង​យូរ។

សារ​ព្រមាន​របស់​រុស្ស៊ី គឺជា​ការ​ប្រាប់​ទៅ​អ៊ុយក្រែន​ចុះចាញ់​មុន​ការ​ប្រយុទ្ធ។ តែ​យ៉ាងណា សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​មួយ​នេះ​ទៅលើ​ប្រទេស​ទន់ខ្សោយ​មួយ​ដែល​ធ្លាប់​ចំណុះ​នឹង​ខ្លួន បាន​ប្រព្រឹត្ត​ទៅ ៦​ថ្ងៃ​មក​ហើយ ដែល​កងទ័ព​ប្រទេស​ដ៏​ខ្លាំង​មួយ​នេះ​រុល​ចូល​ទៅ​រដ្ឋធានី​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី (Volodymyr Zelenskiy) ពុំ​ដូច​ការ​រំពឹង​ទុក។

តើ​មាន​ចំណុច​ខ្សោយ​អ្វី​ខ្លះ បាន​ជា​មហាអំណាច​យោធា​មួយ​នេះ​វាយ​លើ​ប្រទេស​តូច​មួយ​មិន​ដូច​ការ​រំពឹង​ទុក?

ចំណុច​ខ្សោយ​ដែល​មហាអំណាច​មួយ​នេះ​កំពុង​ជួប​ផលវិបាក​មាន​ដូចជា៖

  • កងទ័ព​វាយលុក​អ៊ុយក្រែន​មិន​ដូច​ការ​រំពឹង​ទុក ទោះ​ជា​វាយ​ជិត​ដល់​រដ្ឋធានី​ក៏ដោយ ក៏​តំបន់​មួយ​ចំនួន​វាយ​សឹង​មិន​ទៅ​មុខ ហើយ​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយបក​វិញ។
  • ការ​ខូចខាត​ច្រើន ដោយ​ស្លាប់​កងទ័ព ៥៣០០​នាក់។ យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​បាញ់​ទម្លាក់​ជិត ៦០​គ្រឿង។ រថក្រោះ ១៩១​គ្រឿង និង​រថពាសដែក ៨១៦​គ្រឿង ត្រូវ​បាន​បាញ់​ឆេះ និង​កាំភ្លើងធំ ៧៤​គ្រឿង។ រថយន្ត​ដឹក​ប្រេងឥន្ធនៈ ៦០​គ្រឿង​របស់​រុស្ស៊ី ត្រូវ​បាន​អ៊ុយក្រែន​បាញ់​កម្ទេច។ រថយន្ត​ហ្សិប ២៩១​គ្រឿង និង​យន្តហោះ​ដ្រូន ៣​គ្រឿង​របស់​រុស្ស៊ី ត្រូវ​បាន​បំផ្លាញ។ នៅ​តំបន់​ខ្លះ រុស្ស៊ី​អាច​វាយ​កាន់កាប់​បាន តែ​កងទ័ព​ខ្វះ​ស្បៀង ដោយ​ទ័ព​អ៊ុយក្រែន​នៅតែ​លួច​បាញ់​ឆេះ​តាម​ផ្លូវ។ នេះ​គឺជា​តួលេខ​តែ​ម្ខាង​របស់​អ៊ុយក្រែន ដែល​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អ៊ុយក្រែន បាន​ប្រកាស ហើយ​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Kiyv Independent នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ។
  • ការ​បាញ់​ទៅលើ​សហគមន៍​ជនស៊ីវិល​ក្នុង​ប្រទេស​អ៊ុយក្រែន រង​ការ​ថ្កោលទោស។ សូម្បី​ផ្ទៃក្នុង​មិន​គាំទ្រ គឺ​សមាជិក​សភា Duma ក៏​បាន​ជំទាស់ ហើយ​ប្រជាជន​រុស្ស៊ី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។
  • ប្រជាជន​អ៊ុយក្រែន​មាន​ស្មារតី​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដាច់ខាត ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​សម្ពន្ធមិត្ត។ ប្រទេស​រុស្ស៊ី ធ្លាក់​ក្នុង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្រើន​វិស័យ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ថ្កោលទោស។
  • មើល​ឃើញ​ជំនួយ​សព្វាវុធ​របស់​បស្ចិម​ប្រទេស​កាន់តែ​ច្រើន​ទៅ​ឱ្យ​អ៊ុយក្រែន។
  • ចិន ឥណ្ឌា និង​តួកគី ប្រាប់​ឲ្យ​ចរចា​ជាមួយ​អ៊ុយក្រែន មាន​ន័យ​ថា​ប្រទេស​ធំ​៣ ដែល​មាន​ទំនាក់ទំនង​យូរអង្វែង​នឹង​រុស្ស៊ី មិន​ច្បាស់​នៅ​ជាមួយ​រុស្ស៊ី​នោះ​ទេ។
  • រុស្ស៊ី បារម្ភ​ខ្លាច​ចាញ់​សង្គ្រាម ប្រសិនបើ​សង្គ្រាម​ជាមួយ​អង្គការ​យោធា​ណាតូ ហើយ​យោធា​ណាតូ យ៉ាងហោចណាស់​ក៏​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៦០៩០​គ្រាប់ ជាមួយ​កងកម្លាំង​សម្ព័ន្ធ​មាន ៣០​ប្រទេស។
  • រុស្ស៊ី​បារម្ភ​ពី​ភាព​ឯកោ​នៅ​លើ​ពិភពលោក គឺ​សម្ពន្ធមិត្ត​ចាស់​មិន​សូវ​ឱ្យ​តម្លៃ ហើយ​ពុំ​អាច​មាន​សម្ពន្ធមិត្ត​ថ្មី។

ចំណុច​ខ្លាំង​របស់​រុស្ស៊ី៖

  • ជា​មហាអំណាច​យោធា​ខ្លាំង​ទី​ពីរ​របស់​ពិភពលោក មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​ដល់​ទៅ ៦២៥៥​គ្រាប់។
  • បើក​ការ​ចរចា​ផង វាយ​អ៊ុយក្រែន​ផង។
  • ចាប់​អ៊ុយក្រែន​ជា​ចំណាប់ខ្មាំង​ដើម្បី​មហិច្ឆតា និង​ដាក់​សម្ពាធ​លើ​ណាតូ។ ដូច​ករណី​នេះ​បន្ទាប់ពី​ការ​ចរចា​មិន​បាន​សម្រេច​លទ្ធផល លោក ពូទីន បន្ត​បញ្ជា​ឱ្យ​រំកិល​កងទ័ព​ចូល​កាន់កាប់​រដ្ឋធានី​គៀវ ឱ្យ​បាន​ឆាប់ៗ​បំផុត។
  • វាយ​យក​តំបន់​ដុនបាស់ មក​នៅ​ក្រោម​ចំណុះ​របស់​ខ្លួន​ក្រោយ​ពី​សភា​អនុម័ត និង​លោក ពូទីន ចុះហត្ថលេខា​ទទួលស្គាល់​ខេត្ត​ធំ​ពីរ​អម​សងខាង​ដុនបាស់ ជា​រដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន គឺជា​ការ​រំលោភ​ឈ្លានពាន​ដែនដី​របស់​អ៊ុយក្រែន បាន​សម្រេច។

យ៉ាងណា អ៊ុយក្រែន​ក៏​មាន​ចំណុច​ខ្សោយ​ផង​ដែរ៖

ចំណុច​ខ្សោយ​របស់​អ៊ុយក្រែន​មាន​ដូចជា៖

  • សមត្ថភាព​យោធា​ធៀប​នឹង​រុស្ស៊ី គឺ​នៅ​មាន​កម្រិត​ទាប​បំផុត ដោយសារ​កងទ័ព​មាន​ចំនួន​តិច។ អាវុធ​មិនសូវ​ទំនើប ហើយ​អាវុធ​ភាគច្រើន​ជា​របស់​សហភាព​សូវៀត។
  • សម្ពន្ធមិត្ត​បស្ចិម​ប្រទេស​មិន​លើក​ទ័ព​ចូល​ជួយ ព្រោះ​អ៊ុយក្រែន​មិនមែន​ជា​សមាជិក​អង្គការ​ណាតូ និង​បារម្ភ​ជម្លោះ​រីក​រាលដាល​ខ្លាំង​អាច​ផ្ទុះ​សង្គ្រាម​ពាសពេញ​អឺរ៉ុប។

ចំណុច​ខ្លាំង​របស់​អ៊ុយក្រែន​ក៏​មាន​ដែរ៖

  • មេដឹកនាំ​ក្លាហាន មិន​រត់ចោល​សមរភូមិ មិន​ដូរ​ដី​ដើម្បី​សន្តិភាព និង​មិន​សុខចិត្ត​កាន់​អំណាច​រណប​គេ។
  • ស្មារតី​កងទ័ព​ស្មោះស្ម័គ្រ​នឹង​ជាតិ​មាន​ភាព​ពុះកញ្ជ្រោល។ ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី​ភាគច្រើន​ជា​យុវជន​សម្រេច​កាន់​អាវុធ​ការពារ​ទឹកដី។
  • ប្រជាជន​គោរព​ស្រឡាញ់​ស្មារតី​មេដឹកនាំ​ដោយ​ស្មោះស្ម័គ្រ។
  • សហគមន៍​អន្តរជាតិ​ជួយ​គាំទ្រ និង​លើក​ទឹកចិត្ត​ខ្លាំង។
  • ពួក​បស្ចិម​ប្រទេស​សម្រុក​ផ្ដល់​សព្វាវុធ ស្បៀង និង​ថ្នាំពេទ្យ។


យោង​តាម​ការ​រក​ឃើញ​នូវ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ដូចនេះ បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន គឺ​បាន​ត្រឹម​ពាក្យ​ថា ឈ្លានពាន។ យក​ទឹកដី​គេ​បាន តែ​គេ​ហៅថា​អ្នក​ឈ្លានពាន។ ឈ្នះ​សង្គ្រាម​មែន តែ​មិន​ឈ្នះ​ទឹកចិត្ត​ប្រជាជន​អ៊ុយក្រែន។

ទោះបី​រុស្ស៊ី​អាច​លើក​បន្តុប ឬ​ដូរ​មេដឹកនាំ​ថ្មី​បាន​មែន តែ​មិន​អាច​ដូរ​ឆន្ទៈ​ប្រជាជន​អ៊ុយក្រែន​បាន​ឡើយ ហើយ​ការ​ងើបឡើង​ដែល​គេ​ហៅថា​កម្លាំង​ប្រឆាំង​នឹង​ធ្វើការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី និង​រដ្ឋាភិបាល​មកវិញ​ក្រោម​ជំនួយ​អាវុធ​ពី​បស្ចិម​ប្រទេស។

ចំណែក​ប្រធានាធិបតី Volodymyr Zelenskiy អាច​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ថា​ជា​មេដឹកនាំ​ប្រទេស​មួយ​ដែល​មិន​រត់ចោល​ប្រទេស និង​ប្រជាជន គឺ​មិន​ទម្លាក់​អាវុធ​សុំ​សន្តិភាព​ពី​សត្រូវ​ឈ្លានពាន។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ស្រង់​របាយការណ៍​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន រយៈពេល ៦​ថ្ងៃ​មក​នេះ បាន​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង ៥០​ម៉ឺន​នាក់។

ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន​មាន​ប្រទេស Moldova, Romania, Hungary, Slovakia និង​ប្រទេស Poland ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស