32.5 C
Phnom Penh

ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អាស៊ាន-អាមេរិក​កាន់តែ​ល្អ​ប្រសើរ និង​រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផង​ដែរ។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ឯកអគ្គរាជទូត​ប្រ៊ុយណេ ប្រចាំ​សហរដ្ឋ​អាមេរិក លោក Dato Serbini Ali ដើម្បី​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

លោក កែវ ឈា បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​នេះ​ក៏​ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អាមេរិក និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ US Indo-Pacific Strategy ដែល​ហៅ​កាត់​ថា IPS ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ដើម្បី​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន​នៅ​ក្នុង​តំបន់ រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា-អាមេរិក​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅឡើយ ខណៈ​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា តែងតែ​ប្រកាស​ជំហរ​គាំទ្រ​មហាអំណាច​កុម្មុយនីស្ត​ចិន រិះគន់​សហរដ្ឋ​អាមេរិក​រហូត​មក។

ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នៅ​ពេលនេះ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​រកាំរកូស​យ៉ាង​ខ្លាំង ក្នុង​នោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​អាច​ជួយ​ឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​នោះ ត្រូវ​បាន​លើក​ពេល។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា កន្លងមក​បាន​ថ្លែង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា នេះ ត្រូវ​បាន​លើក​ពេល​ដោយសារតែ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់​រវល់ ដែល​មិនទាន់​អាច​កំណត់​ពេល​ជួប​គ្នា​បាន។

បើ​យោង​តាម​អ្នកវិភាគ​កិច្ចការ​ការទូត និង​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់​អាស៊ី និង​សហរដ្ឋ​អាមេរិក បាន​លើកឡើង​កន្លងមក​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដែល​បាន​ឈាន​ចូល​ដល់​គម្រប់ ៧០​ឆ្នាំ​នៅ​ឆ្នាំ​២០២០ នេះ ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​មុន ជាពិសេស​ចាប់តាំង​ពី​ការ​ចូល​កាន់​តំណែង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។

សហរដ្ឋ​អាមេរិក នឹង​នៅតែ​បន្ត​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​ឡើងវិញ​នូវ​លំហ​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ដែល​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ជុំវិញ​ការ​ស្ដារ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា-អាមេរិក​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ​អស់​រាប់​លាន​ដុល្លា​អាមេរិក​លើ​ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ក្រុមហ៊ុន ខ័រវីស (Qorvis LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និង​ក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ជាដើម ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ ដែល​ត្រូវ​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្រយ័ត្នប្រយែង​ណាស់​ចំពោះ​ការ​ចង​មិត្ត​ជាមួយ​មេដឹកនាំ​ខ្មែរ ពីព្រោះ​ប្រវត្តិ​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដល់​កម្រិត​អន្តរជាតិ ដូចជា​ឧក្រិដ្ឋ​សង្គ្រាម​កាលពី​ឆ្នាំ​១៩៩៧ ជាដើម។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​តំណែង​នាយករដ្ឋមន្ត្រី​របស់​គាត់​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ជា​សត្រូវ​នៃ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​ទៅ​ហើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ដែល​គ្មាន​សមត្ថភាព​ធ្វើជា​មេដឹកនាំ​ល្អ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លោក ហ៊ុន សែន គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បំផ្លាញ​ជាតិ​តាម​វិធី​ពុករលួយ ទៅ​ជួល​ក្រុមហ៊ុន​ឯកជន​ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​សេរី​ប្រជាធិបតេយ្យ ឲ្យ​ជួយ​ស្ដារ​ទំនាក់ទំនង​រវាង​អាមេរិក-កម្ពុជា​ឡើងវិញ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស