42.2 C
Phnom Penh

អាជ្ញាធរ​កម្ពុជា​ជិត​១០​ស្ថាប័ន​បង្ក្រាប​បទល្មើស​នេសាទ​បាន​១​ករណី​ក្នុង​បឹង​ទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​ចម្រុះ​មកពី​ជិត ១០​ស្ថាប័ន​ដែល​មាន​ចំនួន​សរុប ៧០​នាក់ មាន​ភារកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប បាន​ចុះ​អនុវត្ត​ការងារ​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន ចាប់​បាន​បទល្មើស​នេសាទ​តែ ១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា លោក​បាន​ចូលរួម​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ស្ថាប័ន​ដើម្បី​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ក្នុង​នោះ​រួម​មាន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា និង​ក្រុម​ការងារ​អន្តរ​ក្រសួង​ជាច្រើន​ទៀត ប៉ុន្តែ​ចាប់​អ្នកនេសាទ​ខុសច្បាប់​បាន​តែ ១​ករណី​ប៉ុណ្ណោះ។

លោក វេង សាខុន លើកឡើង​ថា កងកម្លាំង​ចម្រុះ​ដែល​ចុះ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​សរុប​មាន​ចំនួន ៧០​នាក់ និង​ទូក​ចំនួន ៧​គ្រឿង។ បន្ថែម​ពី​នេះ កម្លាំង​ចម្រុះ​ក៏​បាន​កំណត់​ទីតាំង​បញ្ជាការ​ឈរ​ជើង​របស់​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ ដើម្បី​ស្រាវជ្រាវ តាមដាន ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​សកម្មភាព​បទល្មើស​ជលផល​នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​ឱ្យ​កងទ័ព និង​កងកម្លាំង​នគរបាល​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អភិបាល​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ឲ្យខាងតែ​បាន។ លោក ហ៊ុន សែន ថែម​ទាំង​អនុញ្ញាត​ឱ្យ​កងទ័ព និង​កងកម្លាំង​នគរបាល​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បាញ់​ពី​លើ​អាកាស​ផង​ដែរ ប្រសិនបើ​ជនល្មើស​តដៃ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២២ កម្លាំង​ចម្រុះ​ជាច្រើន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​រឹបអូស​បាន​ទូក ១​គ្រឿង និង​ឧបករណ៍​នេសាទ​ម៉ាញ់ ១​វង់ ដែល​ជនល្មើស​បាន​លាក់​បង្កប់​ក្នុង​ទឹក​នៅ​ចំណុច​ភូមិ​ចុងឃ្នៀស ឃុំ​ចុងឃ្នៀស។ លើស​ពី​នេះ កង​កម្លាំង​ទាំងនេះ​បាន​ជ្រើសរើស​ទីតាំង​បញ្ជាការ​ឈរ​ជើង​របស់​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ ស្ថិត​នៅ​កន្លែង​អភិរក្ស​ជលផល​កំពង់ភ្លុក ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង និង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ផង​ដែរ។

បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​មន្ត្រី​ពាក់ព័ន្ធ រាប់​ចាប់តាំង​ពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ត្រី និង​មេទាហាន មេ​ប៉ូលិស​ទាំងឡាយ​មិន​អាច​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់ ជាពិសេស​បទល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ នោះ​ពួកគេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​តទៅទៀត​ឡើយ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទប់ស្កាត់​នូវ​ការ​នេសាទ​ខុសច្បាប់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ក្នុង​រង្វង់ ២ ទៅ ៣​ឆ្នាំ​ទៀត ត្រី​ធំៗ និង​ពូជ​ត្រី​ដែល​កម្រ​មួយ​ចំនួន​នឹង​ផុត​ពូជ​អស់​ជាមិនខាន ហើយ​បឹង​ទន្លេសាប​នឹង​ក្លាយ​ជា​បឹង​មួយ​ដែល​គ្រាន់តែ​មាន​ឈ្មោះ​ថា​បេះដូង​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​បេះដូង​មួយ​នេះ​នឹង​មិន​អាច​ផ្តល់​តម្រូវការ​គ្រប់គ្រាន់​តាម​សក្ដានុពល​របស់​ខ្លួន​ដល់​កម្ពុជា​នោះ​ឡើយ។

បណ្ឌិត សុខ ទូច ពន្យល់​ថា ការ​នេសាទ​ខុស​ច្បាប់​ដែល​នឹង​ធ្វើ​ឱ្យ​ផុត​ពូជ​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប រួម​មាន​ការ​នេសាទ​ក្នុង​ព្រៃ​ដែល​ជា​ជម្រក​ត្រី​ពង​នៅ​រដូវ​ទឹក​ឡើង និង​ការ​កាប់​ឆ្ការ​ដី​ព្រៃលិចទឹក​ដើម្បី​ធ្វើ​កសិកម្ម។ លោក​បន្ត​ថា ការ​ប្រើ​ឧបករណ៍​នេសាទ​បំពាន​ច្បាប់​នេសាទ ដូចជា​ប្រើ​មង​ក្រឡា​ល្អិត​ដែល​ធ្វើ​ឱ្យ​ជាប់​ទាំង​កូន​ត្រី​តូចៗ និង​ការ​ប្រើ​ឧបករណ៍​ឆក់​ត្រី ជាដើម ដែល​ជា​វិនាសកម្ម​ដ៏​ធំធេង​នៃ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​នេះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ទប់ស្កាត់​បទល្មើស​កន្លងមក​ចាប់​បាន​ជនជាតិ​វៀតណាម​ជាច្រើន​ដែល​នាំគ្នា​ចូល​មក​នេសាទ​ខុសច្បាប់​នៅ​ក្នុង​បឹង​ទន្លេសាប ដែល​នាំ​ឱ្យ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​កម្ពុជា​យ៉ាង​ធំធេង​សព្វថ្ងៃ​នេះ។

អ្នក​ឃ្លាំមើល​សង្គម​ហាក់​មាន​ជំនឿ​តិចតួច​ចំពោះ​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ដោយសារ​កន្លងមក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដាក់​បទបញ្ជា​ជាច្រើន ដូចជា​រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ ជាដើម ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី​នៅ​ពេល​លោក​មាន​ប្រសាសន៍​នោះ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស