39.4 C
Phnom Penh

ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មក​ដល់​ថ្ងៃ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល ៣៤​ថ្ងៃ​ហើយ។ ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​មាន​ពាសពេញ​ប្រទេស ទោះបីជា​ទីក្រុង​ខ្លះ​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​ក៏ដោយ។ នៅ​ទីក្រុង​កំពង់ផែ Mariupol អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​មាន​មនុស្ស​ស្លាប់​ជាង ១​ពាន់​នាក់ (១០៨១​នាក់)។

ប្រធាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ុយក្រែន អ្នកស្រី Matilda Bogner បាន​បញ្ជាក់​បន្ថែម​ថា អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​រណ្តៅ​សាកសព​រួម​នៅ​ទីក្រុង​កំពង់ផែ Mariupol គឺ​មនុស្ស​ស្លាប់ ១០៨១​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ តែ​ដំណឹង​ចុងក្រោយ​មក​នេះ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​នៅ​ពាសពេញ​ទីក្រុង​មួយ​នេះ​ដល់​ទៅ ៥​ពាន់​នាក់ ចាប់តាំង​ពី​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី កាលពី ៣​សប្ដាហ៍​មកនេះ។

អាជ្ញាធរ​ទីក្រុង Mariupol បាន​និយាយ​ថា មនុស្ស ៥​ពាន់​នាក់ ក្នុង​នោះ​រួម​មាន​កុមារ ២១០​នាក់។ នេះ​បើ​តាម​អភិបាល​ក្រុង Mariupol។

បើ​តាម​លោក Vadym Boichenko តួលេខ​អ្នក​ស្លាប់​ទាំងនេះ​មិនទាន់​រាប់​បញ្ចូល​ទាំង​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ គឺ​ចាប់តាំង​ពី​លោក ពូទីន ប្រកាស​ធ្វើ​សង្គ្រាម​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​នោះ​ទេ ដែល​បាន​បំផ្លាញ​ទីក្រុង​មួយ​នេះ និង​ធ្វើ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​កំពុង​ជាប់​គាំង​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់។

លោក Boichenko ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ៩០% នៃ​អគារ​ក្នុង​ទីក្រុង Mariupol រង​ការ​ខូចខាត និង ៤០% ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ​រួម​មាន​ទាំង​សាលារៀន មន្ទីរពេទ្យ រោងចក្រ។ល។ ចំណែក​ឯ​ប្រជាជន​ជាង ១៦​ម៉ឺន​នាក់​បន្ត​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​នេះ​នៅឡើយ។

ចំណែក​ឯ​របាយការណ៍​របស់​អ្នកស្រី Matilda Bogner តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស បាន​បញ្ចេញ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ចំនួន​មនុស្ស​ស្លាប់ និង​ការ​រង​ការ​វាយប្រហារ​ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន ទាំង​ទីក្រុង​តូច ទាំង​ទីក្រុង​ធំ និង​នៅ​តាម​ភូមិ​នានា​ទូទាំង​ប្រទេស​អ៊ុយក្រែន កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នកស្រី Matilda Bogner គឺជា​ប្រធាន​បេសកកម្ម​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី​សម្ដែង​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​សព្វាវុធ និង​គ្រឿងផ្ទុះ​វាយ​ប្រយុទ្ធ​គ្នា​លើ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​ពួកគេ​មិនព្រម​រត់​ចេញ​ពី​សហគមន៍ និង​លំនៅឋាន​ដែល​អ្នកស្រី​ថា​គឺជា​ការ​ងាយ​គ្រោះថ្នាក់​បំផុត។

បើ​តាម​អ្នកស្រី Bogner កងទ័ព​រុស្ស៊ី បាន​ប្រើប្រាស់​មីស៊ីល កាំភ្លើង​ត្បាល់​ធុន​ធ្ងន់ គ្រាប់​រ៉ុក្កែត និង​សព្វាវុធ និង​គ្រាប់បែក​ចង្កោម រួម​នឹង​ការ​វាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​ក៏​មាន​ការ​វាយប្រហារ​ទៅលើ​តំបន់​សហគមន៍​រស់នៅ​ច្រើន​កុះករ​ដែរ។

អ្នកស្រី​ពន្យល់​ថា លំនៅ​ឋាន​ឯកជន អគារ​ច្រើន​ជាន់ អគារ​រដ្ឋបាល មជ្ឈមណ្ឌល​សុខាភិបាល សាលារៀន ស្ថានីយ​បូម​ទឹក ប្រព័ន្ធ​អគ្គិសនី ហើយ​សូម្បី​ទីផ្សារ​ក៏​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី​ដែរ។

អ្នកស្រី Bogner បន្ថែម​ថា មិន​តែប៉ុណ្ណោះ កងទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដែល​ងាយ​សម្លាប់​មនុស្ស​បំផុត។ អ្នកស្រី​ថា​នេះ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។

អ្នកស្រី Bogner បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជាជន​រាប់​ពាន់​នាក់​ដែល​បាន​រត់​គេច​ពី​ទីក្រុង Mariupol និង​ទីក្រុង​នានា ត្រូវ​បាន​បញ្ជូន​ដោយ​បង្ខំ​ឱ្យ​ទៅ​ប្រទេស​រុស្ស៊ី ហើយ​ពួកគេ​អាច​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​រុស្ស៊ី។

អ្នកស្រី​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស បាន​រក​ឃើញ​កងទ័ព​រុស្ស៊ី​បាន​បាញ់ និង​សម្លាប់​ជនស៊ីវិល​នៅ​ក្នុង​រថយន្ត នៅ​ពេល​ពួកគេ​កំពុង​ជម្លៀស​មនុស្ស ដោយ​ពុំ​មាន​ការ​ព្រមាន​ជា​មុន​ឡើយ។ បន្ថែម​លើស​ពី​នេះ កងទ័ព​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​ក្នុង​អំឡុង​ពេល​ពួកគេ​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី ដែល​ចូល​កាន់កាប់​ទីក្រុង​របស់​ពួកគេ ជាពិសេស​នៅ​ទីក្រុង​កំពង់ផែ Mariupol។

លោក Vadym Boychenko អភិបាល​ក្រុង Mariupol និយាយ​ថា ៥០% នៃ​ប្រជាជន​សរុប​របស់​ទីក្រុង​មាន ៥៤​ម៉ឺន​នាក់ បាន​ភៀសខ្លួន ហើយ​ជិត ៣​ម៉ឺន​នាក់​ត្រូវ​កងទ័ព​រុស្ស៊ី ចាប់​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​នៅ​តំបន់​ណា​ដែល​កងទ័ព​រុស្ស៊ី​គ្រប់គ្រង​បាន​យ៉ាង​រឹងមាំ ខណៈ ១៦​ម៉ឺន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​រុស្ស៊ី។

ដោយ​មើល​ឃើញ​អំពី​កំណើន​ជនស៊ីវិល​ស្លាប់​កាន់តែ​ច្រើន​ឡើង តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​ដីកា​បង្គាប់​ទៅកាន់​របប​ក្រុង​មូស្គូ ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ដែល​តុលាការ​អន្តរជាតិ​នេះ​ចាត់ទុក​ថា សង្គ្រាម​នេះ​កងទ័ព​រុស្ស៊ី​កំពុងតែ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជា​ការ​បំបាត់​ជាតិសាសន៍​មួយ​ដែល​ហៅថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស