30 C
Phnom Penh

លោក ពូទីន ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត​ដល់​គោលដៅ​ហើយ ខណៈ​ឥណ្ឌា​ស្នើសុំ​បញ្ចប់​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ថា ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​សម្រេច​បាន​យ៉ាង​ពិតប្រាកដ​តាម​គោលបំណង​របស់​ខ្លួន​ដែល​លោក​អះអាង​ថា នឹង​ជិត​ដល់​គោលដៅ​ហើយ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​នៅ​កីឡដ្ឋាន Vostochny Cosmodrome នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី លោក ពូទីន និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​បើក​ប្រតិបត្តិការ​យោធា​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​នោះ​ទេ ហើយ​ថា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន គឺជា​រឿង​ដែល​មិន​អាច​ចៀស​រួច​ឡើយ។ ប៉ុន្តែ​លោក​ថា ផែនការ​របស់​លោក​ដើម្បី​បញ្ចប់​របប​យោធា​ណាហ្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន នឹង​ដើរ​ដល់​គោលដៅ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។

ចំពោះ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ចរចា​វិញ ជន​ផ្ដាច់ការ​នៃ​ប្រទេស​រុស្ស៊ី ថា​អ៊ុយក្រែន​មាន​ចិត្ត​មិន​ស្មោះ​នោះ​ទេ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម ដែល​លោក​ថា​ការ​ទាមទារ​របស់​ប្រទេស​អ៊ុយក្រែន​មាន​ភាព​មិន​ច្បាស់លាស់។ លោក​ព្រមាន​ថា ការ​ចរចា​ដើរ​ដល់​ចំណុច​ស្លាប់​ហើយ។

បើ​តាម​លោក ពូទីន ភាគី​អ៊ុយក្រែន​បាន​កែប្រែ​ការ​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ចេះ​ចប់​ឡើយ។ ភាព​មិន​ស៊ីសង្វាក់​គ្នា​នៃ​ចំណុច​សំខាន់ៗ បាន​នាំ​ឱ្យ​មាន​ការ​លំបាក​មួយ​ចំនួន​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ព្រមព្រៀង​ចុងក្រោយ។

ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​ក៏​ឆ្លៀត​វាយប្រហារ​ពួក​បស្ចិម​ប្រទេស​ដែរ។ លោក​ចំអក​ថា អតិផរណា និង​ការ​កើនឡើង​នៃ​តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ​នៅ​ក្នុង​បណ្ដា​បស្ចិម​ប្រទេស នឹង​ចាប់ផ្ដើម​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ​របស់​ប្រទេស​ទាំងនោះ។ ជាមួយ​គ្នា​នេះ លោក ពូទីន ក៏​បាន​ផ្ញើ​សារ​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​ថា ការ​ប៉ុនប៉ង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​រុស្ស៊ី​នៅ​ឯកោ នឹង​ទទួល​បរាជ័យ។

លោក​ព្រមាន​ដូច​នេះ ដោយ​លើក​យក​ភាព​ជោគជ័យ​របស់​កម្មវិធី​ដែន​អវកាស​របស់​សូវៀត មក​ធ្វើ​ជា​ភស្តុតាង​ថា រុស្ស៊ី​អាច​សម្រេច​បាន​ដ៏​អស្ចារ្យ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ស្ថានភាព​នៅ​លើ​ពិភព​ផ្សេងៗ​នៃ​គន្លង​ផែនដី។ លោក ពូទីន ព្រមាន​ថា ការ​ដាក់​ទណ្ឌកម្ម​សំដៅ​កាត់ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ គឺ​ពួក​លោក​ខាងលិច​បាន​ធ្វើឡើង​រួចរាល់​ហើយ ប៉ុន្តែ​សហភាព​សូវៀត​នៅតែ​នាំមុខ​ផ្នែក​អវកាស។

សម្រាប់​សហរដ្ឋ​អាមេរិក កំពុងតែ​កៀរគរ​កម្លាំង​ថែម​ទៀត​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ជួប​សន្ទនា​គ្នា​តាមរយៈ​បណ្ដាញ​អ៊ីនធឺណិត។ ក្នុង​ជំនួប​នេះ មេដឹកនាំ​ទាំង​ពីរ​បាន​ដោះដូរ​ទស្សនៈ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែល​តាមដាន​ការ​សន្ទនា​គ្នា​រវាង​លោក បៃដិន និង​លោក Modi បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​ជំនួប​ថា៖ ជា​ការ​សំខាន់​ដែល​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែល​មាន​ឥទ្ធិពល និង​មាន​ប្រៀប គួរ​ត្រូវ​ចូលរួម​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

តែ​ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​និយាយ​ថា លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy។ លោក​យល់​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​លក្ខណៈ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង។ លោក Modi ចង់​ឃើញ​រុស្ស៊ី និង​អ៊ុយក្រែន ទៅ​រក​ការ​បញ្ចប់​សង្គ្រាម។

ដោយឡែក​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​បន្ត​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ទាំងអស់ និង​ប្រេងឥន្ធនៈ​របស់​ប្រទេស​រុស្ស៊ី ដោយ​ដាក់​កាលបរិច្ឆេទ​កំណត់​ដើម្បី​បញ្ឈប់​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។ លោក​លើកឡើង​ដូច្នេះ​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ទៅកាន់​សភា​ប្រទេស​លីទុយអានី កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ។

សម្រាប់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន លោក Oleksandr Motuzyanyk បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដោយ​លោក​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​នឹង​បើក​ការ​វាយប្រហារ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ មេសា នេះ សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ៤៩​ថ្ងៃ​ហើយ។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ផ្លោង​ដាក់​តំបន់ Donetsk និង​តំបន់ Luhansk នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន តែ​លោក​ថា​កងទ័ព​អ៊ុយក្រែន​បាន​វាយ​រុញច្រាន​ទៅវិញ​ជាច្រើន​ដង ដោយ​ធ្វើ​ឱ្យ​រថក្រោះ រថយន្ត​ដឹក​យោធា និង​កាំភ្លើង​ធំ​របស់​រុស្ស៊ី​ជាច្រើន​រង​ការ​បំផ្លាញ។

ចំពោះ​ឧត្តម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស បាន​បញ្ជាក់​ថា ជនភៀសខ្លួន​អ៊ុយក្រែន​កើនឡើង​ជាង ៤​លាន ៥​សែន​នាក់។ ពួកគេ​បាន​ភៀសខ្លួន​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស