32.5 C
Phnom Penh

UN យល់ព្រម​ឲ្យ​ស៊ើបអង្កេត​រឿង​រុស្ស៊ី​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន​ដែល​ជា​ជា​ប្រទេស​កុម្មុយនីស្ត ប៉ុន្តែ​មហាអំណាច​មួយ​នេះ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​ដើម​ភាគតិច​អ៊ុយហ្គឺ (Uyghurs) នៅ​តំបន់​ស៊ីនជាំង នៃ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន។

ប្រទេស​ដ៏​ធំ​នេះ​កម្រ​ជួយ​ប្រទេស​ណា​មួយ​ដែល​ធ្លាក់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ណាស់។ កាល​ដែល​កម្ពុជា​ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ចិន​ត្រូវ​បាន​ពួក​លោក​ខាងលិច​ចោទ​ថា​មាន​ទំនាក់ទំនង​ជាមួយ​របប​ព្រៃផ្សៃ​នេះ។ ជាថ្មី​ម្ដង​ទៀត ប្រជាមានិត​ចិន​បាន​បោះឆ្នោត​ជំទាស់​ការ​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សម្រេច​បង្កើត​ការ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី ទៅលើ​ប្រជាជន​អ៊ុយក្រែន។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា ដើម្បី​បង្កើត​ការ​ស៊ើបអង្កេត​លើ​ករណី​ដែល​អាច​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​នេះ​ក្នុង​សំឡេង​ភាគច្រើន​លើសលប់ ដើម្បី​បញ្ជា​ឱ្យ​គណៈកម្មការ​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​ករណី​នៃ​ការ​សម្លាប់​រង្គាល​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​គៀវ និង​តំបន់​ផ្សេងៗ​ទៀត​ដូចជា​តំបន់ Sumy ជាដើម។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅក្នុង​ការ​បោះឆ្នោត​សម្រេច​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន គឺ​មាន ២​ប្រទេស​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ដំណោះស្រាយ​នេះ ហើយ​ក្នុង​នោះ​មាន​ប្រទេស​ចិន​មួយ​ដែរ។ តែ​ក្នុង​នោះ​មាន​ប្រទេស ១២​ទៀត​បោះឆ្នោត​អនុប្បវាទ ខណៈ ៣៣​ប្រទេស​បោះឆ្នោត​គាំទ្រ។ ប្រទេស​ដែល​ចូលរួម​បោះឆ្នោត​ជំទាស់​ដូច​ចិន​ដែរ គឺ​ប្រទេស Eritrea ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក។

ប្រទេស​ចិន ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​ការ​ស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​កើតមាន​នៅ​ភាគ​ខាងជើង​អ៊ុយក្រែន ដោយ​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា ការ​ស៊ើបអង្កេត​នេះ គឺ​មាន​ហេតុផល​នយោបាយ។

មន្ត្រី​ការទូត​របស់​ចិន ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Chen Xu បាន​ថ្លែង​ថា ចិន​កត់សម្គាល់​ឃើញ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នយោបាយ​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ក្រុមប្រឹក្សា​នេះ​មាន​ការ​កើនឡើង ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត និង​ភាព​ឥត​លម្អៀង​របស់​ស្ថាប័ន​នេះ។ លោក​បន្ថែម​ថា ការ​ស៊ើបអង្កេត​ជាក់ស្តែង​នឹង​រួម​បញ្ចូល​តែ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រុស្ស៊ី​ប៉ុណ្ណោះ។ តាម​អ្នក​ការទូត​ចិន​រូប​នេះ គឺ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស គឺ​ដូច​យក​សាំង​ជះ​លើ​ភ្លើង។

ជំហរ​របស់​តំណាង​ប្រទេស​ចិន ធ្វើឡើង​នៅ​មុន​បន្តិច​ប៉ុណ្ណោះ​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សម្រេច​បោះឆ្នោត ដើម្បី​អនុម័ត​លើ​ដំណោះស្រាយ​ដែល​បើក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន។

ដោយឡែក​អ្នក​ការទូត​របស់​ទីក្រុង​មូស្គូ ប្រចាំ​នៅ​ប្រទេស​ស្វីស ជា​ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មក​ការពារ​ខ្លួន ព្រោះ​តែ​អាសនៈ​របស់​រុស្ស៊ី​ត្រូវ​បាន​ព្យួរ​ហើយ​នោះ គឺ​ឯកអគ្គរដ្ឋទូត លោក Gennady Gatilov បាន​រិះគន់​សេចក្ដី​សម្រេច​នេះ។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera លោក Gatilov បាន​រិះគន់​ដូចនេះ​នៅ​ពេល​លោក​ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters តាមរយៈ​អ៊ីមែល។ លោក​បាន​ចោទ​លោក​ខាងលិច​ថា​កំពុង​រៀបចំ​ផ្លូវ​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ចុះ​ខ្សោយ​ច្រើនជាង​ការ​លើកឡើង​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​វិបត្តិ​អ៊ុយក្រែន។

នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏​បាន​អំពាវនាវ​ប្រាប់​ទៅ​រុស្ស៊ី បើក​ផ្លូវ​ឱ្យ​ភ្នាក់ងារ​មនុស្សធម៌​បាន​ចូល​ទៅ​ជួយ​ជម្លៀស​ជនស៊ីវិល​ឱ្យ​បាន​ចាកចេញ​ពី​ទីតាំង​ដែល​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន។ តែ​ជា​ការ​កត់សម្គាល់​របស់​អ្នក​សង្កេតការណ៍ គឺ​ប្រទេស​ចិន មិន​មែន​ត្រឹមតែ​លើកដំបូង​នេះ​ទេ​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សំឡេង​ភាគច្រើន​របស់​សហគមន៍​អន្តរជាតិ ដែល​ត្រូវ​រួម​គ្នា​ប្រឆាំង​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នៅ​ក្នុង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ដើម​ខែ​មេសា ដែល​សម្រេច​ព្យួរ​អាសនៈ​របស់​រុស្ស៊ី នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏​ប្រទេស​ចិន​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ​ដែរ។ តែ​ទីបំផុត មហាសន្និបាត​នៅតែ​រក​សំឡេង​ភាគច្រើន​បាន​ក្នុង​ការ​ព្យួរ​អាសនៈ​របស់​រុស្ស៊ី។

សម្រាប់​ចិន បច្ចុប្បន្ន​នេះ កំពុង​ជាប់​អង្កេត​ពី​បទ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​ភាគតិច​អ៊ុយហ្គឺ (Uyghurs) កាន់​សាសនា​អ៊ីស្លាម​នៅ​តំបន់​ស៊ីនជាំង (Xinjiang) ភាគ​ពាយព្យ​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស