29 C
Phnom Penh

កម្ពុជា​ស្នើ​ឱ្យ​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​សុពលភាព ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ឡើងវិញ ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​វិស័យ​នានា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់ពី​ហួស​សុពលភាព​ជិត ២​ឆ្នាំ។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លងទៅ លោក​សង្ឃឹម​ថា អាមេរិក​នឹង​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ឡើងវិញ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អេនតូនី ប្លីងខេន បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​អាមេរិក​ក្នុង​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា និង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និង​សង្គម-វប្បធម៌។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​ឧទាហរណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​វិជ្ជមាន​ដ៏​ល្អ​ប្រសើរ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ត្រី។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) របស់​អាមេរិក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ពេលនេះ បន្ទាប់ពី​កម្ពុជា​ត្រូវ​រង​នូវ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នា​ពេល​កន្លងមក។

សហរដ្ឋ​អាមេរិក គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​យក​ទៅ​លក់​ដែល​ផ្តល់​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​ហៅ​កាត់​ថា (GSP) ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ទំនិញ​ចំនួន​ជាង ៥​ពាន់​មុខ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធគយ ដែល​កម្ពុជា​អាច​ចំណេញ​ពី​ការ​បង់​ពន្ធគយ​នេះ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

យ៉ាងណាក៏ដោយ កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​មក​កម្ពុជា ត្រូវ​បាន​ហួស​សុពលភាព​តាំងពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ មក​ម្ល៉េះ ហើយ​ការ​ហួស​សុពលភាព​នេះ បាន​ប៉ះពាល់​ទៅលើ​អ្នកបញ្ជា​ទិញ​ដែល​តម្រូវ​ឱ្យ​បង់​ពន្ធ​នាំចូល​ទៅកាន់​សហរដ្ឋ​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​នឹង​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) មក​ឱ្យ​កម្ពុជា​សាជាថ្មី ប៉ុន្តែ​ការ​ផ្តល់​ជូន​ដល់​កម្ពុជា​សាជាថ្មី​នេះ គឺ​ត្រូវ​ត្រួតពិនិត្យ​ដោយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា​ដោយ​ផ្ទាល់​ជា​មុន​សិន។

រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២០ កន្លងទៅ​ថា កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​ជា ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ក្នុង​នោះ​ទំហំ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក​មិន​ត្រូវ​បាន​គិត​ពន្ធ​នោះ​ទេ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក​នេះ។

កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក Generalized System of Preferences ដែល​ហៅ​កាត់​ថា (GSP) បាន​ផ្តល់​ឱកាស​សម្រាប់​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក​ជាច្រើន​ប្រើប្រាស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​នេះ ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់​ពួកគេ​ឲ្យ​ងើប​ចេញពី​ភាព​ក្រីក្រ។ កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ គឺជា​កម្មវិធី​អនុគ្រោះ​ពន្ធ​ដ៏​ធំ និង​ចំណាស់​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ក្រីក្រ ដោយ​ការ​លុបបំបាត់​ការ​យក​ពន្ធ​លើ​ផលិតផល​រាប់​ពាន់​មុខ​នៅពេល​ប្រទេស​ទាំងនោះ​នាំចូល​មក​កាន់​ទីផ្សារ​អាមេរិក។

ទាក់ទិន​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ សមាជិក​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ បាន​ស្នើ​ទៅកាន់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧​ប្រទេស ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ដោយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង ប្រសិនបើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស