32.5 C
Phnom Penh

សហ​មេធាវី​ថា​តុលាការ​មិន​ហ៊ាន​ចោទ​សួរ​លើ​អង្គហេតុ​រដ្ឋ​បរទេស​ឃុបឃិត​ជាមួយ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​តុលាការ​នៅតែ​មិន​ហ៊ាន​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ​ទាក់ទង​ទៅ​នឹង​រដ្ឋ​បរទេស​មួយ​ណា​ដែល​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លើក​ទី​៤២ លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​មួយ​ព្រឹក​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ថា សហ​មេធាវី​ការពារ​ក្តី​ទាំងអស់​របស់​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ ប៉ុន្តែ​តុលាការ​បែរ​ជា​ព្យាយាម​ចោទ​សួរ​លើ​ខ្លឹមសារ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​តុលាការ​បាន​កាត់​ជា​កង់ៗ​ប្រវែង ១៦​នាទី​ម្តង ដើម្បី​សាកសួរ​លោក កឹម សុខា ពី​ខ្លឹមសារ​ដែល​គាត់​បាន​និយាយ​នោះ​ទៅវិញ។

លោក ចាន់ ចេន ត្អូញត្អែរ​ថា រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​មិន​ដែល​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​ជា​លាយលក្ខណ៍​អក្សរ ឬ​កិច្ចព្រមព្រៀង​សម្ងាត់​ណា​មួយ​នៅឡើយ​ទេ ថា​កូន​ក្តី​របស់​លោក​បាន​ចុះ​កិច្ចសន្យា​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​បង្កើត​ផែនការ​ក្បត់ ក្រៅ​តែ​ពី​ធ្វើ​បទ​ចោទ​ដោយ​ផ្អែក​លើ​វីដេអូ​ប្រវែង​ជាង ២​នាទី​របស់​មេធាវី​ដើមបណ្ដឹង​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ដែល​មាន​រយៈពេល​ជាង ១​ម៉ោង​នោះ។

លោក​បញ្ជាក់​ថា អ្វីៗ​ដែល​លោក កឹម សុខា បាន​ធ្វើ​គឺ​សុទ្ធតែ​ជា​កិច្ចការ​ស្រប​ច្បាប់​ទាំងអស់ និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។ ដោយឡែក​រដ្ឋាភិបាល​ក៏​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បរទេស​ជាច្រើន​ដែរ​ដើម្បី​ប្រទេស​ជាតិ។ ដូច្នេះ​អ្វី​ដែល​លោក កឹម សុខា បាន​ធ្វើ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ស្អាតស្អំ​របស់​លោក មិនមែន​ដូច​ការ​ចោទប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​នោះ​ឡើយ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បកស្រាយ​ក្រោយពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ចំណារ​លើ​ទំព័រ​ហ្វេសប៊ុក​កន្លងមក​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​លើកឡើង​នៅ​សហរដ្ឋ​អាមេរិក គឺ​គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​សាធារណជន​បាន​ដឹង​ថា កន្លងមក ទាំង​រាជរដ្ឋាភិបាល​ក្តី ទាំង​តុលាការ​ក្តី មិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក ឬ​រដ្ឋ​បរទេស​ណា​មួយ​ក្នុង​សំណុំរឿង​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​លោក កឹម សុខា ខ្លួនឯង​ដែល​និយាយ​ភ្ជាប់​សហរដ្ឋ​អាមេរិក និង​រដ្ឋ​បរទេស​ចូល​ទៅ​ក្នុង​សំណុំរឿង​នេះ។ លោក​បន្ត​ថា បើ​រដ្ឋ​បរទេស​ណា​មិន​សុខចិត្ត​នឹង​លោក កឹម សុខា គឺ​ត្រូវ​តវ៉ា​ជាមួយ​លោក។

តំណាង​អយ្យការ លោក ផ្លុង សុផល បាន​ចោទ​សួរ​លោក កឹម សុខា ក្នុង​អំឡុង​ពេល​សវនាការ​នៅ​ថ្ងៃទី​១ ខែ​មិថុនា នេះ​ជាច្រើន​សំណួរ ខណៈ​លោក កឹម សុខា នៅតែ​បង្ហាញ​ជំហរ​រឹងមាំ​ដដែល​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រុក​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​ពេល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅឡើយ។ ក្រោយពី​មាន​សម្ពាធ និង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់ តុលាការ​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដែរ។

បើ​ទោះបីជា​អស់​រយៈពេល​ជាង ៤​ឆ្នាំ​នៃ​ការ​រឹតត្បិត​សេរីភាព​លោក កឹម សុខា ដោយ​មិន​ទាន់​អាច​កាត់ទោស​ពី​បទល្មើស​ណា​មួយ​ក៏ដោយ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដក​ហូត​យក​កៅអី​តំណាងរាស្ត្រ​របស់​បក្ស​នេះ​ទាំងអស់ ព្រមទាំង​យក​កៅអី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ប្រឆាំង​ជាង ៥​ពាន់​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ថែម​ទៀត។ លើស​ពី​នេះ​ទៀត តុលាការ​ប្រទេស​កម្ពុជា​ក៏​មិន​ដែល​កោះហៅ​រដ្ឋ​បរទេស​ដែល​ខ្លួន​បាន​ចោទប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ​ម្តង​ណា​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ មេធាវី​តំណាង​រាជរដ្ឋាភិបាល​ដែល​ជា​ដើមបណ្តឹង គឺ​លោក គី តិច ធ្លាប់​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា មាន​ប្រទេស​ចំនួន​៩ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ក្នុង​នោះ​មាន៖

  • ឥណ្ឌូនេស៊ី (Indonesia)
  • យូហ្គោស្លាវី (Yugoslavia)
  • ស៊ែប៊ី (Serbia)
  • អូស្ត្រាលី (Australia)
  • សហរដ្ឋ​អាមេរិក (USA)
  • កាណាដា (Canada)
  • សហភាព​អឺរ៉ុប (EU)
  • តៃវ៉ាន់ (Taiwan)
  • និង​ឥណ្ឌា (India) ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស