30.4 C
Phnom Penh

GDP គ្រោង​បង្កើត​គណៈកម្មាធិការ​ឃ្លាំមើល​ការ​ដឹកនាំ​របស់​មេឃុំ-ចៅសង្កាត់​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) នឹង​បង្កើត​គណៈកម្មាធិការ​ឃ្លាំមើល​ការ​អនុវត្ត​ការ​ដឹកនាំ​មេឃុំ-ចៅសង្កាត់​អាណត្តិ​ថ្មី​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ពួកគេ​នឹង​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​តាម​ការ​សន្យា​ជូន​ពលរដ្ឋ​ដែរ​ឬ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា លោក​អបអរ​សាទរ​ដល់​គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប៉ុន្តែ​លោក​ក៏​នឹង​តាមដាន​ថា តើ​មេឃុំ និង​ចៅសង្កាត់​អាណត្តិ​ថ្មី​នឹង​អនុវត្ត​គោលនយោបាយ ឬ​ទិសដៅ​សំខាន់ៗ​ទាំង ៧​ចំណុច​របស់​ខ្លួន​ដូច​ការ​សន្យា​កាល​ពី​ពេល​ឃោសនា​បោះឆ្នោត​ដែរ​ឬ​ក៏​អត់។

បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ​ឱ្យ​មេឃុំ-ចៅសង្កាត់​អាណត្តិ​ថ្មី​របស់​បក្ស​កាន់​អំណាច គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សមាជិក​គណបក្ស​ដែល​មិន​មាន​អាសនៈ​នៅ​ក្នុង​ឃុំ-សង្កាត់ នៅ​ពេល​ដែល​ពួកគេ​តាមដាន និង​ឃ្លាំមើល ឬ​រិះគន់​ជា​សាធារណៈ​នូវ​ការ​អនុវត្ត​គោលនយោបាយ​ដែល​គណបក្ស​កាន់​អំណាច​បាន​សន្យា​ដូច​បាន​ចែង​ក្នុង​ចំណុច​នីមួយៗ​នៃ​ទិសដៅ​ទាំង ៧​ចំណុច​របស់​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​បង្កើត​គណៈកម្មាធិការ​ឃ្លាំមើល​ការ​អនុវត្ត​នូវ​ការ​សន្យា​របស់​មេឃុំ-ចៅសង្កាត់​អាណត្តិ​ថ្មី​របស់​គណបក្ស​ដែល​ដឹកនាំ​ឃុំ-សង្កាត់​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ផលប្រយោជន៍​ឃុំ-សង្កាត់​សម្រាប់​ពលរដ្ឋ​គ្រប់​រូប។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​តាមដាន​នូវ​ការ​អនុវត្ត​ដឹកនាំ​ឃុំ-សង្កាត់​របស់​បក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥ នេះ។

អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​រយៈពេល ១៤​ថ្ងៃ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ គណបក្ស​កាន់​អំណាច​បាន​ផ្សព្វផ្សាយ​អំពី​ទិសដៅ​ធំៗ​នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​សម្រាប់​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ​២០២៧ ក្នុង​ការ​ដឹកនាំ​រយៈពេល ៥​ឆ្នាំ​របស់​ខ្លួន ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ឱ្យ​បាន​ល្អ​ប្រសើរ។

ទិសដៅ​ធំៗ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​សម្រាប់​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ​២០២៧ របស់​បក្ស​កាន់​អំណាច រួម​មាន មេឃុំ​ទាំងអស់​ត្រូវ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​សេរីភាព​របស់​ពលរដ្ឋ រៀបចំ​ឃុំ-សង្កាត់​ឱ្យ​មាន​របៀប​រៀបរយ ធានា​នូវ​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព។ ជាង​នេះ​ទៀត មេឃុំ​របស់​ខ្លួន​ទាំងអស់​ត្រូវ​លើកស្ទួយ​ជីវភាព​របស់​ពលរដ្ឋ បង្កើន​ការងារ លើក​កម្ពស់​ការ​គាំពារ​សង្គម លើក​កម្ពស់​យុត្តិធម៌​សង្គម និង​គណនេយ្យភាព​ជូន​ពលរដ្ឋ ព្រមទាំង​ធានា​នូវ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន​តាម​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ និង​ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ឱ្យ​បាន​ដាច់ខាត​ថែម​ទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​ពិធី​ចែក​សញ្ញាបត្រ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​បំពេញ​កិច្ចការ​ឱ្យ​ទាន់​ពេលវេលា​ជូន​ពលរដ្ឋ ចៀសវាង​ពលរដ្ឋ​ចោទ​ថា​មុន​បោះឆ្នោត​និយាយ​ផ្សេង និង​ក្រោយ​បោះឆ្នោត​និយាយ​ផ្សិង ដែល​នាំ​ឱ្យ​មាន​រិះគន់​ថា​គណបក្ស​កាន់​អំណាច​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​បាន​តែ​មុន​បោះឆ្នោត​ប៉ុណ្ណោះ។ ជាក់ស្តែង ការ​សន្យា​របស់​ពួកគេ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លះ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត ពួកគេ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ទម្លាប់​របស់​បក្ស​កាន់​អំណាច​ដែល​ធ្វើឡើង​ធ្លាប់​អស់​រយៈពេល​ជាច្រើន​អាណត្តិ​មក​ហើយ​ក្នុង​ការ​ដឹកនាំ​របស់​ពួកគេ។

ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្ត​ទី​៧ នឹង​ឈាន​មក​ដល់​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ដូច្នេះ​គណបក្ស​កាន់​អំណាច​ក៏​កំពុង​ត្រៀម​យកចិត្ត​យក​ថ្លើម​ពលរដ្ឋ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្រោយ​ការ​បោះឆ្នោត បក្ស​កាន់​អំណាច​អាច​ក្បត់​ការ​សន្យា​របស់​ខ្លួន​ដូច​អាណត្តិ​មុនៗ​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស