42.2 C
Phnom Penh

អាមេរិក​ព្រមាន​កម្ពុជា​ថា​នឹង​ជួប​ផលវិបាក បើ​ទ័ព​ចិន​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​សន្តិសុខ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet បាន​ធ្វើការ​ព្រមាន​ថា ប្រសិន​ចិន​ពិត​ជា​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ពិត​មែន​នោះ គឺ​កម្ពុជា​ជៀស​មិន​រួច​ពី​ការ​ប្រឈម​នឹង​ផលវិបាក​ជា​ពុំ​ខាន​ឡើយ។

លោក Derek Chollet បាន​ផ្ដល់​ការ​ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Nikkei Asia ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។

លោក Derek Chollet បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាមេរិក​ក៏​ជា​មិត្ត​នឹង​កម្ពុជា​ដែរ តែ​បើ​មាន​ការ​លាក់លៀម គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​បន្ត​ថា ប្រសិនបើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន គឺ​អាមេរិក​សូម​ព្រមាន​ទុក​ជា​មុន​ថា កម្ពុជា​នឹង​ជួប​ផលវិបាក ហើយ​ផលវិបាក​នោះ គឺ​កើត​ចេញពី​ភាព​មិន​ស្មោះត្រង់​របស់​កម្ពុជា។

ប្រតិកម្ម​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ធ្វើឡើង​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​សម្ពោធ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ ដែល​លោក Derek Chollet អះអាង​ថា មូលដ្ឋាន​នេះ​អាច​ស្ថិត​នៅ​ក្រោម​កិច្ចសន្យា​របស់​ចិន និង​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​របស់​ចិន។

បើ​តាម​លោក Chollet មូលដ្ឋាន​ទ័ព​ចិន​នៅ​ឆ្នេរ​រាម​កម្ពុជា គឺ​ចិន​មាន​ផែនការ​ធ្វើ​ឱ្យ​មាន​តុល្យភាព និង​ពង្រីក​កម្លាំង​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​ដោយ​តភ្ជាប់​នឹង​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ មិន​តែប៉ុណ្ណោះ លោក​ថា​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា ក៏​ជា​បណ្ដាញ​តភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ប្រទេស​ផ្សេងៗ​ទៀត។

នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី-ប៉ាស៊ីហ្វិក ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​១២ ខែ​មិថុនា រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមភាគី​ចិន​ថា រដ្ឋការ​លោក បៃដិន បាន​ប្ដេជ្ញា​ចិត្ត​ថា អាមេរិក និង​សម្ពន្ធមិត្ត​ក្នុង​តំបន់ បាន​សម្រេច​ឈរ​លើ​គោលការណ៍​រួម​គ្នា​ក្នុង​ការ​ធានា​សន្តិសុខ​ក្នុង​តំបន់ និង​សមុទ្រ​ចិន​ខាងត្បូង​ឱ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ។

ក្រោយ​ពី​បញ្ចប់​ការ​ចូលរួម​វេទិកា​ស្តីអំពី​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក Lloyd Austin បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ។ កាលពី​ថ្ងៃទី​១៣ មិថុនា លោក Lloyd Austin បាន​ជួប​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា។ ក្នុង​ជំនួប​នោះ លោក ប្រាយុទ្ធ សន្យា​ជួយ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់ ដែល​ភាគី​ទាំង​ពីរ​ឈរ​លើ​គោលការណ៍​ព្រមព្រៀង​គ្នា​ហើយ​នោះ។

លោក Chollet សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​មាន​សម្ពន្ធមិត្ត​ក្នុង​តំបន់​នេះ​ជាច្រើន​ដែល​អាច​ឆ្លើយតប​នឹង​ចិន​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់ តែ​លោក​ថា​អាមេរិក​មិន​ចង់​ឃើញ​កម្ពុជា​ជួប​ផលវិបាក​នោះ​ទេ។

តើ​ផលវិបាក​អ្វី​ខ្លះ​ដែល​កម្ពុជា​អាច​ប្រឈម​នឹង​វិធានការ​របស់​អាមេរិក បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ទ័ព​ចិន​មាន​មូលដ្ឋាន​នៅ​លើ​ឆ្នេរ​រាម​ប្រទេស​កម្ពុជា?

ផលវិបាក​ទាំងនោះ​រួម​មាន៖

  • ទី​១ ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់ ដូចជា​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ការ​កាត់បន្ថយ​គម្រោង​វិនិយោគ ការ​បន្ថយ​ជំនួយ​ផ្សេងៗ និង​ជំនួយ​ពាក់ព័ន្ធ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ការ​កាត់បន្ថយ​ទំនាក់ទំនង​ការទូត។
  • ទី​២ អាមេរិក​អាច​ស្នើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ដែល​បារម្ភ​អំពី​វត្តមាន​ទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា ចូលរួម​នឹង​អាមេរិក​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​លើ​កម្ពុជា ហើយ​ជាមួយ​គ្នា​នេះ អាមេរិក​នឹង​ស្នើ​ឲ្យ​ប្រទេស​សម្ពន្ធមិត្ត​សំខាន់ៗ​របស់​អាមេរិក​នៅ​លើ​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​នឹង​កម្ពុជា ត្រូវ​បន្ថយ​សហប្រតិបត្តិការ​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការទូត។
  • ទី​៣ អាមេរិក​អាច​នឹង​ទទួល​បាន​ការ​យល់ព្រម​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ និង​ក្នុង​ដែនទឹក​វៀតណាម នៅ​កោះត្រល់​ដែល​វៀតណាម​ហៅ​ថា​កោះ​ភូកុក។

ជាង​មួយ​ទសវត្ស​មក​នេះ ចិន​បាន​ស្ថាបនា​កោះ​សិប្បនិម្មិត​ជាង ១០​កោះ​នៅ​ប្រជុំ​កោះ​ស្ព្រាតលី និង​ប៉ារ៉ាហ្សែល។ កោះ​ទាំងនោះ​បាន​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​រួច​ទៅ​ហើយ ដោយ​ចិន​បាន​ដាក់​ពង្រាយ​ទ័ព​កាំជ្រួច ទ័ព​កាំភ្លើងធំ និង​យន្តហោះ​ចម្បាំង។ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​មាន​នាវាចម្បាំង​ជាច្រើន​គ្រឿង​កំពុង​បណ្ដែត​ខ្លួន​ក្នុង​ដែនទឹក​នៃ​ប្រទេស​ហ្វីលីពីន និង​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។

នាវា​អាមេរិក​ទាំងនោះ​ដែល​ដាក់​ពង្រាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ទី​មួយ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ និង​ទី​ពីរ អាមេរិក​មាន​ផែនការ​ជួយ​ពង្រឹង​សមត្ថភាព​របស់​កងទ័ព​ប្រទេស​វៀតណាម និង​ហ្វីលីពីន និង​ប្រទេស​ម៉ាឡេស៊ី ដែល​ដែនទឹក​របស់​ប្រទេស​បី​នេះ​តែងតែ​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​កង​នាវា​ល្បាត​របស់​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស